គ​.​ជ​.​ប នឹង​ពិនិត្យ​ទឹក​ថ្នាំ​ជ្រលក់​ដៃ នៅ​ថ្ងៃទី​១៧ កក្កដា​
ជាតិ
បោះឆ្នោត
គ​.​ជ​.​ប នឹង​ពិនិត្យ​ទឹក​ថ្នាំ​ជ្រលក់​ដៃ នៅ​ថ្ងៃទី​១៧ កក្កដា​
11, Jul 2018 , 10:33 am        
រូបភាព
ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ជុំវិញ​គុណភាព​ទឹក​ថ្នាំ​ជ្រលក់​ដៃ សម្រាប់​ការបោះឆ្នោត នៅ​ថ្ងៃទី​១៧ កក្កដា ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​របស់​សាធារណៈជន​។​



​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​និយាយថា ទឹក​ថ្នាំ​ដែល​គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​នៅ​ឥណ្ឌា​នោះ បានមក​ដល់ដៃ​របស់​គ​.​ជ​.​ប ហើយ ។ គ​.​ជ​.​ប នឹងដាក់​បង្ហាញ​ទឹក​ថ្នាំ​នេះ នៅក្នុង​សន្និសីទកាសែត ដោយមាន​ភាគី​ខាង​សង្គម​ស៊ីវិល អង្គទូត និង​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ត្រួតពិនិត្យ និង​ជ្រលក់​ដៃ​សាកល្បង ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ផងដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស ពុទ្ធា បាន​និយាយថា​៖«​យើង​នឹងដាក់​ឲ្យ​ពិនិត្យ និង​ជ្រលក់​ដៃ​សាកល្បង​លើកទីមួយ នៅ​ព្រឹក​ម៉ោង​១០ នៅ​ថ្ងៃទី​១៧ កក្កដា ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​នានា បានឃើញ​ពី​គុណភាព​ទឹក​ថ្នាំ​នេះ​»​។​

​លោក ហង្ស ពុទ្ធា បាន​បន្ថែមថា ប្រសិនជា​ការពិនិត្យ​ទឹក​ថ្នាំ​សាកល្បង​ទីមួយ​នេះ នៅតែ​មិនអាច​ផ្ដល់​ទំនុកចិត្ត ដល់​សាធារណជន​ទេនោះ គ​.​ជ​.​ប នឹង​រៀបចំ​សិក្ខាសាលា​លើក​ទី​ពីរ ដោយមាន​ការចូលរួម​ពី​ភាគី​ម្ចាស់​ក្រុមហ៊ុន និង​អ្នក​ផលិត មក​ពន្យល់​ពី​គុណភាព​ទឹក​ថ្នាំ​នេះ ។

«​យើង​មិនទាន់​កំណត់ពេល បើក​សិក្ខាសាលា​លើក​ទី​២​នៅឡើយ​ទេ ព្រោះ​យើង​កំពុង​រង់ចាំ​ចម្លើយ​ពី​ម្ចាស់​ក្រុមហ៊ុន​សិន​ថា តើ​គេ​អាចមក​ធ្វើ​បទ​បង្ហាញ​នៅពេលណា​»​។ នេះ​បើតាម​អ្នកនាំពាក្យ​គ​.​ជ​.​ប ដែល​បាន​បន្ថែមថា ទឹក​ថ្នាំ​សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត មាន​ចំនួន​៥១,០០០​ដប ដោយ​ស្មើនឹង​២២​កេស​។​

អត្ថបទទាក់ទង


​កន្លងមក​អគ្គលេខាធិកា​ររ​ងគ​.​ជ​.​ប លោក សោម សូ​រី​ដា បាន​បញ្ជាក់ថា មូលហេតុ​ដែល​គ​.​ជ​.​ប បញ្ជា​ទិញ​ទឹក​ថ្នាំ​ពី​ឥណ្ឌា​នេះ ដោយសារ​វា​មាន​គុណភាព​ខ្ពស់ សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត ថ្នាក់ឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១៧​កន្លងមក​។ បើតាម​លោក សូ​រី​ដា ទឹក​ថ្នាំ​ដែល គ​.​ជ​.​ប បាន​បញ្ជា​ទិញ​នេះ មានតម្លៃ​១៥,៧០​ដុល្លារ ក្នុង​មួយ​ដប ដែលមាន​ចំណុះ​៧០​មី​លី​លីត្រ ដោយ​ចំណាយ​ថវិកា​សរុប​៨០០,៧០០​ដុល្លារ សម្រាប់​ទឹក​ថ្នាំ​ចំនួន​៥១,០០០​ដប​។

​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា (​ខុមហ្វ្រែល​)  លោក កន សាវា​ង្ស បាន​និយាយថា បញ្ហា​ទឹក​ថ្នាំ​គឺជា​រឿង​មួយ ប៉ុន្តែ​វា​មិនទាន់​ជា​ដំណាក់កាល​ព្រួយបារម្ភ​ដល់​ការបោះឆ្នោត​ទេ​។ សម្រាប់​លោក កន សាវា​ង្ស ការបោះឆ្នោត​ដំណើរ​ការល្អ​បាន លុះត្រាតែ គ​.​ជ​.​ប ប្រើប្រាស់​វិធានការ​ទាំង​៥ ដែល គ​.​ជ​.​ប ធ្លាប់​អនុវត្ត​ការងារ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១៧​។ យន្តការ​ដែល​លោក សាវាង្ស លើកឡើង​នេះ គឹ​សំដៅ​ទៅលើ​ការទប់ស្កាត់ ការកេងបន្លំ​សន្លឹកឆ្នោត , បន្លំ​ការបោះឆ្នោត និង​ការប្រើប្រាស់​បញ្ជី​ឈ្មោះ​ដោយមាន​រូបថត លុបបំបាត់​ឈ្មោះ​ស្ទួន និង​ឈ្មោះ​ខ្មោច​ជាដើម​៕


Tag:
 ហង្ស ពុទ្ធា
 ​ទឹក​ថ្នាំ​
  គ​.​ជ​.​ប
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66719 [1] => 9,78 [2] => គ​.​ជ​.​ប នឹង​ពិនិត្យ​ទឹក​ថ្នាំ​ជ្រលក់​ដៃ នៅ​ថ្ងៃទី​១៧ កក្កដា​ [3] => content [4] => [5] => ហង្ស ពុទ្ធា ,​ទឹក​ថ្នាំ​, គ​.​ជ​.​ប , បោះឆ្នោត [6] => 53 [7] => 0 [8] => )