RFI
អន្តរជាតិ
ទិវាពិភពលោកប្រឆាំងនឹងជំងឺធាត់ចុកខ្លាញ់៖ ពិភពលោកមានអ្នកធាត់ចុកខ្លាញ់ជាង១ពាន់លាននាក់ ចំនួនកុមារនិងក្មេងធាត់ចុកខ្លាញ់កើនឡើងមួយជាបួនក្នុងរយៈពេល៣០ឆ្នាំ GETTY IMAGES NORTH AMERICA/AFP/File
×
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
បើតាមរបាយការណ៍ចេញផ្សាយនាឱកាសទិវាពិភពលោកប្រឆាំងនឹងជំងឺធាត់ចុកខ្លាញ់ ថ្ងៃទី៤មីនា ពិភពលោករាប់ឃើញមានអ្នកជំងឺធាត់ជ្រុលចុកខ្លាញ់ដល់ទៅជាងមួយលាននាក់។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុត កំណើនមនុស្សឈឺធាត់ស្ទុះយ៉ាងលឿនខ្លាំងនៅក្នុងប្រទេសក្រីក្រមានចំណូលទាបនិងមធ្យម។
ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០២២ អត្រាកុមារនិងក្មេងជំទង់ធាត់ជ្រុលចុកខ្លាញ់ នៅក្នុង១៩០ប្រទេស បានកើនឡើងមួយជាបួន ចំណែកមនុស្សធំវិញវ័យកើនឡើងទ្វេដង។ នេះបើតាមរបាយការណ៍សិក្សាដែលចេញផ្សាយក្នុងទំព័រទស្សនាវដ្តីសុខភាពអង់គ្លេសLancet សហការជាមួយអង្គការសុខភាពពិភពលោក។
ជាសរុប នៅឆ្នាំ២០២២ ចំនួនមនុស្សធាត់ចុកខ្លាញ់ ទាំងក្មេងទាំងចាស់ នៅលើពិភពលោកបានឡើងដល់ជាង១ពាន់លាននាក់ (ជិត៨៨០លាននាក់ជាមនុស្សធំ និង១៦០លាននាក់ជាកុមារនិងក្មេង)។ កាលពីឆ្នាំ១៩៩០ មនុស្សធំធាត់ជ្រុលមានចំនួនតែ១៩៥លាននាក់ និង៣១លាននាក់ជាកុមារ)។ ពោលគឺជាកំណើនដ៏លឿនរហ័សហួសការព្យាករណ៍ដំបូង ដែលគិតថាចំនួនអ្នកធាត់ជ្រុលចុកខ្លាញ់នឹងឡើងដល់១ពាន់លាននាក់នៅឆ្នាំ២០៣០ឯណោះ។
សហប្រធានដឹកនាំការសិក្សាស្រាវជ្រាវ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Majid Ezzati នៃសាកលវិទ្យាល័យ Imperial College London និងសាស្ត្រាចារ្យវេជ្ជបណ្ឌិត Francesco Branca នាយកការិយាល័យរបបអាហារដើម្បីសុខភាពនិងអភិវឌ្ឍរបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុត គឺប្រទេសកំពុងអភិវឌ្ឍន៍ មានចំណូលទាបនិងមធ្យមខ្លះ មានជាអាទិ៍ប្រទេសកូនកោះប៉ូលីនេស៊ី មីក្រូណេស៊ី ការ៉ាអ៊ីប ដើមបូព៌ានិងខាងហ្វ្រិកខាងជើង មានអត្រាមនុស្សធាត់ជ្រុលចុកខ្លាញ់ខ្ពស់ជាងប្រទេសឧស្សាហកម្មទៅទៀតដូចយ៉ាងអឺរ៉ុប ដែលមានសញ្ញាធ្លាក់ចុះ។ អាស៊ីខាងត្បូងនិងអាហ្វ្រិកកណ្តាល នៅប្រឈមនឹងបញ្ហាចម្បងខ្វះអាហារដដែល។ ក្រុមប្រទេសមានចំណូលទាបនិងមធ្យមជាច្រើនកំពុងរងបន្ទុកទ្វេ ម្ខាងប្រជាពលរដ្ឋហូបមិនគ្រប់គ្រាន់ មានជំងឺខ្វះជីវជាតិ តែម្ខាងទៀតហូបមិនត្រឹមត្រូវទើបកើតរោគធាត់ជ្រុល។ នេះបើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យMajid Ezzatiដដែល។
ធ្លាប់មានឈ្មោះជាជំងឺអ្នកមាន ធាត់ជ្រុលចុកខ្លាញ់បច្ចុប្បន្នក្លាយជាបញ្ហារបស់ពិភពលោកទាំងមូល។ ធាត់ចុកខ្លាញ់ជំងឺរ៉ាំរ៉ៃដ៏ស្មុគស្មាញ បង្កឡើងដោយពហុកត្តា ហើយអាចបង្កើនគ្រោះហានិភ័យមរណៈដោយជំងឺផ្សេងៗផង ដោយជំងឺសរសៃឈាមបេះដូងផង ដោយជំងឺទឹកនោមផ្អែម និងមហារីកខ្លះទៀតផង។ ការសិក្សាថ្មីនេះ រំលឹកអំពីភាពចាំបាច់នៃការការពារ និងព្យាបាលជំងឺតាំងពីដំបូង តាមរយៈការទទួលទានអាហារ បញ្ចេញកម្លាំងកាយសម្បទា និងថែទាំត្រឹមត្រូវ។ នេះជាសេចក្តីថ្លែងការណ៍របស់លោកអគ្គនាយកអង្គការសុខភាពពិភពលោក ដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងវិស័យឯកជន ដែលត្រូវមានទំនួលខុសត្រូវចំពោះផលប៉ះពាល់នៃផលិតផលខ្លួនចំពោះសុខភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com