ជាតិ
សង្គមជាតិ
ពលរដ្ឋ ៣១៧​គ្រួសារ នៅ​ខេត្តកោះកុង ផ្ទុះ​ការតវ៉ា​ជាថ្មី នៅមុខ​ក្រសួង​ដែនដី​
28, Jun 2018 , 9:59 pm        
រូបភាព
ដោយ:
​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​រយៈពេល​១២​ឆ្នាំ រវាង​ពលរដ្ឋ​៣១៧​គ្រួសារ​ក្នុង​ខេត្តកោះកុង ជាមួយ​ក្រុមហ៊ុន​ឯកជន ដែល​លោក ជា សុផារ៉ា ធ្លាប់បាន​ដោះស្រាយ​រួច​ម្តងមកហើយ​នោះ  បាន​ផ្ទុះ​ការតវ៉ា​សាជាថ្មី នៅមុខ​ក្រសួង​ដែនដី នា​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​



​នេះ​ជា​លើក​ទី​២​ហើយ ដែល​ប្រជាពលរដ្ឋ​ទាំង​៣១៧​គ្រួសារ ក្នុងស្រុក​បុ​ទុម​សាគរ និង​ស្រុក​ស្រែអំបិល ខេត្តកោះកុង បាន​ឡើងមក​តវ៉ា​ពី​បញ្ហាដីធ្លី នៅមុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​រាជធានី​ភ្នំពេញ​។ ការផ្ទុះ​ការតវ៉ា​ជាថ្មី​នេះ គឺ​ដោយសារតែ​ពួកគេ មិន​សុខចិត្ត​ដែល លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី ធ្លាប់បាន​សន្យាថា​នឹង​វាស់វែង​ពុះ​កាត់​ដី​ឡូ​តិ៍ ដែល​ពួកគេ ចង់បាន បែរជា​ប្តូរ​ទៅ​ទីតាំង​ផ្សេង​ទៅវិញ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ដី​ដែលជា​ទីតាំង​ថ្មី​នោះ​ជា ប្រភេទ​ដីព្រៃ​តំបន់​អភិរក្ស ដូច្នេះ​ពួកគេ​មិនអាច​ទទួលយក​បានទេ​។​

​ប្រជាពលរដ្ឋ ដែល​បានមក​តវ៉ា បាន​និយាយថា ពួកគាត់​បាន​រង់ចាំ​ក្រុមការងារ​របស់​ក្រសួង​មក​វាស់វែង​ដី​ឡូ​តិ៍​ជូន​ពូក​គាត់ តាំងពី​ពេលដែល​លោក ជា សុផារ៉ា បាន​សន្យា ប៉ុន្តែ​ការរង់ចាំ​រហូត​មិនឃើញ​ដល់​ថ្ងៃទី​២៦ ខែមិថុនា ទើប​នាំគ្នា​ឡើងមក​ភ្នំពេញ ដើម្បី​សួរ​បញ្ជាក់​ពី​រដ្ឋមន្ត្រីក្រសួង​ដែន​រូបនេះ ថា​ជា​ការពិត ឬក៏​មានការ​ផ្លាស់ប្តូរ​ទៅ​ទីតាំង​ផ្សេង​។​



​ក្រុម​ប្រជាពលរដ្ឋ បាន​បន្ថែមថា បើ​មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​ទេ ពួកគេ នៅតែ​បន្ត​តវ៉ា ទោះបីជា​ដល់​ថ្ងៃ​បោះឆ្នោត​ក៏ដោយចុះ​។ ប៉ុន្តែ ពួកគេ នៅតែ​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​នេះ ជូន​ក្រុម​ប្រជាពលរដ្ឋ​ទាំង​៣១៧​គ្រួសារ ដែលមាន​ជីវភាព​ក្រីក្រ និង​លំបាក​។

​សំឡេង​តំណាង​ប្រជាពលរដ្ឋ ដែល​តវ៉ា​នៅ​ក្រសួង​ដែនដី​៖




​សូមបញ្ជាក់ថា លោក ជា សុផារ៉ា បាន​ដោះស្រាយ​បញ្ចប់​ម្តង​រួចមកហើយ ចំពោះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​៣១៧​គ្រួសារ​ខាងលើ  កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​ដី ២​ហិកតា និង​លុយ​៣​ពាន់​ដុល្លារ​។ ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ កើតឡើង​តាំងពី​ឆ្នាំ​២០០៦ មក រវាង​ក្រុមហ៊ុន Koh Kong Plantation Co., Ltd និង​ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ជាមួយនឹង​ប្រជាពលរដ្ឋ​ទាំង​៣១៧​គ្រួសារ​៕

អត្ថបទទាក់ទង
















Tag:
 ទំនាស់​ដីធ្លី​
  ប្រជាពលរដ្ឋ​
  ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com