អន្តរជាតិ
ប៉ូលិសរុស្ស៊ីបង្រ្កាបប្រជាជនគោរពវិញ្ញាណក្ខន្ធលោក Navalny រូបភាព AFP
× ប៉ូលិសរុស្ស៊ី នៅថ្ងៃទី១៦ ខែកុម្ភៈ បានបង្រ្កាបប្រជាជន ដែលបានជួបជុំនៅក្នុងក្រុងមូស្គូ ក្រុងSt Petersburg និងក្រុងផ្សេងទៀត ដើម្បីគោរពវិញ្ញាណក្ខន្ធលោក Alexei Navalny អ្នកនយោបាយប្រឆាំងវិមានក្រេមឡាំងដ៏សំខាន់។ តាមការបញ្ជាក់របស់ក្រុមសិទ្ធិមនុស្ស អ្នកចូលរួមគោរពវិញ្ញាណក្ខន្ធលោក Navalny ប្រមាណ ១០០នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងក្រុងចំនួន ៨។
ការស្លាប់របស់លោក Alexei Navalny អ្នកប្រឆាំងវិមានក្រេមឡាំងដ៏សំខាន់ នៅក្នុងពន្ធនាគារ បានធ្វើឱ្យមានដឹកនាំប្រទេសជាច្រើនបង្ហាញការសោកស្តាយ និងជំរុញឱ្យលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ទទួលខុសត្រូវ។ ចំណែកប្រជាជននៅក្នុងក្រុងមូស្គូ និងក្រុងផ្សេងទៀត ក៏បានជួបជុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធលោក Navalnyផងដែរ។
យ៉ាងណាមិញ ការជួបជុំនៅក្នុងក្រុងសំខាន់ៗរបស់រុស្ស៊ី មិនបានប្រព្រឹត្តទៅដោយរលូនឡើយ ដោយប៉ូលិសរុស្ស៊ី បានបំបែកប្រជាជន និងចាប់ខ្លួនមនុស្សជាច្រើននាក់។
តាមទិន្នន័យរបស់ក្រុមសិទ្ធិមនុស្សនៅរុស្ស៊ី OVD-info អ្នកចូលរួមយ៉ាងហោចណាស់ ១០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងក្រុងចំនួន ៨ ក្នុងនោះក៏មានក្រុង ក្រុងមូស្គូ និងក្រុងSt Petersburgផងដែរ។ យ៉ាងណាមិញ ប៉ូលិសរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញបញ្ហានេះទេ។ ស្របគ្នានេះ រដ្ឋអាជ្ញារុស្ស៊ី បានព្រមានកុំឱ្យមានការជួបជុំគ្នាទ្រង់ទ្រាយធំនៅក្នុងក្រុងមូស្គូ។
លោក Navalny បានទទួលមរណភាពនៅក្នុងគុក Arctic Circle ក្រោយបង្ហាញខ្លួននៅក្នុងសវនាការប្រមាណ ៣ ឬ៤ថ្ងៃ ក្នុងវ័យ ៤៧ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com