ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ស្នើធនាគារឲ្យនិស្សិតខ្ចីលុយរៀនជំនាញក្នុងវិស័យទេសចរណ៍
× ភ្នំពេញ៖ ស្របនឹងវិស័យទេសចរណ៍កម្ពុជាមានសក្ដានុពលខ្ពស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវដល់បណ្ដាធនាគារឯកទេសទាំងឡាយ ចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការផ្ដល់កម្ចីការប្រាក់ទាប ដល់សិស្សនិស្សិតដែលចង់រៀនជំនាញក្នុងវិស័យទេសចរណ៍។
សម្ដេចបានថ្លែងដូចនេះ ក្នុងពិធីបិទសន្និសីតអន្តរជាតិស្ដីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសរណ៍អាស៊ាន (ASEAN MRA-TP) នៅថ្ងៃទី២១ខែមិថុនានេះ។
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ខាងក្រោមនេះ៖
សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងថា ខណៈដែលរដ្ឋាភិបាលគ្មានកញ្ចប់ថវិកាណាមួយសម្រាប់ផ្ដល់ឲ្យនិស្សិតទទួលការអប់រំជំនាញទេសចរណ៍ ក្រៅតែអំពីការបង្កើតសាលារៀន ដូចនេះមានតែអំពាវដល់បណ្ដាធនាគារឯកទេស ជួយផ្ដល់ធនធានហិរញ្ញវត្ថុ។
ប្រមុខរដ្ឋាភិបាល បានណែនាំទៅរដ្ឋមន្ត្រីក្រសួងលោក ថោង ខុន ឲ្យទាក់ទងទៅគ្រឹះស្ថានទាំងនោះដើម្បីរៀបចំនីតិវិធីនានាទាក់ទងនឹងការខ្ចី អត្រាការប្រាក់ និងការសងត្រឡប់របស់និស្សិត។
សម្ដេចបញ្ជាក់ថា កិច្ចសហការផ្ដល់ប្រាក់កម្ចីរៀនទេសចរណ៍នេះ អាចធ្វើឡើងទាំងក្នុងក្របខណ្ឌធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សម្ដេចអះអាងថា កិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន នឹងជំរុញឲ្យកម្ពុជាមានធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើរទន្ទឹមគ្នាជាមួយបណ្ដាប្រទេសក្នុងតំបន់។
នៅក្នុងឆ្នាំ២០១៧ កន្លងទៅ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៥,៦លាននាក់ កើនឡើងជិត ១២ភាគរយ ដែលបង្កើតការងារផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។ ហើយនៅឆ្នាំ២០២០ ខាងមុខ កម្ពុជាបានដាក់ទិសដៅទាក់ទាញទេសចរចំនួន ៧លាននាក់ ក្នុងនោះទេសចរចិនចំនួន ២លាននាក់។
កន្លងមក ក្រសួងទេសចរណ៍បានប្រកាសថា កម្ពុជាត្រូវការមគ្គទេសក៏ទេសចរណ៍ជាង១ម៉ឺននាក់នៅឆ្នាំ២០២០ ខណៈមគ្គទេសក៏បម្រើក្នុងវិស័យនេះកាលពីឆ្នាំ២០១៧ មានចំនួនជាង ៥ពាន់នាក់៕
Tag:
ហ៊ុន សែន
ទេសចរណ៍
និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com