ជាតិ
វីដេអូ
«ត្រីរាជ» ជាស្ដេច​ត្រី​​ទន្លេមេគង្គ ដែល​ស្លូតជាងគេ...
21, Mar 2024 , 3:59 pm        
រូបភាព
សៀមរាប៖ «ត្រីរាជ»ជាប្រភេទត្រីទឹកសាបរស់នៅតាមបឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ បើតា​ម​កញ្ញា កូយ ចំប៉ា បុគ្គលិក​ផ្ដល់​ព័ត៌មាន​នៃ​ឧទ្យាន Angkor Wildlfe &Aquarium ត្រីរាជ ត្រូវ​បាន​ចាត់​ទុក​ថាជា​ស្ដេច​ត្រី​ទន្លេ​មេគង្គ ដែល​ស្លូតជាងគេ។



​ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN។ ត្រីរាជ ត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗផងដែរ។
 
សូមអញ្ជើញ​ទស្សនា​វីដេអូខាង​ក្រោម​ដូចតទៅ៖​
 

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែតកម្ពុជា ទៅ​កាន់​ Angkor Wildlfe &Aquarium កញ្ញា កូយ ចំប៉ា បុគ្គលិកផ្ដល់ព័ត៌មាន បា​ន​ឱ្យ​ដឹងថា​ ត្រីរាជ ជា​ប្រភេទត្រីដែល​មិន​មាន​ធ្មេញ​សម្រាប់​ស៊ី​ចំណីនោះទេ ប៉ុន្តែ​វា​អាច​ប្រើ​ស្រកី និង​ការ​ប៊ឺត​ចំណី​ចូល​តាម​មាត់​។ ចំណីរបស់ត្រី​ប្រភេទនេះ គឺ​សារាយដែល​ដុះ​តាម​ទឹក និង​ស្លែក្នុង​ទឹក។ ត្រីនេះ អាច​ធំ​ដល់​ទម្ងន់ ៣០០គីឡូក្រាម និង​មាន​ប្រវែង ៣ម៉ែត្រ​ផងដែរ។ 
 
​ក្នុង​ឧទ្យាន​ Angkor Wildlfe &Aquarium នា​ខេត្ត​សៀមរាប មាន​ត្រីរាជធំៗ ចំនួន ៧ក្បាល។ ត្រីរាជ នៅឧទ្យាននេះ ស៊ីចំណី​មួយថ្ងៃម្ដង ដែលមាន​ដូចជា គ្រាប់សណ្ដែក, សាឡាដ និង​សាច់ត្រីផ្សេងៗ។ នៅ​ក្នុង​អាង​ត្រីដែលមាន​ជម្រៅ​ប្រមាណ​ ៣ម៉ែត្រ មាន​ត្រី​ចម្រុះ​រស់នៅក្នុង​ទន្លេសាប និង​ទន្លេមេគង្គ។ បើតាម​កញ្ញា កូយ ចំប៉ា ត្រីដែលដាក់​ក្នុង​អាងតែមួយនេះ មិន​ស៊ីគ្នានោះទេ។ 


តាមរយៈក្រមនេសាទលេខ ៨០ ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ ត្រីរាជត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន ចាប់ពីសម័យសង្គមរាស្ត្រនិយមមក។ នាពេលបច្ចុប្បន្នត្រីប្រភេទនេះ ត្រីក៏មានក្នុងអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលទឹកសាបដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជាផងដែរ។ 
 
សូម​បញ្ជាក់ថា កាល​ពី​ថ្ងៃទី​១៥-១៧ខែ មីនា ក្លិប​អ្នក​កាសែត​កម្ពុជា បាន​រៀប​ចំ​ដំណើរ​ទស្សនកិច្ចទៅ​កាន់ខេត្ត​សៀមរាប ដោយ​មាន​ស្ថាបន័សារពត៌មានចូលរួមចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​អ្នក​សារព័ត៌មាន​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ឧទ្យាន​កម្សាន្ត Angkor WildLife and Aquarium, ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាបអង្គរ, ការ​ជិះ​កន្ត្រ​កវិល ដែល​ខ្ពស់​ជាងគេ​នៅ​ខេត្តសៀមរាប, ជិះ​រថយន្ត​ Jeepទស្សនា​ភូមិព្រះដាក់ និង​តំបន់ទេសចរណ៍​កំពង់ភ្លុក​ដើម្បី​ផ្សព្វផ្សាយពី​សក្ដានុពលទេសចរណ៍​៕



Tag:
 សៀមរាប
  ត្រីរាជ
  ទន្លេមេគង្គ
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com