ជាតិ
បោះឆ្នោត
ទោះលទ្ធផលបឋមមិនដូចការគ្រោងទុក តែលោក មុនីកា នឹងរៀនសូត្រពីការបោះឆ្នោតព្រឹទ្ធសភា
26, Feb 2024 , 11:29 am        
រូបភាព
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ។
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ។
ភ្នំពេញ៖ លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ សោកស្ដាយដែលបក្សខ្លួនពុំទទួលសំឡេងគាំទ្រតាមការគ្រោងទុក ក្រោយលោកឃើញលទ្ធផលបឋម ដែលគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានប្រកាស។

 
អគ្គលេខាធិការបក្សឆន្ទៈខ្មែរថា តាមការគ្រោងទុកក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បក្សឆន្ទៈខ្មែរ រំពឹងទទួលបាន៦អាសនៈ ខណៈអង្គបោះឆ្នោត ឬសំឡេគាំទ្រមានជាង២ពាន់សំឡេង ឬស្មើនឹង៩អាសនៈ។ ប៉ុន្តែជាក់ស្ដែង លទ្ធផលបឋមបក្សនេះ ទទួលបានត្រឹមតែ៣អាសនៈប៉ុណ្ណោះ គឺនៅភូមិភាគទី២ ភូមិភាគទី៤ និងភូមិទី៦។ 
 

លោក គង់ មុនីកា បានវាយតម្លៃថា ដំណើរការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានរៀបចំឡើងល្អប្រសើរ។ ទោះជាយ៉ាងណា លោ​កសោកស្ដាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលទ្ធផលបឋម  ដែលខុសពីការរំពឹងទុក។ បើតាមលោក មុនីកា សំឡេងគាំទ្រ ឬអង្គបោះឆ្នោតជាច្រើនរូប ត្រូវបានបាត់បង់ទៅបក្សដទៃ ពិសេសបក្សកាន់​អំណាច។ យ៉ាងណា លោក មុនីកា អះអាងថាបក្សឆន្ទៈខ្មែរ នឹងបន្តតាមដានចំនួនសន្លឹកឆ្នោតផ្សេងៗទៀត ជាមួយ គ.ជ.ប រហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៦ កុម្ភៈ អគ្គលេខាធិការបក្សឆន្ទៈខ្មែររូបនេះ បានបញ្ជាក់ថា៖«យើងគិតថានេះ ជាបទពិសោធន៍មួយ ដែលត្រូវរៀនសូត្រពីការបោះឆ្នោតនេះ ហើយនឹងពង្រឹងការដឹកនាំ និងគ្រប់គ្រងរបស់បក្សយើងឱ្យបានល្អប្រសើរជាមុន»។ 
 
អ្នកនយោបាយវ័យក្មេងរូបនេះ សង្កត់ធ្ងន់ថា តំណាងរបស់បក្សឆន្ទៈខ្មែរ ដែលត្រូវកាន់តំណែងនៅក្នុងសមាជិកព្រឹទ្ធសភា នឹងប្ដេជ្ញាចិត្តខ្ពស់ នាំយកទុក្ខលំបាករបស់ពលរដ្ឋ ទៅឱ្យរដ្ឋាភិបាលពិនិត្យ និងពិចារណា ដើម្បីកែប្រែទុក្ខលំបាក និងជីវភាពពលរដ្ឋឱ្យប្រសើរឡើង។
 
សូមជម្រាបថា លទ្ធផលបណ្ដោះអាសន្ននៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គ.ជ.ប នឹងប្រកាសនៅថ្ងៃទី២មីនា ហើយលទ្ធផលផ្លូវការនឹងប្រកាសនៅថ្ងៃទី២មេសា៕ 

Tag:
 បោះឆ្នោតព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com