RFI
អន្តរជាតិ
ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​ធាត់​ចុកខ្លាញ់​៖ ពិភពលោកមាន​អ្នក​ធាត់​ចុកខ្លាញ់​ជាង​១ពាន់​លាន​នាក់
06, Mar 2024 , 7:59 am        
រូបភាព
ចំនួន​កុមារ​និង​ក្មេង​ធាត់​ចុក​ខ្លាញ់​កើន​ឡើង​មួយជាបួន​ក្នុង​រយៈ​ពេល​៣០ឆ្នាំ GETTY IMAGES NORTH AMERICA/AFP/File
ចំនួន​កុមារ​និង​ក្មេង​ធាត់​ចុក​ខ្លាញ់​កើន​ឡើង​មួយជាបួន​ក្នុង​រយៈ​ពេល​៣០ឆ្នាំ GETTY IMAGES NORTH AMERICA/AFP/File
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​នា​ឱកាស​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​ធាត់​ចុក​ខ្លាញ់ ថ្ងៃទី​៤​មីនា ពិភពលោក​រាប់ឃើញ​មាន​អ្នក​ជំងឺធាត់​ជ្រុល​ចុក​ខ្លាញ់​ដល់​ទៅ​ជាង​មួយ​លាន​នាក់​។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បំផុត កំណើន​មនុស្សឈឺ​ធាត់​ស្ទុះ​យ៉ាង​លឿន​ខ្លាំង​នៅក្នុង​ប្រទេសក្រីក្រ​មាន​ចំណូល​ទាប​និង​មធ្យម។



ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០២២ អត្រាកុមារ​និង​ក្មេង​ជំទង់​ធាត់​ជ្រុល​ចុក​ខ្លាញ់ នៅក្នុង​១៩០ប្រទេស បាន​កើន​ឡើង​មួយ​ជា​បួន​ ចំណែក​មនុស្សធំ​វិញ​វ័យ​កើន​ឡើង​ទ្វេដង។ នេះ​បើ​តាម​របាយការណ៍​សិក្សា​ដែល​ចេញ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព​អង់គ្លេសLancet សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក។
 
ជាសរុប​ នៅ​ឆ្នាំ​២០២២ ចំនួន​មនុស្ស​​ធាត់​ចុក​ខ្លាញ់​ ទាំង​ក្មេង​ទាំង​ចាស់ នៅលើ​ពិភពលោក​បាន​ឡើងដល់​ជាង​១ពាន់​លាន​នាក់ (ជិត​៨៨០​លាននាក់​ជា​មនុស្ស​ធំ និង​១៦០លាន​នាក់​ជា​កុមារ​និង​ក្មេង)។ កាលពី​ឆ្នាំ​​១៩៩០ ​មនុស្សធំ​ធាត់​ជ្រុល​មាន​ចំនួន​តែ​​១៩៥​លាន​នាក់​ និង​៣១​លាននាក់ជា​កុមារ)។ ​ពោល​គឺ​ជា​កំណើន​ដ៏​លឿន​រហ័ស​ហួស​ការ​ព្យាករណ៍​ដំបូង ដែល​គិត​ថា​ចំនួន​អ្នក​ធាត់​ជ្រុល​ចុក​ខ្លាញ់​នឹង​ឡើង​ដល់​១ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០៣០​ឯណោះ។
 
សហប្រធាន​ដឹកនាំ​កា​រសិក្សា​ស្រាវជ្រាវ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ Majid Ezzati នៃ​សាកលវិទ្យាល័យ​ Imperial College London និង​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ Francesco Branca នាយក​​ការិយាល័យ​​របប​អាហារ​ដើម្បី​សុខភាព​និង​អភិវឌ្ឍ​របស់​អង្គការ​សុខភាពពិភពលោកបាន​បញ្ជាក់​ថា​ អ្វីដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត គឺ​ប្រទេស​​កំពុង​អភិវឌ្ឍន៍​ មាន​ចំណូល​ទាប​និង​មធ្យម​ខ្លះ មាន​ជាអាទិ៍​ប្រទេស​កូនកោះ​ប៉ូលីនេស៊ី មីក្រូណេស៊ី ការ៉ាអ៊ីប ដើមបូព៌ា​និង​ខាង​ហ្វ្រិក​ខាង​ជើង​ មាន​អត្រា​មនុស្ស​ធាត់​ជ្រុល​ចុក​ខ្លាញ់​ខ្ពស់​ជាង​ប្រទេស​ឧស្សាហកម្មទៅ​ទៀត​ដូច​យ៉ាង​អឺរ៉ុប​ ដែល​មាន​សញ្ញា​ធ្លាក់​ចុះ​​។ អាស៊ីខាង​ត្បូង​​និង​អាហ្វ្រិក​​កណ្តាល​ នៅ​ប្រឈម​នឹង​បញ្ហាចម្បង​ខ្វះ​អាហារ​ដដែល​​។ ក្រុមប្រទេស​មាន​ចំណូល​ទាបនិង​មធ្យម​ជា​ច្រើន​កំពុង​រង​​បន្ទុក​ទ្វេ ម្ខាង​ប្រជាពលរដ្ឋ​ហូប​មិន​គ្រប់​គ្រាន់​ មាន​ជំងឺ​ខ្វះ​ជីវជាតិ តែ​ម្ខាង​ទៀត​ហូប​មិន​ត្រឹម​ត្រូវទើប​​កើត​រោគ​ធាត់​ជ្រុល។ នេះ​បើ​តាម​ប្រសាសន៍​របស់លោក​សាស្ត្រាចារ្យ​Majid Ezzatiដដែល។
 
ធ្លាប់​មាន​ឈ្មោះ​ជា​ជំងឺ​អ្នក​មាន​ ធាត់​ជ្រុល​ចុក​ខ្លាញ់​បច្ចុប្បន្នក្លាយ​​ជា​បញ្ហា​របស់ពិភពលោកទាំងមូល។ ធាត់​ចុក​ខ្លាញ់​​ជំងឺ​រ៉ាំរ៉ៃដ៏​ស្មុគស្មាញ បង្ក​ឡើង​ដោយ​ពហុកត្តា​ ហើយ​អាច​បង្កើន​គ្រោះ​ហានិភ័យ​មរណៈ​ដោយ​ជំងឺ​ផ្សេងៗ​ផង ដោយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ផង ដោយ​ជំងឺ​ទឹក​នោម​ផ្អែម និង​មហារីក​ខ្លះ​ទៀតផង។ ការ​សិក្សា​ថ្មី​នេះ​ រំលឹក​អំពី​ភាព​​ចាំបាច់​នៃ​ការ​​ការ​ពារ និង​ព្យាបាល​ជំងឺ​តាំង​ពី​ដំបូង​ តាម​រយៈ​ការ​ទទួល​ទានអាហារ​ បញ្ចេញ​កម្លាំង​កាយ​សម្បទា និង​ថែទាំ​ត្រឹម​ត្រូវ​។ នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​លោក​អគ្គនាយក​អង្គការ​សុខភាពពិភពលោក​ ដោយ​អំពាវនាវ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ឯកជន​ ដែល​ត្រូវ​មានទំនួល​ខុស​ត្រូវ​ចំពោះ​ផលប៉ះពាល់​នៃ​ផលិតផល​ខ្លួន​ចំពោះ​សុខភាព៕

© រក្សាសិទ្ធិដោយ thmeythmey.com