ជាតិ
អាយស៊ីស៊ី-អង្គរ បើកកិច្ចប្រជុំបចេ្ចកទេសលើកទី៣០នៅថ្ងៃទី៥-៦មិថុនា
× សៀមរាប៖ គណៈកម្មាធិការអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣០របស់ខ្លួន នៅថ្ងៃទី៥ និងទី៦ មិថុនា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន ការតាមដានរបាយការណ៍នៃការងារអភិរក្ស ជួសជុល និងការងារស្រាវជ្រាវ ការអភិវឌ្ឍដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ដែលបានពីការផ្តល់អនុសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គកាលពីឆ្នាំ២០១៧ និងឆ្នាំកន្លងមក។
គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ(ICC-Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឱ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ (១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី (ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួមជាសមាជិកដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមជាមួយសហប្រធានទាំងពីរ គឺលោក Guillaume NARJOLLET ទីប្រឹក្សាផ្នែកសហប្រតិបត្តិការនិងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងលោក Kenichi BESSHO អនុប្រធានបេសកម្មនៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com