សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អង់គ្លេសបានធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ក្រោយប្រជាជនកាត់បន្ថយចំណាយ ស្ត្រីម្នាក់ទិញទំនិញនៅលើផ្លូវ Oxford ក្នុងទីក្រុងឡុងដ៍ ។ រូបភាព ៖ Xinhua
× ផលិតក្នុងស្រុកសរុប (GDP) អង់គ្លេសបានធ្លាក់ចុះ ២ត្រីមាសជាប់ៗគ្នានៅចុងឆ្នាំ២០២៣ ដោយទាញសេដ្ឋកិច្ចប្រទេសនេះឱ្យធ្លាក់ចូលក្នុងវិបត្តិ។ នេះបើតាមទិន្នន័យការិយាល័យស្ថិតិជាតិអង់គ្លេស(ONS)។ ការធ្លាក់ចូលវិបត្តិនេះ ដោយសារប្រជាជនបានកាត់បន្ថយការចំណាយ ស្របពេលតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើង។
យោងតាមទិន្នន័យ ONS នៅថ្ងៃទី១៥ ខែកុម្ភៈ GDP របស់អង់គ្លេសក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានធ្លាក់ចុះ ០,៣ភាគរយ បើធៀបទៅនឹងត្រីមាសទី៣។ នៅត្រីមាសទី៣ ឆ្នាំ២០២៣ សេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ចុះ ០,១ភាគរយ។ តាមទ្រឹស្ដី អង់គ្លេសបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលមានកំណើនអវិជ្ជមាន២ត្រីមាសជាប់គ្នា។
របាយការណ៍របស់ ONS បានបង្ហាញថា ការធ្លាក់ចុះនេះមានកម្រិតខ្លាំងជាងការព្យាករ ហើយជាអត្រាដ៏ខ្ពស់ធំបំផុតចាប់តាំងពីដើមឆ្នាំ ២០២១។ ជារួមនៅឆ្នាំ២០២៣ GDP របស់អង់គ្លេសបានកើនឡើងតែ ០,១ភាគរយប៉ុណ្ណោះបើធៀបនឹងឆ្នាំ ២០២២។
ទន្ទឹមនេះ សសរស្តម្ភសេដ្ឋកិច្ចសំខាន់ៗទាំងបីរបស់អង់គ្លេសបានធ្លាក់ចុះទាំងអស់នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ដោយក្នុងនោះវិស័យសេវាកម្មបានថយចុះ ០,២ភាគរយ ផលិតកម្មធ្លាក់ចុះ ១ភាគរយ និងសំណង់បានថយចុះ ១,៣ភាគរយ។
ក្រាហ្វិក Guardian
សេដ្ឋកិច្ចរបស់អង់គ្លេសនៅទ្រឹងអស់រយៈពេលជិត២ឆ្នាំមកហើយ។ អតិផរណាប្រទេសកំពុងធ្លាក់ចុះជាបណ្តើរៗ ប៉ុន្តែនៅតែខ្ពស់ជាងសេដ្ឋកិច្ចផ្សេងទៀត និងគោលដៅ២ភាគរយរបស់ធនាគារកណ្តាលអង់គ្លេស (BoE)។ ទន្ទឹមនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់អង់គ្លេសនៅខែមករា ដើមឆ្នាំនេះ បានកើនឡើង ៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យ៉ាងណាមិញ ធនាគារកណ្តាលអង់គ្លេស បានព្យាករថាស្ថានភាពនឹងប្រសើរឡើងចាប់ពីឆ្នាំនេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Jeremy Hunt បាននិយាយថ្ងៃដដែលថា មានសញ្ញាជាច្រើនដែលបង្ហាញថាអង់គ្លេសហៀបនឹងឈានដល់ចំណុចរបត់មួយ។ លោកបញ្ជាក់ថា មន្ត្រីអង់គ្លេសកំពុងប្រើប្រាស់នូវយុទ្ធសាស្ត្រកាត់ពន្ធ ដើម្បីកសាងសេដ្ឋកិច្ចឲ្យកាន់តែខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថាលោក Hunt កំពុងស្វែងរកការកាត់បន្ថយការចំណាយសាធារណៈរាប់ពាន់លានផោន ដើម្បីទូទាត់សងសម្រាប់ការកាត់បន្ថយពន្ធដែលបានស្នើឡើងនៅក្នុងផែនការថវិកាដែលនឹងចេញផ្សាយនៅខែក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com