សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អង់គ្លេសបានធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ក្រោយប្រជាជនកាត់បន្ថយចំណាយ
16, Feb 2024 , 8:29 pm        
រូបភាព
ស្ត្រី​ម្នាក់​ទិញ​ទំនិញ​នៅលើ​ផ្លូវ Oxford ក្នុង​ទីក្រុង​ឡុងដ៍ ។ រូបភាព ៖ Xinhua
ស្ត្រី​ម្នាក់​ទិញ​ទំនិញ​នៅលើ​ផ្លូវ Oxford ក្នុង​ទីក្រុង​ឡុងដ៍ ។ រូបភាព ៖ Xinhua
ផលិតក្នុងស្រុកសរុប (GDP) អង់គ្លេសបានធ្លាក់ចុះ ២ត្រីមាសជាប់ៗគ្នានៅចុងឆ្នាំ២០២៣ ដោយទាញសេដ្ឋកិច្ចប្រទេសនេះឱ្យធ្លាក់ចូលក្នុងវិបត្តិ។ នេះបើតាមទិន្នន័យការិយាល័យស្ថិតិជាតិអង់គ្លេស(ONS)។ ការធ្លាក់ចូលវិបត្តិនេះ​ ដោយសារប្រជាជនបានកាត់បន្ថយការចំណាយ ស្របពេលតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើង។

 
យោងតាមទិន្នន័យ ONS នៅថ្ងៃទី១៥ ខែកុម្ភៈ GDP របស់អង់គ្លេសក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានធ្លាក់ចុះ ០,៣ភាគរយ បើធៀបទៅនឹងត្រីមាសទី៣។ នៅត្រីមាសទី៣ ឆ្នាំ២០២៣ សេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ចុះ ០,១ភាគរយ។ តាមទ្រឹស្ដី អង់គ្លេសបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលមានកំណើនអវិជ្ជមាន២ត្រីមាសជាប់គ្នា។
 
របាយការណ៍របស់ ONS បានបង្ហាញថា ការធ្លាក់ចុះនេះមានកម្រិតខ្លាំងជាងការព្យាករ ហើយជាអត្រាដ៏ខ្ពស់ធំបំផុតចាប់តាំងពីដើមឆ្នាំ ២០២១។ ជារួមនៅឆ្នាំ២០២៣ GDP របស់អង់គ្លេសបានកើនឡើងតែ ០,១ភាគរយប៉ុណ្ណោះបើធៀបនឹងឆ្នាំ ២០២២។ 
 
ទន្ទឹមនេះ សសរស្តម្ភសេដ្ឋកិច្ចសំខាន់ៗទាំងបីរបស់អង់គ្លេសបានធ្លាក់ចុះទាំងអស់នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ដោយក្នុងនោះវិស័យសេវាកម្មបានថយចុះ ០,២ភាគរយ ផលិតកម្មធ្លាក់ចុះ ១ភាគរយ និងសំណង់បានថយចុះ ១,៣ភាគរយ។
 
ក្រាហ្វិក Guardian 

សេដ្ឋកិច្ចរបស់​អង់គ្លេស​នៅ​ទ្រឹង​អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ។ អតិផរណាប្រទេសកំពុងធ្លាក់ចុះជាបណ្តើរៗ ប៉ុន្តែនៅតែខ្ពស់ជាងសេដ្ឋកិច្ចផ្សេងទៀត និងគោលដៅ២ភាគរយរបស់ធនាគារកណ្តាលអង់គ្លេស (BoE)។ ទន្ទឹមនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់អង់គ្លេសនៅខែមករា ដើមឆ្នាំនេះ បានកើនឡើង ៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 
 
យ៉ាងណាមិញ​ ធនាគារកណ្តាលអង់គ្លេស បានព្យាករថាស្ថានភាពនឹងប្រសើរឡើងចាប់ពីឆ្នាំនេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Jeremy Hunt បាននិយាយថ្ងៃដដែលថា មានសញ្ញាជាច្រើនដែលបង្ហាញថាអង់គ្លេសហៀបនឹងឈានដល់ចំណុចរបត់មួយ។ លោក​បញ្ជាក់​ថា មន្ត្រីអង់គ្លេស​កំពុង​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​កាត់ពន្ធ ​ដើម្បី​កសាង​សេដ្ឋកិច្ច​ឲ្យ​កាន់​តែ​ខ្លាំង។
 
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថាលោក Hunt កំពុងស្វែងរកការកាត់បន្ថយការចំណាយសាធារណៈរាប់ពាន់លានផោន ដើម្បីទូទាត់សងសម្រាប់ការកាត់បន្ថយពន្ធដែលបានស្នើឡើងនៅក្នុងផែនការថវិកាដែលនឹងចេញផ្សាយនៅខែក្រោយ៕ 

Tag:
 អង់គ្លេស
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com