ជាតិ
វីដេអូ
យុទ្ធនាការ​ និងព្រឹតិ្តការណ៍​នានា​នៅឆ្នាំ២០២៤ ជា​ការ​​តភ្ជាប់​ទីផ្សារទេសចរណ៍ដ៏ធំ
22, Mar 2024 , 7:59 am        
រូបភាព
សៀមរាប៖ នៅ​ឆ្នាំ​២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» និងជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីជួយឱ្យទេសចរណ៍មកទស្សនាកម្ពុជាកាន់តែច្រើន។ តាមរយៈ​ព្រឹត្តិការណ៍ទាំង​នេះ លោក សុខ សូកេន សង្ឃឹមថា កំណើន​ភ្ញៀវទេសចរ​នឹង​កើនឡើង។​



ក្នុង​បទ​សម្ភាសន៍​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​ដល់​អ្នកកាសែត​មកពី​៣២ស្ថាប័ន កាល​ពី​ថ្ងៃ​ទី​១៧ មីនា​ លោក សុខ សូកេន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ មាន​ប្រសាសន៍ថា នៅ​ឆ្នាំ​២០២៤នេះ ខេត្ត​សៀមរាប​ នឹង​មាន​ព្រឹត្តិការណ៍​ជា​បន្ត​បន្ទាប់​ ដែល​ទាក់ទង​នឹង​វប្បធម៌ និង​ការ​តភ្ជាប់​ទីផ្សារ​ទេសចរណ៍​ផ្សេងៗ។ បើតាម​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ ការ​បង្កើត​ព្រឹត្តិការណ៍​នានានេះ គឺដើម្បី​ទាក់ទាញ​ទេសចរ ជាពិសេស​លើក​ទឹក​ចិត្ត​ឱ្យ​មាន​សកម្មភាព​ជាច្រើន​នៅខេត្ត​សៀមរាប ដូច​ដែល​រដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤»។
 
សូម​អញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 

ក្រៅ​ពី​បង្កើត​យុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ក៏​មាន​ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ផងដែរ។ «សកម្មភាព​ទាំងនេះ ខ្ញុំ​សង្ឃឹមថា នឹង​អាច​ជួយ​ទ្រ​ទ្រង់​បន្ថែម​ទៀត ទៅ​លើ​អ្វី​ដែល​ជា​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​សៀមរាប»។ នេះជា​ការ​លើក​ឡើង​របស់​លោក សុខ សូកេន។
 
ជាមួយ​គ្នានេះ ក្រសួង​ទេសចរណ៍ ក៏​នឹង​តភ្ជាប់​ជើង​ហោះហើរ​សំខាន់​ៗ​បន្ថែម​ទៀត ដើម្បី​ជួយឱ្យ​ទេសចរណ៍​​​មកទស្សនាកម្ពុជាកាន់តែច្រើន។ លើសពី​នេះ ក៏​ជា​ឱកាស​ដើម្បី​ឧស្សាហកម្មទេសចរណ៍​ដែល​ពាក់​ព័ន្ធ​ អាច​ពង្រឹង​សមត្ថភាព​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ភ្ញៀវទេសចរ​។ 
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៧ខែ មីនា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដោយមានស្ថាបន័សារពត៌មានចូលរួមចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន បានធ្វើដំណើរទៅកាន់ឧទ្យានកម្សាន្ត Angkor WildLife and Aquarium, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអង្គរ, ការជិះកន្ត្រកវិល ដែលខ្ពស់ជាងគេនៅខេត្តសៀមរាប, ជិះរថយន្ត Jeepទស្សនាភូមិព្រះដាក់ និងតំបន់ទេសចរណ៍កំពង់ភ្លុកជាដើម៕
 










Tag:
 ទេសចរណ៍
  សៀមរាប
  សុខ សូកេន
© រក្សាសិទ្ធិដោយ thmeythmey.com