អ្នក​នាំ​ផ្លូវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ កើន​ពី​៥​នាក់ ដល់​២០​នាក់ រង់ចាំ​ទេសចរ​
ជាតិ
អ្នក​នាំ​ផ្លូវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ កើន​ពី​៥​នាក់ ដល់​២០​នាក់ រង់ចាំ​ទេសចរ​
08, Jul 2018 , 3:24 pm        
រូបភាព
រូបភាពពី Vana Adventure Travel
រូបភាពពី Vana Adventure Travel
​នាំគ្នា​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​ទាញ​អ្នកភូមិ​ពី​ការកាប់​ឈើ និង​ធ្វើ​ចំណាកស្រុក​។ អ្នកភូមិ​ស្រែ​កិន​៣ ដែល​ស្ថិតនៅ​ចំងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ជើងភ្នំ​ឱ​រ៉ា​ល់ កាន់តែច្រើន​បាន​បោះបង់​របរ​ស៊ីឈ្នួល​កាប់​ឈើ បន្ទាប់​ទេសចរ​កាន់តែ​ច្រើន​បាននាំគ្នា​ឡើង​ភ្នំ​ឱ​រ៉ា​ល់​។ អ្នកភូមិ​បាន​ហៅ​គ្នីគ្នា​ធ្វើជា​អ្នក​នាំ​ផ្លូវ​ទេសចរ​ឡើង​ភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​កំពស់​១៨១៣​ម៉ែត្រ​។​

 
​មកដល់​មុន​ដើមឆ្នាំ​២០១៨​នេះ មាន​អ្នកភូមិ​៥​នាក់​ប៉ុណ្ណោះ​ដែល​ធ្វើជា​អ្នក​នាំ​ផ្លូវ​ទេសចរ​ខ្មែរ និង​បរទេស​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។ នា​ចុងខែ​មករា​ដើមឆ្នាំ​២០១៨​នេះ ក្រុមការងារ​នៃ​កម្មវិធី «Mercedes និង​កំណប់​អាថ៌កំបាំង​» របស់​សារព័ត៌មាន​ថ្មីៗ និង​Fresh News បានធ្វើ​ដំណើរ​៣​យប់​៤​ថ្ងៃ​ឡើងទៅ​កំពូលភ្នំ​ឱ​រ៉ា​ល់ ដែល​អ្នកភូមិ​ខ្លះ​ហៅថា ភ្នំ​ខ្ជោល​។ មាន​អ្នកភូមិ​៥​នាក់​ដែលជា​អ្នក​ជួយ​លីសែង យូរ​សម្ភារ ព្រមទាំង​ម្ហូបអាហារ​អង្ករ​ជាដើម​ផង និង​បាន​នាំ​ផ្លូវ​ក្រុមអ្នកកាសែត​១០​នាក់​ឡើង​កំពូលភ្នំ​ឱ​រ៉ា​ល់​នោះ​។ ក្រុមហ៊ុន Star Auto Cambodia គឺជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​។​
 
​បន្ទាប់ពី​ក្រុមការងារ​សារព័ត៌មាន​ទាំង​ពីរបាន​ផ្តិត​រូបភាព និង​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាងច្រើន​អំពី​ទេសភាព និង​ដំណើរ​ឡើងទៅ​កាន់​កំពូលភ្នំ​ឱ​រ៉ា​ល់​មក ប្រធាន​ក្រុម​អ្នក​នាំ​ផ្លូវ​ឡើង​ភ្នំ​លោក ឈឺ​ន ឈី​ម បាន​អះអាងថា ទេសច​ខ្មែរ​កាន់តែច្រើន​បាននាំគ្នា​ទៅកាន់​កំពូលភ្នំ​នោះ ដោយបាន​ជួល​ក្រុម​របស់លោក​ជា​នាំ​ផ្លូវ​។ ទេសចរ​កាន់តែច្រើន ទាំង​ខ្មែរ និង​បរទេស ហើយ​ធ្វើដំណើរ​ជា​ក្រុម​ធំៗ​ទៀត​នោះ បាន​ទាក់ទង​លោក​ឲ្យ​នាំ​ផ្លូវ​ពួកគេ​ឡើង​ភ្នំ​។ ដូច្នេះ លោក ឈី​ម ត្រូវ​រក​កម្លាំង​បន្ថែម​។​
 
 
​លោក ឈី​ម បាន​និយាយ​រៀបរាប់​ក្នុង​សំនៀង​រដឺន​បែប​អ្នកស្រុក​ឱ​រ៉ា​ល់ យ៉ាង​ដូច្នេះ​ថា​៖«​តាំងពី​ក្រុម​បង​អ្នកកាសែត​ត្រឡប់​ទៅវិញ មាន​មនុ​ស្សមក​ច្រើន​មក​បន្ត​គ្នា​។ ដូច្នេះ​ពួក​ខ្ញុំ​អ្នក​នាំ​ផ្លូវ ឥឡូវ​ឡើងដល់​២០​នាក់​ហើយ​។ ខ្ញុំ​ហៅ​ពួកគេ​ឲ្យ​មកជួយ ហើយ​ចង់​ឲ្យ​ពួកគេ​ឈប់​ស៊ីឈ្នួល​កាប់​ឈើ​។ នាំ​ទេសចរ​ឡើង​ភ្នំ ស្រួល​រកលុយ​ជាង​»​។​
 
​ទេសចរ​ច្រើន​ធ្វើដំណើរ​កម្សាន្ត​ជា​ក្រុម​ធំ​ដែលមាន​មនុស្ស​ច្រើនជាង​១០​នាក់​។ លោក ឈី​ម បាន​ពន្យល់ថា អ្នក​នាំ​ផ្លូវ​ម្នាក់​ជា​អ្នកទទួលបន្ទុក​ទេសចរ​ពីរ​ឬ​បីនាក់​។ «​អ្នក​នាំ​ផ្លូវ​ម្នាក់ ទារ​តម្លៃ​កម្លាំង​ពលកម្ម​៣៥​ដុល្លារ​សម្រាប់​ដំណើរ​ឡើង​ភ្នំ​និង​ត្រឡប់​មកដល់​ភូមិ​វិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈី​ម ដែលមាន​ពិសោធន៍​នាំ​ភ្ញៀវទេសចរ​ខ្មែរ​និង​បរទេស​ឡើង​ភ្នំ​ឱ​រ៉ា​ល់ មិនតិចជាង​១០០​ដង​ឡើយ​។​
 
​អ្នក​នាំ​ផ្លូវ​មាន​ចំនួន​ច្រើន​គួរសម ប៉ុន្តែ​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​វេន​គ្នា​ដែរ​នៅពេលដែល​មានដំណើរ​អ្នកទេសចរ​មក​ញឹកញាប់​បន្តបន្ទាប់​គ្នា​នោះ​។ លោក ឈឺ​ន ឈី​ម បាន​បញ្ជាក់ថា លោក​ចង់​ឲ្យ​មាន​ទេសចរ​កាន់តែ​ច្រើនឡើង​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​អ្នកភូមិ​របស់លោក​មាន​ការងារ​ធ្វើ និង​អ្នកភូមិ​មាន​ចំណូល ធ្វើយ៉ាងណា​កុំ​ឲ្យ​ពួកគេ​ស៊ីឈ្នួល​កាប់​ឈើ និង​ធ្វើ​ចំណាកស្រុក​។ លោក​បន្តថា មិន​ថា​អ្នកទេសចរ​មក​ច្រើន​យ៉ាងណា​នោះទេ មាន​អ្នកភូមិ​ជាច្រើន​ដែល​អាច​នាំ​ទេសចរ​ទាំងនោះ​ឡើង​ភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​បាន​៕

Tag:
 ឱ​រ៉ា​ល់​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66635 [1] => 9 [2] => អ្នក​នាំ​ផ្លូវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ កើន​ពី​៥​នាក់ ដល់​២០​នាក់ រង់ចាំ​ទេសចរ​ [3] => content [4] => [5] => ឱ​រ៉ា​ល់​, ទេសចរណ៍​ [6] => 1 [7] => 0 [8] => )