កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ប្រាប់ PSG ថាគេនឹងចាកចេញក្រោយបញ្ចប់រដូវកាល
16, Feb 2024 , 3:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Kylian Mbappe ប្រធានក្រុមជម្រើសជាតិបារាំង និយាយប្រាប់ក្លិប Paris Saint Germain ថា រូបគេនឹងចាកចេញពីក្លិបនៅខែកក្កដា ឆ្នាំ២០២៤ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយរួមរស់អស់រយៈពេល ៧ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Athletic នាថ្ងៃទី១៥ ខែកុម្ភៈ។



មួយរយៈចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងរបស់អេស្ប៉ាញជាដើម បានផ្សាយថា Mbappe ​បានឈាន ដល់កិច្ចព្រមព្រៀង ​ការផ្ទេរទៅកាន់ក្លិបយក្ស Real Madrid បន្ទាប់ពីបញ្ចប់រដូវកាល ២០២៣-២០២៤ ជាមួយក្លិប PSG។
 
«Mbappe បានទាក់ទងទៅក្លិប PSG ដើម្បីប្រាប់ពីការសម្រេចចិត្តរបស់គេ ប៉ុន្តែលក្ខខណ្ឌនៃការចាកចេញ មិនទាន់ត្រូវបានយល់ព្រម​នៅឡើយទេ។ ការប្រកាសផ្លូវការ ត្រូវបានគេរំពឹងថាធ្វើឡើងនៅប៉ុន្មានខែខាងមុខ។»។ នេះបើតាមរបាយការណ៍របស់កាសែត The Athletic។
 
ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ ដែលបានជួយបារាំងឈ្នះពាន World Cup កាលពីឆ្នាំ ២០១៨ បានចូលរួមជាមួយក្លិបយក្សរបស់បារាំង ក្នុងខែសីហា ឆ្នាំ២០១៧ និងបានជួយក្លិបឈ្នះពានរង្វាន់ Ligue ៥លើក។ រៀងរាល់រដូវកាល Mbappe តែងរកបានគ្រាប់បាល់ក្នុងលីគជាង ២០គ្រាប់ សម្រាប់ក្រុម PSG។
 
យ៉ាងណាក៏ដោយអនាគតរបស់ Mbappe មិនទាន់អាចកំណត់បាន​នៅឡើយ ខណៈកីឡាករសញ្ជាតិបារាំងក៏មិន​បន្តកុងត្រាជាមួយ​ PSG ទៀត​ ក្រោយចប់រដូវកាល ២០២៣-២០២៤។ 
 
Mbappe ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលះបង់ប្រាក់រង្វាន់បន្ថែមលើខ្លួនគេប្រមាណ ១០០លានអឺរ៉ុប (១១០លានដុល្លារ) ជាថ្នូរក្នុងការការពារដល់ក្លិប PSG ប្រសិនគេចាកចេញដោយគ្មានតម្លៃខ្លួន។
 
កន្លងមកសំណើរបស់ក្លិបអធិរាជសដែលធ្វើឡើងតាំងពីឆ្នាំ ២០២១ ក៏ធ្លាប់ត្រូវបាន ​Mbappe បដិសេធ​ ស្របពេលដែលកាលនោះមានរឿងរ៉ាវមិនល្អជាមួយក្លិប PSG រហូតដល់ឆ្នាំ ២០២២ រឿងទាក់ទងនឹងការចុះកិច្ចសន្យារវាងភាគីទាំងពីរក៏កើតឡើងជាថ្មីជាមួយនឹងតម្លៃកើនឡើង តែនៅតែត្រូវបាន PSG រារាំង៕

Tag:
 Kylian Mbappe
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com