ជាតិ
សង្គមជាតិ
សល់ ១០​ថ្ងៃ​ទៀត ការផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ​នៅ​ថៃ​ប្រមាណ ១​ម៉ឺន​នាក់ នឹងត្រូវ​បញ្ចប់​
20, Jun 2018 , 8:39 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងការងារ
រូបភាពពីហ្វេសប៊ុកក្រសួងការងារ
ដោយ:
​នៅសល់តែ ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​-​ថៃ នឹង​បញ្ចប់​ការបញ្ជាក់​អត្តសញ្ញាណ​ថ្មី​ដល់​ពលករ​ខ្មែរ ដែលជា​បណ្ណស៊ី​ជម្ពូ (​បណ្ណ​មិនមែន​សញ្ជាតិ​ថៃ​) ចេញ​ដោយ​ភាគី​ថៃ ដើម្បី​យកទៅ​សុំ​ភាពស្របច្បាប់​ពី​ថៃ​។ នៅមាន​ពលករ​ខ្មែរ​ប្រមាណ ១​ម៉ឺន​នាក់​ទៀត នៅ​ប្រទេស​ថៃ ដែល​ត្រូវ​បញ្ជាក់​ពី​ភាពស្របច្បាប់​នេះ​។



​ស្ថិតនៅក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ដោយ​គិត​ត្រឹម​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ ភាគី​កម្ពុជា​-​ថៃ បានផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ចំនួន ១​លាន ៧​ម៉ឺន​នាក់ ដោយ​ក្នុងនោះ ពលករ​ខ្មែរ​បានទទួល​ការបញ្ជាក់​អត្តសញ្ញាណ​បណ្ណស៊ី​ជម្ពូ (​បណ្ណ​មិនមែន​សញ្ជាតិ​ថៃ​) ចំនួន ៤២​ម៉ឺ​នាក់ និង​ចំនួន ៦៥​ម៉ឺន​នាក់ សម្រួល​ឯកសារ និង​ផ្ដល់​ភាពស្របច្បាប់​តាមរយៈ MoU​។ នេះ​បើតាម​ការ​ឲ្យ​ដឹង ពី​គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

​គណៈកម្មការ​ខាងលើ​បាន​បន្តថា ភាគី​ថៃ​បាន​ឯកភាព​ឲ្យ​ពលករ​ខ្មែរ​ដែល​ពុំទាន់​មាន​ឯកសារ ក្រោយពេល​បញ្ចប់​យុទ្ធនា​ការផ្ដល់​ភាពស្របច្បាប់ អាច​ត្រឡប់​ទៅ​កម្ពុជា​ដើម្បី​ស្នើសុំ​ធ្វើឯកសារ​ស្របច្បាប់ ហើយ​ត្រឡប់មក​ធ្វើការ​នៅ​ថៃ​វិញ​ជា​ពលករ តាមរយៈ MoU​។ ក្នុងករណី​ពលករ​ខ្មែរ​ដែល​មិនទាន់មាន​ឯកសារ ឬ​បាត់​ឯកសារ ត្រូវ​ជូនដំណឹង​ទៅកាន់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​ទីប្រឹក្សា​ទទួលបន្ទុក​ពលករ ដើម្បី​ចេញ​លិខិតបើកផ្លូវ​ឲ្យ​ពលករ​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ នេះ​ជាការ​បន្ថែម​នៃ​គណៈកម្មការ​ដដែល និង​បាន​បន្តទៀតថា ភាគី​ទាំងពីរ​ឯកភាពគ្នា​បញ្ច​ប់​យុទ្ធនា​ការផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខែ្មរ នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨៕

អត្ថបទទាក់ទង



Tag:
 ពលករ​ខ្មែរ​-​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com