អន្តរជាតិ
​ដើម្បី​ពង្រឹង​ឥទ្ធិពល​ខ្លួន​ក្នុង​តំបន់ មហាអំណាច​ចិន ប្រកាស​ផ្តល់​កម្ចី ២០​ពាន់​លាន​ដុល្លារ​ដល់​រដ្ឋ​អារ៉ាប់
10, Jul 2018 , 10:19 pm        
រូបភាព
​នា​ថ្ងៃ​អង្គារ​ទី ១០ ខែកក្កដា ក្នុង​វេទិកា​កិច្ចសហប្រតិបត្តិការ​ចិន​-​អារ៉ាប់ (CASCF) ដែល​ធ្វើឡើង​នៅ​វិមាន​ប្រជាជន​ចិន​ក្នុង​រដ្ឋធានី​ប៉េកាំង ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បាន​ថ្លែងថា ចិន​ត្រៀម​ផ្តល់​កម្ចី​ក្នុង​ទំហំ ២០​ពាន់​លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស​អារ៉ាប់​ក្នុង​គោលដៅ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

 


​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខរដ្ឋ​ចិន​ខាងលើ​បាន​អះអាង​នៅ​ចំពោះមុខ​មន្ត្រីជាន់ខ្ពស់​តំណាង​រដ្ឋ​អារ៉ាប់​ថា កម្ចី​ដែល​ចិន​ផ្តល់​ឲ្យ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ពិសេស​សម្រាប់​កសាងឡើង​វិញ​នូវ​សេដ្ឋកិច្ច និង​ជំរុញ​ការលូតលាស់​នៃ​វិស័យ​ឧស្សាហកម្ម​។ គម្រោង​ពិសេស​នេះ​ស្ថិតក្រោម​ក្របខណ្ឌ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​របស់​ចិន​។

«​កម្ចី​នេះ​នឹងចូលរួម​ចំណែក​បង្កើត​ឱកាស​ការងារ​ល្អ និង​ជួយ​បង្កើត​ផល​វិជ្ជមាន​លើ​ការអភិវឌ្ឍ​សង្គម​នៅក្នុង​បណ្តា​ប្រទេស​អារ៉ាប់​ដែល​កំពុង​ត្រូវ​ការកសាង​សេដ្ឋកិច្ច​ឡើងវិញ​នោះ​»​។ លោក ស៊ី បាន​និយាយ​ដូច្នេះ​នាពេល​បើក​កិច្ចប្រជុំ​កម្រិត​រដ្ឋមន្ត្រី​នៃ​វេទិការ​កិច្ច​ច​សហ​ប្រតិ​ប​ត្ត​ការ​ចិន​-​អារ៉ាប់ ។​

​ដោយឡែក​ក្រៅពី​កម្ចី​ហិរញ្ញវត្ថុ ២០​ពាន់​លាន​ដុល្លារ​នេះ លោក ស៊ី ក៏​ប្រកាស​ដែរ​ថា​រដ្ឋាភិបាល​ចិន​ត្រៀម​លុយ​ប្រហែល ១៥១ លាន​ដុល្លារ​ផ្សេងទៀត​សម្រាប់​ប្រទេស​ក្នុង​តំបន់​ដើម្បី​ប្រើប្រាស់​ក្នុងការ​ពង្រឹងសមត្ថភាព​ធានា​សេ្ថ​រ​ភាព​តំបន់​ផងដែរ​។​

​ជុំវិញ​ការផ្តល់​កម្ចី​នេះដែរ លោក ស៊ី បានចាត់ទុក​រដ្ឋ​អារ៉ាប់​នេះ​ជា​ដៃគូ​ធម្មជាតិ​របស់​ចិន​ព្រោះ​ពួកគេ​មាន​ទីតាំងនៅ​ស្ថិតនៅ​ចំ​កណ្តាលផ្លូវ​សូត្រ​បុរាណ​។ លោក​ក៏​រំពឹង​ផងដែរ​ថា ជំនួប​កំពូល​នេះ​នឹង​នាំមក​នូវ​ផ្លែផ្កា​ច្រើន​ទៀត​ដែល​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​រដ្ឋ​អារ៉ាប់​ជាពិសេស​ជំរុញ​គម្រោង​អភិវឌ្ឍ​រួមគ្នា​ផ្សេងទៀត​ជាច្រើន​នៅពេល​អនាគត​។​

«​ចិន​ស្វាគមន៍​ឱកាស​ក្នុង​ការចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍ​កំពង់ផែ និង សាងសង់​បណ្តាញ​ផ្លូវ​រថភ្លើង​ភ្ជាប់​ប្រទេស​អាហ្វ្រិក ដោយសារ​វា​ជា​ផ្នែក​នៃ​គម្រោង​ភ្ជាប់​ការដឹកជញ្ជូន​ពី​អាស៊ី​កណ្តាល​ជាមួយ​អាហ្វ្រិក​ខាងត្បូង និង​ភ្ជាប់​មហាសមុទ្រ​ឥណ្ឌា​ជាមួយ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​»​។ លោក ស៊ី​និយាយ​ដូច្នេះ​។​

​ចាប់ពី​ឡើងកាន់តំណែង​ឆ្នាំ ២០១២ លោក ស៊ី ជីន​ភីង ព្យាយាម​ពង្រឹង​ឥទ្ធិពល​របស់​មហាអំណាច​ចិន​នៅលើ​ពិភពលោក​ជាពិសេស​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​ផងដែរ​។ ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ គេ​ឃើញ​រដ្ឋាភិបាល​ចិន​ជំរុញ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ ហើយ​ក្រុមហ៊ុន​ចិន​ច្រើនសន្ធឹក​បន្តកន្ទុយ​គ្នា​ទៅ​បណ្តាក់ទុន​រកស៊ី​នៅ​ទីនោះ​ដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ចិន​បានសម្រេច​បើក​មូលដ្ឋានទ័ព​របស់​ខ្លួន​ជា​លើកដំបូង​នៅ​រដ្ឋ​អា​ហ្វ្រិ​ជី​ប៊ូ​ទី ដែលជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ដែរ​កន្លងមក​នោះ​។

​ស្ថិតក្នុង​គម្រោង​យក្ស​«​គំនិត​ផ្តួចផ្តើម​ខ្សែ​វាត់​មួយ វិថី​មួយ​»​ដែលមាន​គោលដៅ​ជំរុញ​ការផ្សាភ្ជាប់​តាមរយៈ​ការសាងសង់​ឡើងវិញ​នូវ​ផ្លូវ​សូត្រ​បុរាណ​ដែល​ធ្លាប់​ច្រក​ជួញដូរ​ពាណិជ្ជកម្ម​ភ្ជាប់​ពី​អឺរ៉ុប​ទៅកាន់​អាស៊ី ទៅដល់​អឺរ៉ុប និង​មជ្ឈិមបូព៌ា​ផងដែរ​នោះ​។ ហិរញ្ញវត្ថុ​ទំហំ ១​ទ្រី​លាន​ដុល្លារ​អាមេរិក​ត្រូវ​ប្រើប្រាស់​ដើម្បី​ផ្គត់​ផ្គត់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​។

​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្រង់​របាយការណ៍​ស្ថាប័ន​ស្រាវជ្រាវ​ចិន​-​អាហ្វ្រិក​ដែលមាន​ទីតាំងនៅ​អាមេរិក​ថា ចិន​បានផ្តល់​កម្ចី​ច្រើនសន្ធឹក​សន្ធាប់​រួចទៅហើយ​ទៅដល់​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា និង​ក្រុម​ប្រទេស​អាហ្វ្រិក ហើយ​គ្រាន់តែ​ជី​ប៊ូ​ទីមួយ​គត់​នោះ​ខ្ចីលុយ​ចិន​ប្រហែល​១,៣​ពាន់​លាន​រួចទៅហើយ​៕



Tag:
 ​ចិន​
  OBOR
  CASCF
  ស៊ី ជិន​ភីង​
  អារ៉ាប់
© រក្សាសិទ្ធិដោយ thmeythmey.com