ពីនេះ ពីនោះ
សង្គមជាតិ
រាជធានីភ្នំពេញ៖ ជួយរំដោះផ្លូវ ៩៧, ៩៩ និង១០៣ ស្មើនឹងជួយរំដោះចរាចរណ៍តំបន់ក្បាលថ្នល់
× ភ្នំពេញ៖ ពេលព្រឹក និងពេលល្ងាច តំបន់ក្បាលថ្នល់រាជធានីភ្នំពេញត្រូវកកស្ទះស្ទើរជារៀងរាល់ថ្ងៃ ព្រោះ ក្បាលថ្នល់ គឺជាច្រកចេញ និងចូលដ៏សំខាន់សម្រាប់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ពលរដ្ឋពីខាងតតំបន់ក្រុងតាខ្មៅ, ចាក់អង្រែលើ-ក្រោម, ខាងគៀនស្វាយ និងខាងស្ទឹងមានជ័យមួយផ្នែក ជាធម្មតាត្រូវធ្វើដំណើរឆ្លងកាត់តាមរង្វង់មូលក្បាលថ្នល់។ ការកកស្ទះនេះ អាចបណ្តាលមកពីអ្នកធ្វើដំណើរច្រើន និងធ្វើដំណើរនៅម៉ោងតែមួយ ជាពិសេស ពេលព្រឹក និងពេលល្ងាច។ តែទោះជាយ៉ាងនេះ គេអាចដោះស្រាយបញ្ហាចរាចរណ៍នៅតំបន់ក្បាលថ្នល់បាន។
ពេលព្រឹក ពលរដ្ឋធ្វើដំណើរចូលក្រុង ហើយពេលល្ងាច ពលរដ្ឋធ្វើដំណើរទៅកាន់គេហដ្ឋានរបស់ពួកគេរៀងៗខ្លួន។ តែទោះជាយ៉ាងណា គេអាចរំដោះចរាចរណ៍តំបន់ក្បាលថ្នល់បានដោយធ្វើការដោះស្រាយផ្លូវទាល់ចំនួនបីដែលរាំងខ្ទប់ផ្លូវធ្លុះទៅកាន់ផ្លូវទំនប់លេខ២៧១។ ផ្លូវទាំងនោះជារួមមាន៖ ផ្លូវលេខ៩៧ស្របនឹងមហាវិថីព្រះមុន្នីវង្ស ត្រូវរាំងខ្ទប់ដោយសំណង់មិនរៀបរយមួយចំនួនតូច ដែលជាឧបសគ្គរារាំងការធ្វើចរាចរណ៍ទៅកាន់ផ្លូវ២៧១។
ផ្លូវលេខ៩៩ ស្របនឹងផ្លូវលេខ៩៧ ហើយស្របនឹងមហាវិថីព្រះមុន្នីវង្សផងដែរនោះ ក៏ត្រូវរាំងស្ទះដោយសំណង់មិនរៀបរយដូចផ្លូវលេខ៩៧ដែរ ហើយផ្លូវមួយទៀតលេខ១០៣ ដែលស្របនឹងផ្លូវ៩៩ និងផ្លូវ៩៧ ដែរនោះ ក៏មិនអាចភ្ជាប់ទៅនឹងផ្លូវ២៧១បានដែរ ដោយសារគ្មានស្ពានឆ្លងកាត់លូទឹកស្អុយ។ ប្រសិនបើមានកូនស្ពានតូចមួយឆ្លងកាត់ ពេលនោះ ផ្លូវ១០៣អាចរំដោះចរាចរណ៍ពីផ្លូវ២៧១បានយ៉ាងច្រើន។
សរុបសេចក្តីមក ប្រសិនបើសាលារាជធានីភ្នំពេញអាចទម្លុះ ឬដោះស្រាយបញ្ហាតូចតាចដែលរាំងស្ទះផ្លូវទាំងបីខាងលើនេះបាន ពេលនោះ ការកកស្ទះតំបន់ក្បាលថ្នល់អាចនឹងដោះស្រាយបានមួយកម្រិតថែមទៀត។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតំបន់បឹងត្របែកទាំងមូលក៏ស្រួលធ្វើដំណើរភ្ជាប់ទៅកាន់ផ្លូវ២៧១ដោយមិនចាំបាច់ធ្វើដំណើរវាងទៅតំបន់ក្បាលថ្នល់។ ដូចគ្នាដែរសម្រាប់អ្នកធ្វើដំណើរចូលរាជធានីភ្នំពេញ ពួកគេអាចប្រើប្រាស់ផ្លូវ៩៧ ៩៩ និង១០៣ ដោយមិនចាំបាច់ប្រើប្រាស់ផ្លូវតំបន់ក្បាលថ្នល់៕
(លិខិតមិត្តអ្នកអាន) (លោក សួង សុភក្តិ ពលរដ្ឋតំបន់បឹងត្របែក)
© រក្សាសិទ្ធិដោយ thmeythmey.com