កីឡាជាតិ
ជាតិ
កៅអីស្តាតអូឡាំពិកដំឡើងរួចរាល់ FFC ប្រកាសប្រើជាផ្លូវការសម្រាប់ប្រកួតអន្តរជាតិ
01, Apr 2024 , 3:59 pm        
រូបភាព
រូបភាព៖ FFC
រូបភាព៖ FFC
ពហុកីឡដ្ឋានជាតិអូឡាំពិក បានបំពាក់កៅអីមានបង្អែកស្របតាមគោលការណ៍សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួចរាល់ ១០០ភាគរយហើយ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន អរគុណសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សម្រាប់ជំនួយថវិការដំឡើងកៅអីដ៏ស្រស់ស្អាត ស្របពេលពហុកីឡដ្ឋានជាតិ អាចដំណើរការប្រកួតអន្តរជាតិជាផ្លូវការ។



ក្រោយ FFC ទទួលបានកញ្ចប់ជំនួយពី AFF ការរចនា និងដំឡើងកៅអីមានបង្អែកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលអាចផ្ទុកទស្សនិកជនសរុបចំនួន ៣០,០០០នាក់ បានបញ្ចប់ជាស្ថាពរ ជាមួយរូបរាងថ្មីតាមរចនាបថខ្មែរ។
 
ដំណើរការបំពាក់កៅអីមានបង្អែកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ធ្វើឡើងបន្ទាប់ពី AFC និង FIFA តម្រូវឱ្យ FFC ដកកៅអីចាស់ដែលទើបបំពាក់អំឡុងស៊ីហ្គេម ដើម្បីអាចរៀបចំប្រកួតកម្រិតអន្តរជាតិ។ ពេលនោះ FFC បានប្រកាសរកអ្នកចង់បញ្ចេញស្នាដៃ រចនាប្លង់កៅអីពហុកីឡដ្ឋានជាតិអូឡាំពិក ហើយទីបំផុតក៏រកបានជ័យលាភីលោក ហោ មណីឬទ្ធិ ដែលជ្រើសរើសយករចនាបថក្បាច់ផ្កាចន្ទន៍។
  


នៅថ្ងៃទី១ ខែមេសា តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន FFC បានប្រកាសពីការរួចរាល់ទាំងស្រុង លើការបំពាក់កៅអីមានបង្អែកចំនួន២៥០០០កៅអី ស្របតាមគោលការណ៍ FIFA និង AFC​។ រួចរាល់ បានន័យថា ពហុកីឡដ្ឋានជាតិអូឡាំពិក អាចទទួលដឹកនាំការប្រកួតជាអន្តរជាតិ ជាមួយកៅអីអង្គុយសរុប៣ម៉ឺនកៅអីជាផ្លូវការ។ កន្លងមក កីឡដ្ឋាននេះមានត្រឹមកៅអីអត់បង្អែក តែអាចទទួលរៀបចំស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួន ក៏ដោយសារ FFC ទទួលបានការអនុគ្រោះពី AFC ប៉ុណ្ណោះ។ 
 
FFC បានបង្ហាញការអរគុណចំពោះ AFF ដែលបានផ្តល់ជំនួយជាកញ្ចប់ថវិកា ដើម្បីឲ្យគម្រោងតម្លើងកៅអីមានបង្អែកថ្មីនេះសម្រេចបាន១០០ភាគរយ។ ការចំណាយលើការបំពាក់កៅអីចំនួន ២៥០០០ កៅអីនេះ ប្រហែលជិត៥០ម៉ឺនដុល្លារ៕
 

Tag:
 ពហុកីឡដ្ឋានជាតិអូឡាំពិក
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com