កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថា​កីឡាករ​វ័យ​ស្របាល​ខ្លួន​ទៅលេង​នៅ​ចិន និង​កាតា​អស់ហើយ​
17, Jul 2018 , 4:03 pm        
រូបភាព
រូបភាពពីផេកហ្វេសប៊ុកផ្លូវការ Juventus
រូបភាពពីផេកហ្វេសប៊ុកផ្លូវការ Juventus
​តារា​ឆ្នើម Cristiano Ronaldo បានបង្ហាញ​ការដឹងគុណ​ចំពោះ​ក្លិប Juventus ដែល​ផ្តល់ឱកាស​ឲ្យ​ខ្លួន បើទោះបីជា​អាយុរ​ច្រើន​បន្តិច​ទៅហើយ​ក្តី​។ បុរស​វ័យ​៣៣​ឆ្នាំ​លើកឡើងថា កីឡាករ​ភាគច្រើន​ដែលមាន​អាយុរ​ប្រហែលៗ​នេះ «​ភាគច្រើន​តែងតែ​ទៅ​ប្រកប​អាជីព​ក្នុងប្រទេស​កាតា ឬ​ចិន​អស់ហើយ​»​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



អត្ថបទទាក់ទង


​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី Serie A ក្នុងតម្លៃ ៩៩,២ លាន​ផោន (១១៧​លាន​ដុល្លារ​អាមេរិក​) ដោយ​ចុះកិច្ចសន្យា​រយៈពេល ៤​ឆ្នាំ បន្ទាប់ពី​រួមរស់​ជាមួយ Real Madrid ជិត​១០​រដូវ​កាល​។​

«​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ ដែល​បានមក​កាន់​ក្លិប​នេះ ដែលជា​ដំណាក់កាល​មួយទៀត​នៃ​អាជីព​របស់ខ្ញុំ​»​។ Ronaldo  និយាយ​ដូច្នេះ​នៅពេល​បង្ហាញខ្លួន​នៅឯ​ក្លិប​សេះបង្កង់​លើកដំបូង​។​



​អតីត​សមាជិក Manchester United រូបនេះ​សង្ឃឹមថា​ខ្លួន​នឹង​ក្លាយជា «​តារា​មានសំណាង​» របស់​ក្រុម​ពី​លី​គ​កីឡាបាល់ទាត់​អ៊ីតាលី​មួយ​នេះ​ដើម្បី​ឈ្នះ​ពានរង្វាន់ UEFA Champions League​។​

​ជុំវិញ​ការផ្លាស់​ពី​ទឹកដី Santiago Bernabéu ទៅកាន់ Allianz Stadium នេះ ម្ចាស់​ពាន Ballon d'Or ៥​សម័យ រៀបរាប់ថា​មិនមាន​ក្លិប​ណា​ទាក់ទង​រូបគេ​ទេ គឺមាន​តែ Juventus មួយគត់​។



Ronaldo បាន​ចាក​ចេញពី​បិសាច​ក្រហម​ទៅ​ចូលរួម​ជាមួយ​ក្រុម​ស្តេច​ស ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក ៨០​លាន​ផោន (១០៦​លាន​ដុល្លារ​) កាលពី​ឆ្នាំ​២០០៩ និង​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បាន ៤៥១ គ្រាប់​។ ខ្សែប្រយុទ្ធ​រហស្សនាម CR7 បាន​ជួយ Real លើក​ពាន Champions Leagues ៤​ដង និង La Liga ២​លើក ក្រៅពីនោះ ក៏បាន​នាំ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​លើក​ពាន Euro 2016 ១​លើក​ផងដែរ​៕




Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Juventus
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com