អន្តរជាតិ
មុន​ប្រជុំ​អាស៊ាន វៀតណាម​ទទូច​ឲ្យ​ចិន​បញ្ចប់​សកម្ម​ភាពខុស​ច្បាប់​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
27, Apr 2018 , 8:59 am        
រូបភាព
រូបភាព Vietnam Net
រូបភាព Vietnam Net
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បានចេញ​សេចក្តីថ្លែងការណ៍​ជាថ្មី​ម្តងទៀត​ដោយបាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ឈប់​សកម្មភាព​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ។ តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​មុន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ នៃ​កិច្ចប្រជុំ​អាស៊ាន​ត្រូវ​ចាប់ផ្តើម​នេះ  បាន​ហៅ​សកម្មភាព​របស់​ក្រុង​ប៉េកាំង​ថា ជាស​កម្ម​ខុសច្បាប់​ទាំងស្រុង ។



អត្ថបទទាក់ទង


​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​លោកស្រី Thu Hằng បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃ​២៤ មេសា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរាយការណ៍​ដែលថា ចិន បានធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​នៅក្នុង​តំបន់​ប្រជុំ​កោះ Spratly និង Paracel នៃ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​វៀតណាម​ចាត់ទុកថា​ដែនទឹក​ខ្លួន​ផងដែរ​នោះ ។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃ​២៥ មេសា លោកស្រី​អ្នកនាំពាក្យ បានបញ្ជាក់​ពី​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា​៖ « វៀតណាម មាន​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​ប្រវត្តិសាស្ត្រ​គ្រប់គ្រាន់ ដែល​បង្ហាញថា ប្រជុំ​កោះ Spratly ( វៀតណាម​ហៅ Trường Sa ) និង Paracel (​វៀតណាម​ហៅ Hoàng Sa) ស្ថិតក្រោម​អធិបតេយ្យ​របស់ខ្លួន » ។

​លោកស្រី បន្តទៀតថា សកម្មភាព​របស់​ចិន​ចុងក្រោយ​នេះ ដែល​រួមទាំង​ការធ្វើសកម្មភាព​ដោយ​នាវាមុជទឹក និង​ការបំពាក់​ប្រព័ន្ធ​រ៉ា​ដា​នៅ​តំបន់​ប្រជុំ​កោះ​ទាំងពីរ​នោះ បាន​បំពាន​អធិបតេយ្យ​របស់​វៀតណាម យ៉ាងធ្ងន់ធ្ងរ ។ លោកស្រី អះអាងថា សកម្មភាព​របស់​ចិន​ទាំងនេះ​ផ្ទុយទៅនឹង​កិច្ចព្រមព្រៀង នៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DoC) ក៏ដូចជា​ស្មារតី​ក្នុងការ​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(COC) ដែល​កំពុងតែ​ស្ថិតនៅក្នុង​នីតិវិធី​ចរចា​យ៉ាង​ស្មុគស្មាញ ។

​សូម​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​វិវាទ​អធិបតេយ្យ​ដែនសមុទ្រ ដែលមាន​រដ្ឋ​ពាក់ព័ន្ធ ដូចជា​ប្រទេស​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយ​ចិន ។ ប្រទេស​ពាក់ព័ន្ធ​ទាំងនេះ បានទាមទារ​ត្រួតស៊ីគ្នា​លើ​តំបន់​ប្រជុំ​កោះ Paracel និង Spratly​។ នា​សប្តាហ៍​មុន វៀតណាម ក៏​បានចេញ​ថ្លែងការណ៍​ស្រដៀង​គ្នា​ផងដែរ​ទៅកាន់​ចិន ។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សេចក្តីថ្លែងការណ៍​រប​ស់​វៀតណាម ត្រូវបាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​កិច្ចប្រជុំ​អាស៊ាន​ដែលមាន​សិង្ហ​បុរី ធ្វើជា​ប្រធាន​ចូលមក​ដល់ ។ កិច្ចប្រជុំ ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ ក៏មាន​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​របៀបវារៈ​ផងដែរ​។ នេះ​ក៏​អាច​និយាយបានថា វៀតណាម កំពុងតែ​ទាញ​ចំណាប់អារម្មណ៍​អាស៊ាន​មកលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែរ​៕


Tag:
 វៀតណាម​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com