កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ប្រាប់ PSG ថាគេនឹងចាកចេញក្រោយបញ្ចប់រដូវកាល
× ខ្សែប្រយុទ្ធ Kylian Mbappe ប្រធានក្រុមជម្រើសជាតិបារាំង និយាយប្រាប់ក្លិប Paris Saint Germain ថា រូបគេនឹងចាកចេញពីក្លិបនៅខែកក្កដា ឆ្នាំ២០២៤ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយរួមរស់អស់រយៈពេល ៧ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Athletic នាថ្ងៃទី១៥ ខែកុម្ភៈ។
មួយរយៈចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងរបស់អេស្ប៉ាញជាដើម បានផ្សាយថា Mbappe បានឈាន ដល់កិច្ចព្រមព្រៀង ការផ្ទេរទៅកាន់ក្លិបយក្ស Real Madrid បន្ទាប់ពីបញ្ចប់រដូវកាល ២០២៣-២០២៤ ជាមួយក្លិប PSG។
«Mbappe បានទាក់ទងទៅក្លិប PSG ដើម្បីប្រាប់ពីការសម្រេចចិត្តរបស់គេ ប៉ុន្តែលក្ខខណ្ឌនៃការចាកចេញ មិនទាន់ត្រូវបានយល់ព្រមនៅឡើយទេ។ ការប្រកាសផ្លូវការ ត្រូវបានគេរំពឹងថាធ្វើឡើងនៅប៉ុន្មានខែខាងមុខ។»។ នេះបើតាមរបាយការណ៍របស់កាសែត The Athletic។
ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ ដែលបានជួយបារាំងឈ្នះពាន World Cup កាលពីឆ្នាំ ២០១៨ បានចូលរួមជាមួយក្លិបយក្សរបស់បារាំង ក្នុងខែសីហា ឆ្នាំ២០១៧ និងបានជួយក្លិបឈ្នះពានរង្វាន់ Ligue ៥លើក។ រៀងរាល់រដូវកាល Mbappe តែងរកបានគ្រាប់បាល់ក្នុងលីគជាង ២០គ្រាប់ សម្រាប់ក្រុម PSG។
យ៉ាងណាក៏ដោយអនាគតរបស់ Mbappe មិនទាន់អាចកំណត់បាននៅឡើយ ខណៈកីឡាករសញ្ជាតិបារាំងក៏មិនបន្តកុងត្រាជាមួយ PSG ទៀត ក្រោយចប់រដូវកាល ២០២៣-២០២៤។
Mbappe ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលះបង់ប្រាក់រង្វាន់បន្ថែមលើខ្លួនគេប្រមាណ ១០០លានអឺរ៉ុប (១១០លានដុល្លារ) ជាថ្នូរក្នុងការការពារដល់ក្លិប PSG ប្រសិនគេចាកចេញដោយគ្មានតម្លៃខ្លួន។
កន្លងមកសំណើរបស់ក្លិបអធិរាជសដែលធ្វើឡើងតាំងពីឆ្នាំ ២០២១ ក៏ធ្លាប់ត្រូវបាន Mbappe បដិសេធ ស្របពេលដែលកាលនោះមានរឿងរ៉ាវមិនល្អជាមួយក្លិប PSG រហូតដល់ឆ្នាំ ២០២២ រឿងទាក់ទងនឹងការចុះកិច្ចសន្យារវាងភាគីទាំងពីរក៏កើតឡើងជាថ្មីជាមួយនឹងតម្លៃកើនឡើង តែនៅតែត្រូវបាន PSG រារាំង៕
Tag:
Kylian Mbappe
Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com