ជាតិ
លោក រ៉ុង ឈុន នឹង​តវ៉ា​ក្រសួង​អប់រំ ដែល​សម្រេច​លុបឈ្មោះ​ខ្លួន ចេញពី​ក្របខណ្ឌ​
06, Feb 2018 , 10:19 pm        
រូបភាព
លោក រ៉ុង ឈុន ត្រូវបាន​លុបឈ្មោះចេញពីក្រសួងអប់រំ
លោក រ៉ុង ឈុន ត្រូវបាន​លុបឈ្មោះចេញពីក្រសួងអប់រំ
​ភ្នំពេញ​៖ លោក រ៉ុង ឈុន ដែលជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចាត់ទុក​ការសម្រេច​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ជាការ​រើសអើង និង​អយុត្តិធម៌​។ ការលើកឡើង​របស់លោក រ៉ុង ឈុន បែបនេះ ក្រោយពី​ក្រសួង​អប់រំ សម្រេច​លុបឈ្មោះ​ខ្លួន ចេញពី​ក្របខណ្ឌ​ក្រសួង ។​



​រដ្ឋមន្ត្រីក្រសួង​អប់រំ​លោក ហង់ ជួន ណា​រ៉ុ​ន បាន​លុបឈ្មោះ​លោក រ៉ុង ឈុន ដែល​បម្រើ​ការងារ​នៅក្នុង​នាយកដ្ឋាន​ស្រាវជ្រាវ វិទ្យាសាស្ត្រ ចេញពី​ក្របខណ្ឌ ក្រោម​ហេតុផល​ថា លោក រ៉ុង ឈុន អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨​មកម្ល៉េះ​។

​ត្រង់ចំណុច​នេះ​លោក រ៉ុង ឈុន បាន​និយាយថា លោក​បានដាក់​ពាក្យសុំ​បម្រើ​ការងារ​វិញ នៅ​ថ្ងៃទី​៣ មករា​ឆ្នាំ​២០១៨ ហើយ​សុំ​ចាប់ផ្ដើម​បំពេញ​កាតព្វកិច្ច នៅ​ដើមខែ​កុម្ភៈ​នេះ ។ ប៉ុន្តែ​ក្រសួង​បែ​ជាស​ម្រេច​លុបឈ្មោះ​លោក រ៉ុង ឈុន ចេញពី​ក្របខណ្ឌ​ទៅវិញ​។ លោក រ៉ុង ឈុន ដែល​បាន​បាត់បង់​តួនាទី​ពី​ក្របខណ្ឌ​អប់រំ​នេះ បានដាក់​ចម្ងល់​លើ​នីតិវិធី​ក្រសួង​ថា ជាការ​រើសអើង​សមាគម​គ្រូបង្រៀន​ឯករាជ្យ ឬ​ជាការ​រើសអើង​ផ្នែក​នយោបាយ ។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អតីត​សមាជិក​គជប និង​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​រូបនេះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​ការសម្រេច​របស់​ក្រសួង​អប់រំ ជាការ​រំលោភសិទ្ធិ​សហលក្ខន្តិក​មន្ត្រីរាជកា​រ​ស៊ីវិល ។ វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​ណាស់ ព្រោះ​ខ្ញុំ​បានដាក់​ពាក្យសុំ​បម្រើ​ការងារ​នៅ​ថ្ងៃទី​៣​មករា និង​សុំ​អនុវត្ត​បម្រើ​ការងារ​នៅ​ខែកុម្ភៈ ប៉ុន្តែ​ក្រសួង​បែ​ជាស​ម្រេច​លុបឈ្មោះ​ខ្ញុំ​ចេញ ដោយ​ថា មិន​បម្រើ​ការងារ​តាំងពី​ថ្ងៃទី​១​មករា ដល់​ថ្ងៃទី​៣០​មករា​»​។​

​សារពត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ ដើម្បី​សុំ​ការបកស្រាយ​តប​នឹង​ការលើកឡើង​របស់លោក រ៉ុង ឈុន ឡើយ​។
អត្ថបទទាក់ទង


​តែបើ​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Fresh News លោក រស់ សា​លីន បាន​ពន្យល់ថា ការសម្រេច​លុបឈ្មោះ លោក រ៉ុង ឈុន ចេញពី​ក្របខណ្ឌ​នេះ ដោយសារតែ លោក រ៉ុង ឈុន បានដាក់​ពាក្យ​ចូល​បម្រើការ​វិញ ហួសពេល​កំណត់​នៃ​ច្បាប់ (​មិន​ឲ្យ​លើសពី​១៥​ថ្ងៃ​) ។ លោក រស់ សា​លីន បាន​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ លោក រ៉ុង ឈុន តាម​គោលការណ៍ នៅពេលដែល​គាត់​ចប់ ភារកិច្ច និង​តួនាទី​គាត់ នៅពេល​លាលែង ពី​គ​.​ជ​.​ប គឺ​ត្រូវ​មក​ដាក់ពាក្យ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ដោយឡែក​សាមីខ្លួន បានដាក់​ពាក្យ​នៅ​ខែមករា​»​។​

​សម្រាប់​លោក រ៉ុង ឈុន ការសម្រេច​បែបនេះ ជាការ​បំពាន​សិទ្ធិ​មន្ត្រីរាជការ​។ លោក​ថា ក្រសួង​អប់រំ គួរតែ​ហៅ​រូបលោក​សួរនាំ​ដេញដោល​ផ្ទាល់មាត់ ឬក៏​ប្រាប់​ដំណឹង​សិន មុននឹង​សម្រេច​បែបនេះ​។​លោក រ៉ុង ឈុន នឹង​តវ៉ា​លើ​ករណីនេះ ដើម្បី​រក​ភាពយុត្តិធម៌​វិញ​។​

«​ខ្ញុំ​ឃើញ​ក្រសួង​បកស្រាយ​ថា​ឲ្យ​ខ្ញុំ​ដាក់ពាក្យ​នៅត្រឹម​ថ្ងៃទី​២៧ ធ្នូ ២០១៧ ប៉ុន្តែ​ខ្ញុំ​មិនបាន​ឃើញ​ការបញ្ជាក់​បែបនេះ​ទេ ។ ទើប​ខ្ញុំ​ដាក់ពាក្យ​នៅ​ថ្ងៃទី​៣ មករា ឆ្នាំ​២០១៨​នេះ វា​ខុសត្រូវ​គ្នា​៦​ថ្ងៃ ដោយសារ​ខ្ញុំ​ចាំ​រដ្ឋសភា​ប្រកាស​លុបឈ្មោះ​ខ្ញុំ​ចេញពី​គជប​សិន ។ ហើយ​មុន​លុបឈ្មោះ​នេះ​ក្រសួង​គួរតែ​ហៅ​សួរនាំ​ថា​ខ្ញុំ​នៅ​បម្រើ​ការងារ​នេះ​ទៀត​ទេ ឬ​ស្តីបន្ទោស​ខ្ញុំ​ជា​លាយ​លក្ខ​អក្ស​សិន មិនគួរ​សម្រេច​លុបឈ្មោះ​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក រ៉ុង ឈុន ។​

​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ស្តីបន្ទោស​មន្ត្រី​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ដែល​មិនបាន​គ្រប់គ្រង​បុគ្គលិក​ក្រោម​ឱវាទ និង​បុគ្គលិក​អប់រំ​២០​នាក់ ដែល​ខក​ខានមក​បំពេ​ញ​កាតព្វកិច្ច​ការងារ​ជាប់លាប់ ចាប់ពី​ថ្ងៃទី​៤ មករា ដល់​ថ្ងៃទី​៣០​មករា ។ ក្នុងករណីនេះ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ បានដាក់​លក្ខខណ្ឌ​ជា​លាយលក្ខណ៍អក្សរ​ដូច្នេះ​ថា​៖«​សាមីជន​ប្រការ​១ (​ប្រធាន​នាយកដ្ឋាន​) ត្រូវ​គ្រប់គ្រង​បុគ្គលិក​ក្រោម​ឱវាទ ឲ្យ​ស្របតាម​ច្បាប់​ជា​ធរមាន​។ ចំពោះ​សាមីជន​ដែលមាន​ឈ្មោះ​ក្នុង​ប្រការ​២ (​បុគ្គលិក​) ត្រូវ​មក​បំពេញ​កាតព្វកិច្ច​កា​រងារ​ឲ្យ​បានជា​ប់លាប់​។ ក្នុងករណី​ដែល​បន្ត​អវត្តមាន​ទៀត ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់​ដែល​នៅ​ជា​ធរមាន​»៕


Tag:
 រ៉ុង ឈុន​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com