ល័ក្ខខ័ណ្ឌ នៃការរស់នៅ ជាកត្តារួមផ្សំមួយដ៏ចម្បង ដែលចូលរួមចំណែកធ្វើឲ្យប្រជាជននៃប្រទេសមួយអាចរស់នៅបានក្នុងរយៈពេលវែង ឬក៏ខ្លី។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ចំនួនប្រជាជនដែលមានអាយុវែង និងចំនួនប្រជាជនវ័យចំណាស់ច្រើន ភាគច្រើ រស់នៅក្នុងប្រទេស ដែលមានការអភិវឌ្ឍ ឬជឿនលឿន។
ចំនួនអត្រាមនុស្សចាស់កាន់តែច្រើន (គិតក្នុងអាយុស្តង់ដារ៦៥ ឬលើសពីនេះ) បានធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសមានការអភិវឌ្ឍត្រូវប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដ្បិតត្រូវធានាពីសុខមាលភាពនៃការរស់នៅរបស់ប្រជាជនវ័យចំណាស់ទាំងនោះ។ រហូតដល់រដ្ឋាភិបាលមួយចំនួន ត្រូវកែប្រែបញ្ញត្តិ នៃការល័ក្ខខ័ណ្ឌការងាររបស់ខ្លួនដើម្បីដំឡើងអាយុ នៃការចូលនិវត្តន៍ក៏មាន។
តាមគេហទំព័រស្រាវជ្រាវពិភពលោក World Atlas ដែលបានដកស្រង់របាយការណ៍ពីអង្គការសុខភាពពិភពលោក ជប៉ុន ត្រូវបានចាត់ទុកជាប្រភពធំជាងគេ ដែលមានប្រជាជនវ័យចំណាស់រស់នៅច្រើនជាងគេរបស់ពិភពលោក។ ចំនួនមនុស្សចាស់វ័យ៦៥ និងលើសពីនេះ មានចំនួនរហូតដល់ ២៦.៣ ភាគរយនៃប្រជាជនជប៉ុនសរុប ខណៈភាគរយ ក៏ត្រូវបានរំពឹងថា នឹងឡើងដល់ ៣២.២ភាគរយនៅឆ្នាំ២០៣០។
ប្រទេសដែលមានប្រជាជនវ័យចំណាស់ច្រើនបន្ទាប់របស់ពិភលោកគឺ អ៊ីតាលី។ តាមប្រភពព័ត៌មានដដែលនោះ អ៊ីតាលី មានប្រជាជនវ័យចំណាស់រហូតដល់ ២២.៤ ភាគរយ នៃចំនួនប្រជាជន ខណៈអត្រានៃប្រជាជនចន្លោះពី០-១៤ឆ្នាំ នៅតែមិនមានកំណើនអ្វីសោះនោះ។ អ៊ីតាលី ក៏ជារដ្ឋមួយនៃសហភាពអឺរ៉ុប ដែលអនុវត្តគោលនយបាយថវិការដ្ឋច្រើនលើប្រាក់ចូលវិវត្តន៍សម្រាប់ប្រជាជនទៀតផង។
ខាងក្រោមនេះ គឺជាប្រទេសទាំងដប់របស់ពិភពលោក ដែលមានចំនួនប្រជាជនវ័យចំណាស់ច្រើន ដែលរដ្ឋកំពុងតែធានាពីការគាំពារ ដែលភាគច្រើន គឺជាប្រទេសនៅក្នុងតំបន់អឺរ៉ុប៖
១. ជប៉ុន មានប្រជាជនវ័យចំណាស់ចំនួន ២៦.៣ភាគរយ នៃប្រជាជនសរុប
២. អ៊ីតាលី មានប្រជាជនវ័យចំណាស់ចំនួន ២២.៤ ភាគរយ នៃប្រជាជនសរុប
៣. ក្រិក មានប្រជាជនវ័យចំណាស់ចំនួន ២១.៤ ភាគរយ នៃប្រជាជនសរុប
៤. អាល្លឺម៉ង់ មានប្រជាជនវ័យចំណាស់ចំនួន ២១.២ ភាគរយ នៃប្រជាជនសរុប
៥. ព័រទុយហ្កាល់ មានប្រជាជនវ័យចំណាស់ចំនួន ២០.៨ ភាគរយ នៃប្រជាជនសរុប
៦. ហ្វាំងឡង់ មានប្រជាជនវ័យចំណាស់ចំនួន ២០.៥ ភាគរយ នៃប្រជាជនសរុប
៧. ប៊ុលហ្ការី មានប្រជាជនវ័យចំណាស់ចំនួន ២០.០ ភាគរយ នៃប្រជាជនសរុប
៨. ស៊ុយអ៊ែត មានប្រជាជនវ័យចំណាស់ចំនួន ១៩.៩ ភាគរយ នៃប្រជាជនសរុប
៩. ឡេតូនី មានប្រជាជនវ័យចំណាស់ចំនួន ១៩.៤ ភាគរយ នៃប្រជាជនសរុប
១០. ម៉ាល់ត៍ មានប្រជាជនវ័យចំណាស់ចំនួន ១៩.២ ភាគរយ នៃប្រជាជនសរុប៕