សៀមរាប៖ បុព្វបុរសខ្មែរបានបន្សល់ទុកប្រាង្គប្រាសាទបុរាណជាច្រើនដល់កូនចៅជំនាន់ក្រោយ ហើយប្រាសាទទាំងនោះខ្លះសង់ពីថ្មភក់ ថ្មបាយក្រៀម និងដីឥដ្ឋ។ អ្នកជំនាញបានបង្ហាញថា ការជួសជុលប្រាសាទធ្វើពីថ្មភក់ គឺមានភាពងាយស្រួល ខុសពីប្រាសាទធ្វើពីឥដ្ឋ ដែលមានភាពផុយស្រួយ ត្រូវការពេលវេលា ភាពអត់ធ្មត់ ពិសេសគឺត្រូវមានជំនាញច្បាស់លាស់ទើបអាចជួសជុលស្របទៅតាមទម្រង់ដើមនៃប្រាសាទនោះឡើងវិញ។ ចាស់ព្រឹទ្ធិចារ្យជាបងប្អូន២រូប មានជំនាញច្បាស់លាស់លើការងារជួសជុលប្រាសាទឥដ្ឋនេះ ដែលពួកគាត់ចេះជំនាញនេះតពីឪពុករបស់លោក។
លោកតា ស៉ឹម អៃ និងលោកតា ស៉ឹម អឿម បានបង្ហាញការបារម្ភទៅលើកង្វះអ្នកជំនាញការជួសជុលប្រាសាទឥដ្ឋ ដែលលោកទាំងពីរបាននិងកំពុងប្រើពេលជាង២០ឆ្នាំមកហើយទៅលើប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរ។ លោកទាំងពីរថា បច្ចុប្បន្នយុវជនមិនសូវមានអ្នកស្រឡាញ់ និងចង់ធ្វើការងារដ៏លំបាកនេះទេ ពិសេសគឺការជួសជុលប្រាសាទឥដ្ឋតែម្ដង។ លោកតា ស៉ឹម អៃ ពន្យល់ថា៖« ការងារឥដ្ឋមិនដូចការងារថ្ម (ភក់) ទេ លំបាកណាស់។ ថ្មយើងអាចលើកមួយដុំបានកម្ពស់ពី៥ទៅ៦តឹក តែឥដ្ឋ លើក១០ដុំមិនទាន់បានប្រហែលថ្មមួយដុំផង ម្លោះហើយធ្វើឱ្យការងារយឺត»។ ចំណែកលោកតា ស៉ឹម អឿម ដែលជាប្អូនវិញ ពន្យល់ថា៖« ការរៀបឥដ្ឋនេះ យើងត្រូវពិនិត្យផ្ទៃឥដ្ឋចាស់របស់វាដែរ មិនមែនចេះតែដាក់ៗទេ ដូចឥដ្ឋចាស់របស់វា ប្រសិនណាយើងដកពីកន្លែងមួយហើយ យើងយកទៅដាក់វិញអត់ត្រូវទេ។ ធម្មតាឥដ្ឋពេលចាស់ទៅ វាមានការពុកផុយ ហើយយកវាមកលាងសម្អាតទៀត ដាក់វិញវានឹងទាបជាង ដល់ចឹងត្រូវយកអាផ្សេងមកជំនួស។ អត់ដូចថ្មភក់ទេ ថ្មភក់ជ្រុះមួយដុំ យើងអាចរើសយកទៅដាក់កន្លែងហ្នឹងវិញបាន»។
ប្រវត្តិត្រួសៗរបស់លោកតា ស៉ឹម អៃ លើការងារជួសជុលប្រាសាទនាពេលកន្លងមក
លោកតា អៃ នៅឆ្នាំ២០១៨នេះមានអាយុ ៧៦ឆ្នាំហើយ និងមានស្រុកកំណើតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកតាចូលបម្រើការងារជួសជុលប្រាសាទដំបូងនៅឆ្នាំ១៩៩៤ ដោយផ្តើមនៅការដ្ឋានប្រាសាទព្រះគោ ជាមួយស្ថាប័នប្រទេសហុងគ្រី។ ក្នុងការជួសជុលប្រាសាទ លោកតា អៃ មានបទពិសោធន៍ទាំងការជួសជុលប្រាសាទថ្ម និងប្រាសាទឥដ្ឋ ហើយចាប់ពីឆ្នាំ១៩៩៤មក លោកតាធ្លាប់ជួសជុលប្រាសាទព្រះគោ ប្រាសាទភ្នំបាខែង ប្រាសាទគោកចក និងសព្វថ្ងៃជាប្រធានក្រុមជួសជុលប្រាសាទឥដ្ឋនៅប្រាសាទលលៃ។
សម្រាប់លោកតា អៃ លោកមានបំណងចង់បម្រើការងារនេះរហូតដល់ពេលចុងក្រោយរបស់លោក ទោះវាមិនទទួលបានការគាំទ្រពីកូនៗរបស់លោកយ៉ាងណាក្ដី។ កូនទាំងពីររបស់លោកតា ចង់ឱ្យលោកសម្រាកនិងមានពេលវេលាច្រើនសម្រាប់នៅជាមួយកូននិងចៅៗ។ យ៉ាងណា លោកតា អៃថា លោកស្រឡាញ់ និងចង់ធ្វើការងារទាំងនេះដើម្បីកូនចៅ និងមរតកដូនតាខ្មែរ សម្រាប់ទុកឱ្យកូនចៅទៅជំនាន់ក្រោយទៀត។ គោលបំណងរបស់លោកតា លោកសុំឱ្យបញ្ញាវន្ដទាំងអស់ ត្រូវពង្រឹងការជួសជុលប្រាសាទឥដ្ឋឡើងវិញ ព្រោះថាវារងការខូចខាតច្រើន។ លោកបន្ថែមថា៖« បើយើងមិនបានធ្វើឱ្យដូចដើមវិញ សុំត្រឹមធ្វើយ៉ាងណា ថាប្រាសាទ១០ឱ្យនៅទាំង១០វិញ កុំឱ្យថយចុះដល់៧ ដល់៨»។
ប្រវត្តិត្រួសៗរបស់លោកតា ស៉ឹម អឿម លើការងារជួសជុលប្រាសាទនាពេលកន្លងមក
លោកតា អឿម កើតនៅឆ្នាំ១៩៥២ បច្ចុប្បន្នមានអាយុ៦៦ឆ្នាំ។ លោកតាមានស្រុកកំណើតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកចូលរួមការងារជួសជុលប្រាសាទនៅឆ្នាំ១៩៩៤ ដោយផ្តើមពីការងារនៅប្រាសាទព្រះគោ ជាមួយស្ថាប័នហុងគ្រី និងអ៉ីតាលី។ មុននឹងបានចូលរួមជួសជុលប្រាសាទ លោកតា អឿម ធ្លាប់ជាជាងសំណង់ផ្នែកឥដ្ឋ មុនអ្នកជំនាញការបរទេសជ្រើសរើសលោកឱ្យទៅជួសជុលនៅប្រាសាទព្រះគោ។
លោកតា អឿម រម្លឹកថា ឪពុករបស់លោកធ្លាប់ជួសជុលប្រាសាទបាគងដែរនៅជំនាន់បារាំង កាលឪពុកលោកនៅជាយុវជន ហើយលោករៀនចេះជំនាញកឥដ្ឋ កកំបោរពីឪពុកលោកផងដែរ។ បច្ចុប្បន្នលោកតា អឿម ជាប្រធានក្រុមការងារជួសជុលប្រាសាទឥដ្ឋនៅប្រាសាទបាគង។ ការប្រឈមរបស់ប្រាសាទឥដ្ឋ នោះគឺដើមឈើតូចៗដែលឬសរបស់វា បានចាក់ញែកដីឥដ្ឋ ដែលធ្វើឱ្យតួប្រាសាទបាក់រំលំបានយ៉ាងងាយ បើគ្មានការថែទាំត្រឹមត្រូវ។
លោកតា អឿម ថ្លែងដោយទឹកចិត្តមុតមាំថា លោកពេញចិត្តនឹងការងារជួសជុលប្រាសាទនេះណាស់ ពិសេសការជួសជុលប្រាសាទឥដ្ឋ ដែលទាមទារឱ្យមានភាពអត់ធ្មត់ខ្ពស់។ លោកតាបន្ថែមថា លោកមិនដែលធុញទ្រាន់នឹងការងារនេះឡើយ វាដូចឆ្នាំងបាយរបស់លោកតាយ៉ាងដូច្នោះដែរ ហើយលោកតាធ្វើដើម្បីបម្រើមនុស្សជាតិ និងសង្គមខ្មែរទាំងមូល។
លោកតាបានផ្ដាំដល់កូនចៅជំនាន់ក្រោយយ៉ាងដូច្នេះថា៖« កូនចៅ ពេលឃើញថ្ម ឬចម្លាក់ កុំដើរជាន់វា មានច្រើនណាស់ដែលដើរប្រាសាទបានត្រឹមតែមើលៗ គួរឱ្យតម្លៃដល់ប្រាសាទដែលដូនតាបន្សល់ឱ្យ»៕