ជាតិ
អ្នកវិភាគ លោក ហង្ស វិទូ៖ CPP ពិតជាលេងសន្លឹកបៀធីបមេដឹកនាំ CNRP
× ភ្នំពេញ៖ មកដល់ពេលនេះ អតីតគណបក្សសង្គ្រោះជាតិ មិនទាន់មានច្រកចូលប្រកួតប្រជែងការបោះឆ្នោតឡើងវិញឡើយ ក្រោយពីគណបក្សកាន់អំណាច ប្រកាសដាច់អហង្ការថា មិនបើកផ្លួវចរចាជាមួយមេដឹកនាអតីតបក្សប្រឆាំង ។ អ្នកវិភាគ មើលឃើញថា «ដើម្បីឈ្នះ» គណបក្សកាន់អំណាច ពិតជាលេងសន្លឹកបៀនៅក្នុងដៃ ធីបអតីតគណបក្សសង្គ្រោះជាតិ និងមេដឹកនាំបក្សមែន ដោយមិនមានការស្ដាយក្រោយឡើយ។
នៅសល់តែរយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងត្រូវបិទបញ្ចប់ជាផ្លូវការ នៅថ្ងៃទី១៤ ឧសភា។ ខណៈពេលនេះ ដំណឹងល្អនៃការរស់ឡើងវិញរបស់អតីតគណបក្សសង្គ្រោះជាតិ និងច្រកចូលរបស់មេដឹកនាំបក្សនេះ មិនទាន់មានជាផ្លូវការឡើយ។
វាគ្មានមន្ទិលសង្ស័យទៀតទេ ដែលថាគណបក្សកាន់អំណាចកំពុងប្រើសន្លឹកបៀក្នុងដៃ ដើម្បីបំបាត់គណបក្សសង្គ្រោះជាតិ។ អ្នកវិភាគនយោបាយ លោក ហង្ស វិទូ បាននិយាយថា សន្លឹកបៀធំក្នុងដៃគណបក្សកាន់អំណាចនេះ គឺប្រើយ៉ាងមានប្រសិទ្ធភាព ដែលមិនឲ្យអតីតមេដឹកនាំបក្សនេះ ចូលធ្វើនយោបាយប្រកួតប្រជែងនៅអាណត្តិទី៦ នាចុងខែកក្កដា ខាងមុខ។
សម្រាប់លោក ហង្ស វិទូ គណបក្សប្រជាជនកម្ពុជា ពិតជាលេងល្បែងយកឈ្នះអតីតមេដឹកនាំគណបក្សប្រឆាំង ដោយមិនមានការស្ដាយក្រោយឡើយ។ អ្វីដែលលោក ហង្ស វិទូ មើលឃើញនោះ គឺគណបក្សកាន់អំណាច នឹងយកឈ្នះការបោះឆ្នោតជាមួយគូប្រកួតប្រជែង ដែលមានលទ្ធភាពខ្សោយជាងខ្លួន តាមរូបភាពស្របច្បាប់កម្ពុជា ដោយមិនខ្វល់ការរិះគន់ពីសំណាក់សហគមអន្តរជាតិ ឬការឡាំប៉ារបស់អតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ហង្ស វិទូ បានបញ្ជាក់ដូច្នេះថា៖«គណបក្សកាន់អំណាចគេនឹងលេងសន្លឹកបៀដោយបោះទៅដោយមិនខ្លាចអ្វីទេ ព្រោះគេលេងជាមួយគណបក្សច្រើន ហើយក៏មានអ្នកជួយសម្ដែងឲ្យស្របតាមច្បាប់កម្ពុជា ដោយមិនចាំបាច់មានអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិឡើយ។ ប៉ុន្តែអ្វីជាបញ្ហាត្រង់ថា នៅពេលបោះឆ្នោតហើយតើពលរដ្ឋ ឬសហគមន៍អន្តរជាតិ ទទួលស្គាល់លទ្ធផលបោះឆ្នោត ឬអត់? បើអត់នោះវាអាចនឹងមានសម្ពាធខ្លះពីអន្តរជាតិ។ ប៉ុន្តែគណបក្សកាន់អំណាច ពួកគាត់ឆ្លាតណាស់ ពួកគាត់នឹងប្រើសន្លឹកបៀក្នុងដៃមួយទៀតទម្លាក់មក គឺឲ្យលោក សម រង្ស៊ី ចូលស្រុក ,ដោះលែងលោក កឹម សុខា និងឲ្យគណបក្សប្រឆាំងរស់ឡើងវិញ ឬសម្របសម្រួលនយោបាយជាដើម ដើម្បីដោះស្រាយបញ្ហា។ ប៉ុន្តែជាលទ្ធផលនោះ គណបក្សប្រជាជនបានឈ្នះឆ្នោតដដែល»។
កាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងមិនបើកច្រកចរចា ឬស្នើលើកលែងទោសឲ្យអ្នកណាឡើយ។ ប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាក់ថា អតីតគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញដែរ។ បើនិយាយពីការបោះឆ្នោតវិញ សម្ដេច បានបញ្ជាក់ថា វានឹងប្រព្រឹត្តជាធម្មតា ដោយមិនឲ្យមានការរំខានដល់ការបោះឆ្នោតឡើយ។ ប្រធានគណបក្សប្រជាជនរូបនេះ ក៏មិនខ្វល់ពីបរទេស ដែលមិនចង់ទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាដែរ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ។ សម្រាប់ដំណើរការបោះឆ្នោតនេះ គ.ជ.ប បានត្រៀមថវិកា៥៣លានដុល្លារ ខណៈដែលរដ្ឋាភិបាលចិន និងជប៉ុន បានផ្ដល់ជំនួយថិវកា និងបច្ចេកទេស សម្រាប់ជួយទ្រទ្រង់ការបោះឆ្នោត។ នេះបើតាមលោក ឌឹម សុវណ្ណារុំ៕
© រក្សាសិទ្ធិដោយ thmeythmey.com