FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាលអាមេរិកថាមិនបានសុំអាវ Ronaldo ដូចការចោទរបស់កីឡាករម៉ារ៉ុកទេ
× លោក Mark Geiger អាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតរវាងព័រទុយហ្គាល់ និងម៉ារ៉ុក បដិសេធថា លោកមិនបានសុំអាវរបស់ Cristiano Ronaldo អំឡុងពេលចប់ការប្រកួតវគ្គទី១ ដូចការចោទប្រកាន់ពីសំណាក់កីឡាករម៉ារ៉ុក Nordin Amrabat នោះឡើយ។
Nordin Amrabat ខ្សែបម្រើក្រុមជម្រើសជាតិម៉ារ៉ុក បានរិះគន់ទៅលើអាជ្ញាកណ្ដាលអាមេរិក លោក Mark Geiger ដែលសុំអាវរបស់ខ្សែប្រយុទ្ធឆ្នើម Real Madrid ក្រោយដឹងព័ត៌មាននេះចេញពីមាត់ខ្សែការពារព័រទុយហ្គាល់ Pepe។ សមាជិកក្រុម Watford រូបនេះនិយាយថា រឿងដូច្នេះមិនគួរឲ្យកើតមានសោះ ព្រោះនេះជាព្រឹត្តិការណ៍ World Cup មិនមែនជាការសម្តែងសៀកនោះទេ។
បើតាមការផ្សាយរបស់ BBC ជុំវិញករណីនេះ FIFA បានពិចារណាហើយលើកឡើងថា នេះជាព័ត៌មានមិនច្បាស់លាស់នោះទេ ដោយត្រូវថ្កោលទោសពាក្យបណ្តឹងទុក ខណៈលោក Mark Geiger បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ទាំងនេះ។ អាជ្ញាកណ្តាល វ័យ៤៣ឆ្នាំរូបនេះបានអះអាងថាជនជាតិអាមេរិកដើរតួក្នុងលក្ខណៈគំរូបំផុត និងជំនាញវិជ្ជាជីវៈជានិច្ច។
Ronaldo ដែលធ្វើបាន Hat-trick នាជំនួបជាមួយអេស្ប៉ាញ ជាអ្នកនាំជ័យជម្នះដល់ព័រទុយហ្គាល់លើជម្រើសជាតិម៉ារុក ១-០ សម្រាប់ការប្រកួតលើកទីពីរនៅក្នុងពូល B។ បរាជ័យរបស់ក្រុមមកពីតំបន់អាហ្វ្រិកនេះ បានធ្វើឲ្យពួកគេក្លាយជាក្រុមទីមួយដែលបាត់ឱកាសឈានទៅកាន់វគ្គបន្តក្នុងព្រឹត្តិការណ៍ FIFA World Cup 2018៕
Tag:
បាល់ទាត់
FIFA World Cup
Cristiano Ronaldo
Nordin Amrabat
© រក្សាសិទ្ធិដោយ thmeythmey.com