ជាតិ
វីដេអូ
«ផ្ទះសណ្ឋាគារ​អាំងទែណាស្យូណាល»សំណង់អគារដ៏ចំណាស់ជាងគេមួយនៅ​ភ្នំពេញ
06, Apr 2024 , 8:29 am        
រូបភាព
ភ្នំ​ពេញ គ្រាន់តែជា​ភូមិ​មួយដែល​មាន​តែ​ផ្ទះ​ឈើ​ប៉ុណ្ណោះ នៅគ្រាដែលព្រះបាទនរោត្ដម ទ្រង់​បានលើករាជធានីពីឧដុង្គ មកតាំងនៅក្រុងភ្នំពេញវិញ នាឆ្នាំ១៨៦៧។ អគារថ្មដែលត្រូវបានសាងសង់​ដំបូងគេ​បង្អស់ ​​គឺ​ជា​​ព្រះបរមរាជវាំង ហើយបន្តបន្ទាប់មកក៏មានការសាងសង់អគារផ្សេងៗទៀត រួមទាំង​សណ្ឋាគារផង។ សំណង់អគារខ្លះនៅសេសសល់​វត្តមាន​​រហូត​ដល់​សព្វថ្ងៃ​​ ក្នុង​នោះ មាន​ផ្ទះ​សណ្ឋាគារ​អាំងទែណាស្យូណាល ត្រូវ​បាន​សាងសង់​នា​ឆ្នាំ​១៨៩០។ វាគឺជា​អគារចាស់ជាងគេមួយ​ នៅ​ក្រុង​ភ្នំពេញ។

 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖ 

 
ពី​​ដំបូង អគារនេះគឺជាផ្ទះ ​កម្ពស់​​២ជាន់​ មាន​ពណ៌​ពងមាន់ ហើយគេ​បាន​កែច្នៃធ្វើ​ជា​សណ្ឋា​គារ​​នៅ ក្នុង​ឆ្នាំ១៩១០។ គេបាន​បន្ថែម​ដូចជាប៉ម​មួយ​ដ៏តូច​ នៅ​លើ។ ដំបូល​របស់​វា​ស្រួច​ណាស់។

​នៅ​ជំនាន់​នោះ ​ក៏​គេ​បានឆ្លាក់​អក្សរ ផ្ទះ​សណ្ឋាគារ​អាំងទែណាស្យូណាល ធ្វើ​អំពី​ដុំ​ឥដ្ឋ​ដែរ។ កាល​ពី​សង្គ្រាម​ស៊ីវិល​ ជនភៀសខ្លួន​បានកសាង​បន្ទប់​នៅលើ។ ដោយសារ​លែង​ជា​សណ្ឋាគារ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម គេ​កែ​អគារ​បុរាណ​នេះ​ជា​ផ្ទះ​ល្វែង​វិញ។ បច្ចុប្បន្ន ម្ចាស់​​អាជីវកម្មនៅក្នុងអគារនេះ បានលើក​​ផ្លាក​យីហោ​ធំៗ ពី​លើ​ផ្លាក​ចាស់ ដែល​មាន​អក្សរ​បារាំង​ HOTEL INTERNATIONAL ដែលបកប្រែ​ថា ផ្ទះសណ្ឋាគារ​អន្តរជាតិ។
 
អតីតផ្ទះ​សណ្ឋាគារ​អាំងទែណាស្យូណាល​ ស្ថិត​នៅលេខ៥៤ ​កែង​ផ្លូវ១៣០ (រុក្ខវថី​ខេមរភូមិន​) និងផ្លូវ១៣ (វិថី​ព្រះអង្គ​អេង) សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ៕
 




Tag:
 អគារចាស់
  សំណង់បុរាណ
  ផ្ទះចាស់
© រក្សាសិទ្ធិដោយ thmeythmey.com