ជាតិ
អាយ​ស៊ី​ស៊ី​-​អង្គរ បើក​កិច្ចប្រជុំ​ប​ចេ្ច​ក​ទេស​លើក​ទី​៣០​នៅ​ថ្ងៃទី​៥-៦​មិថុនា​
05, Jun 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ គណៈកម្មាធិការ​អន្ដរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០​របស់ខ្លួន នៅ​ថ្ងៃទី​៥ និង​ទី​៦ មិថុនា ឆ្នាំ​២០១៨ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​។​



​របៀបវារៈ​សំខាន់ៗ​នៃ​កិច្ចប្រជុំ​នេះ​រួមមាន ការតាមដាន​របាយការណ៍​នៃ​ការងារ​អភិរក្ស ជួសជុល និង​ការងារ​ស្រាវជ្រាវ ការអភិវឌ្ឍ​ដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​បាន​ពី​ការផ្តល់​អនុសាសន៍​នៅក្នុង​កិច្ចប្រជុំពេញអង្គ​កាលពី​ឆ្នាំ​២០១៧ និង​ឆ្នាំកន្លងមក​។​

​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​(ICC-Angkor) បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ ក្រោយ​ស​និ្ន​សីទ​អន្តរជាតិ​លើក​ទី​១​ស្តីពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តាម​សំណូមពរ​របស់​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ពេល​ទទួល​ចុះ​អង្គរ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ការបង្កើត​យន្តការ​អន្តរជាតិ ICC សម្រាប់​អង្គរ ជា​លក្ខខណ្ឌ​មួយ​ក្នុងចំណោម​លក្ខខណ្ឌ​ទាំង​៥ ដែល​តម្រូវឱ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ក្នុង​រយៈពេល​៣​ឆ្នាំ (១៩៩៣-១៩៩៦)​។ សមាជិក​នៃ​អាយ​ស៊ី​ស៊ី (ICC) មាន​ចំនួន​៣៧​ប្រទេស មកពី​ទ្វីប​៥ និង​មាន​អង្គការ​អន្តរជាតិ​ចំនួន​១៣​ទៀត​ចូលរួម​ជា​សមាជិក​ដែរ​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​ប្រារព្ធ​ឡើង​ក្រោម​វត្តមាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា រួមជាមួយ​សហប្រធាន​ទាំងពីរ គឺ​លោក  Guillaume NARJOLLET ទីប្រឹក្សា​ផ្នែក​សហប្រតិបត្តិការ​និង​កិច្ចការ​វប្បធម៌ នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា និង​លោក Kenichi BESSHO អនុប្រធាន​បេសកម្ម​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com