ជាតិ
តម្លៃលិខិតឆ្លងដែនថ្មី៖ ១៥ថ្ងៃ១០០ដុល្លារ ៧ថ្ងៃ១៥០ដុល្លារ រីឯ១ថ្ងៃ២០០ដុល្លារ!
× អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយពីការកែប្រែរយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៦ ខែមិថុនា ខាងមុខ។
យោងតាមសេចក្តីសម្រេចរួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេលនៃការផ្តល់សេវាកម្មសម្រាប់លិខិតឆ្លងដែនដែលមានសុពលភាព១០ឆ្នាំ ត្រូវបានកាត់បន្ថយ ឲ្យកាន់តែលឿនជាងមុន។
សម្រាប់មនុស្សចាស់ ការផ្តល់សេវាធម្មតាដែលពីមុនត្រូវរង់ចាំ២០ថ្ងៃ ក្នុងតម្លៃ១០០ដុល្លារអាមេរិក ត្រូវថយមកត្រឹម១៥ថ្ងៃ។ សេវាឆាប់រហ័សកម្រិតមធ្យម បន្ថយពី១០ មក៧ថ្ងៃ ក្នុងតម្លៃ១៥០ដុល្លារអាមេរិក រីឯសេវាឆាប់រហ័ស មានតម្លៃ២០០ដុល្លារអាមេរិកដោយប្រើរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ។
សម្រាប់លិខិតឆ្លងដែនកូនក្មេង ដែលមានសុពលភាព៥ឆ្នាំ សេវាកម្មធម្មតាតម្លៃ៨០ដុល្លារអាមេរិកក្នុងរយៈពេល១៥ថ្ងៃ តម្លៃ១២០ដុល្លារអាមេរិកក្នុងរយៈពេល៧ថ្ងៃ និងតម្លៃ១៦០ដុល្លារអាមេរិកក្នុងរយៈពេល១ថ្ងៃ។
ក្រៅពីរាជធានីភ្នំពេញ សាខានាយកដ្ឋានលិខិតឆ្លងដែនប្រចាំខេត្តបាត់ដំបង បន្ទាយមានជ័យ និងកោះកុង ក៏ផ្តល់សេវាកម្មដូចគ្នាផងដែរ ប៉ុន្តែលើកលែងចំពោះការផ្តល់សេវាកម្មឆាប់រហ័ស ដែលត្រូវផ្តល់ជូនក្នុងរយៈពេលបីថ្ងៃយ៉ាងយូរ៕
Tag:
លិខិតឆ្លងដែន
សេវារដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com