ពីនេះ ពីនោះ
ត្រី​ប្រា​ធំ ស្ថិតនៅក្នុង​បញ្ជីប្រភេទត្រីកំពុងរងគ្រោះជិតផុតពូជ ពី​ធម្មជាតិ​
22, Jul 2018 , 8:19 pm        
រូបភាព
 ត្រី​ប្រា​ធំ​។  រូបភាព​៖ ឈុត ឈា​ណា​
ត្រី​ប្រា​ធំ​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅក្នុង​អាង​ទន្លេ​គ​ង្គ បឹង​ធំៗ ហើយក៏​ជា​ត្រី​ដែល​គេ​និយម​ចិញ្ចឹម​ក្នុង​ស្រះ ត្រពាំង​ផងដែរ​។



​ត្រី​ប្រា​ធំ មានឈ្មោះ​វិទ្យាសាស្ត្រ (Pangasianodon hypophthalmus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Striped catfish គឺជា​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ផ្លូវ​ឆ្ងាយ​។ នៅក្នុង​អាង​ទន្លេមេគង្គ ត្រី​ប្រា​ធំ​ត្រូវបាន​គេ​គិតថា ពួកវា​បានធ្វើ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប​ឡើងទៅ​ទន្លេមេគង្គ​លើ និង​ចូលទៅក្នុង​តំបន់​អាងទឹក​ជ្រៅ ក្នុង​ភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា ដើម្បី​ពង​-​កូន នា​ដើមរដូវ​វស្សា (​រវាង​ខែឧសភា និង​កក្កដា​)​។ នៅ​ទន្លេមេគង្គ​កម្ពុជា ប្រភេទ​សត្វ​នេះ បង្ក​កំណើត​នៅ​ចន្លោះ​ខែឧសភា និង​ខែកក្កដា​។ កូន​ត្រី​តូចៗ ត្រូវបាន​ហូរ​តាម​ខ្សែទឹក​ចុះមក​ទន្លេមេគង្គ​ក្រោម និង​ចូលក្នុង​បឹង​ទន្លេសាប ដើម្បី​រក​ចំណី និង​ធំ​លួត​លាស់​នៅ​ទីនោះ​។ វា​ស៊ី​កំពឹស ក្តាម កាកសំណល់​រុក្ខជាតិ ផ្លែ​ល្វា និង​ត្រី​ជា​អាហារ​។

​ត្រី​ប្រា​ធំ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Endangered) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​។ ការចាប់​កូន​ត្រី​តូចៗ ពី​ទន្លេមេគង្គ​មក​ចិញ្ចឹម​ក្នុង​ស្រះ បានធ្វើ​ឲ្យ​ប្រភេទ​ត្រី​ប្រា​ធំ​ក្នុង​ធម្មជាតិ កាន់តែ​ខ្សត់​ទៅៗ​។

​មិនតែប៉ុណ្ណោះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។


© រក្សាសិទ្ធិដោយ thmeythmey.com