ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
សិល្បករចម្រៀងចាប៉ីដងវែងទាមទារមានពុទ្ធិខ្ពស់
06, Aug 2018 ,
10:20 am
រូបភាព
×
ដោយ:
ប៉ូ សាគុន
សិល្បៈចម្រៀងចាប៉ីជាសិល្បៈមួយប្រភេទដែលទាមទារឱ្យសិល្បកររូបនោះ ត្រូវមានពុទ្ធិ និងស្មារតីឈ្លាសវៃខ្ពស់។ ចេះទាំងកំណាព្យពាក្យរាយ ពាក្យកាព្យ ពាក្យកម្រងកែវ ចំណេះដឹងទូទៅទូលំទូលាយ សមត្ថភាពនឹកជួនភ្លាមៗ វិធីសាស្ត្របញ្ជ្រាបចំណេះដល់អ្នកស្ដាប់ ឱ្យយល់ចូលចិត្តបាន ជាគុណសម្បត្តិរបស់អ្នកចម្រៀងចាប៉ី ដែលមានសមត្ថភាព។ ពីដើមចម្រៀងចាប៉ីពេញនិយមក្នុងស្រទាប់មនុស្ស ដោយគេយកវាជាមធ្យោបាយអប់រំមនុស្ស គ្រប់ស្រទាប់វណ្ណៈ។
ដើម្បីបានជ្រាបច្បាស់ថា សិល្បករចម្រៀងចាប៉ីមានគុណសម្បត្តិអ្វីខ្លះ ហើយការរៀនទម្រង់មួយនេះផ្ដល់ផលប្រយោជន៍យ៉ាងណាខ្លះ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ទោះបីចម្រៀងចាប៉ីនៅក្នុងពេលបច្ចុប្បន្ននេះ ហាក់មិនសូវបានគ្របដណ្ដប់លើមនុស្សគ្រប់ស្រទាប់ ជាពិសេសយុវវ័យក្ដី ប៉ុន្ដែសិល្បៈមួយនេះនៅតែរក្សាបាននូវគុណតម្លៃរបស់ខ្លួន ដែលផ្ដល់ចំណេះដឹងនិងការអប់រំដល់អ្នកស្ដាប់ជាគោល។ ឧបករណ៍ចាប៉ីមានលក្ខណៈពិសេសដោយសំដែងទោល សំរាប់ជូនចម្រៀងជាពាក្យកាព្យ ឬកម្រងកែវក្នុងរឿងនិទានផ្សេងៗ។ ជួនកាលសំដែងចម្រៀងពីរនាក់ ច្រៀងឆ្លងឆ្លើយចោទសួរសំនួរ ជាប្រស្នាផ្សេងៗក្នុងការល្បងប្រាជ្ញារៀងៗខ្លួន និងល្បិចដោះស្រាយពាក្យសម្តី ដែលមានលក្ខណៈប្រជាប្រិយបំផុត ចំពោះប្រជាជនខ្មែរ តាំងពីបុរាណ។
លោកគ្រូកំពុងបង្រៀនចាប៉ីទៅកាន់សិស្ស។ មានបទពិសោធន៍បង្រៀនជាង១០ឆ្នាំ លោក ពេជ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈ លើកឡើងថា ការរៀនកេះក៏ដូចជារៀនច្រៀងចាប៉ី ទាមទារឱ្យអ្នករៀនត្រូវមានពុទ្ធិ គឺការតាំងស្មារតីឱ្យស្ងប់ ទើបអាចចាប់មេរៀន និងចំណាប់ជួនបានល្អ។ មិនមែនគ្រប់មនុស្សទាំងអស់ សុទ្ធតែអាចរៀនចាប៉ីចេះនោះឡើយ ពួកគេត្រូវមានមូលដ្ឋានគ្រឹះផ្នែកភាសាខ្មែរ ដូចជាការចេះកំណាព្យ ចេះពាក្យកម្រងកែវ ចេះចាប់ចុងជួនបានត្រឹមត្រូវនិងមានអត្ថន័យ ព្រមទាំងមានចំណេះដឹងទូទៅខ្ពស់ផង។ លោក ពេជ សារ៉ាត ថា សិស្សទាំងអស់ដែលលោកធ្លាប់បង្រៀន មានសិស្សដែលរៀនឆាប់ចេះ និងសិស្សខ្សោយដែរ។ បើសិស្សខិតខំរៀន និងឧស្សាទន្ទិញរាល់ថ្ងៃ និយាយជារួមទៅ សិស្សដែលមានទេពកោសល្យផ្នែកចាប៉ី ត្រូវការតែពេល១ខែតែប៉ុណ្ណោះ ដោយក្នុងមួយសប្ដាហ៍ រៀន២ម៉ោង គេនឹងអាចចេះចាប៉ីមួយបទ។ ចំណែកអ្នកមិនសូវមានឧបនិស្ស័យវិញត្រូវការពេលរហូតទៅដល់៣ខែទើបចេះមួយបទ។ ជាគុណសម្បត្តិពីធម្មជាតិ អ្នករៀនចាប៉ីអាចនិយាយបានថា ជាអ្នកដែលមានទេពកោសល្យខ្ពស់ ដែលអាចញ៉ាំងខ្លួនឱ្យមានសុខភាពផ្លូវចិត្តល្អ។ មិនតែប៉ុណ្ណោះពួកគេអាចប្រើវិធីសាស្ត្រយ៉ាងបិនប្រសព្វរបស់ខ្លួន ដើម្បីបញ្ជ្រាបចំណេះ និងសារអប់រំទៅដល់អ្នកស្ដាប់ផងដែរ។
ថ្វីដ្បិតចម្រៀងចាប៉ីមានគុណប្រយោជន៍ច្រើនយ៉ាងណាក្ដី ប៉ុន្តែសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមួយនេះ ហាក់មិនសូវទទួលបានការគាំទ្រពេញទំហឹងនៅទូទាំងប្រទេសឡើយ។ មិនសូវគាំទ្រ ដោយសារទីផ្សារចាប៉ី មិនសូវមានអ្នកហៅទៅសម្លែងនោះឯង។ លោក ពេជ សារ៉ាត ដែលនៅជាមួយចាប៉ីជាង១០ឆ្នាំមកហើយនោះ ថាភាគដ៏ច្រើនពេលលោកទៅច្រៀងចាប៉ីក្នុងកម្មវិធីផ្សេងៗ លោកមិនសូវជាដាក់តម្លៃទៅម្ចាស់កម្មវិធីឡើយ។ មិនដាក់តម្លៃ ដោយសារតែមានហេតុផលច្រើន ទីមួយសហគមន៍នេះមិនយកប្រាក់ជាធំ ទី២ដើម្បីផ្សព្វផ្សាយទម្រង់សិល្បៈដូនតាឱ្យបានទូលំទូលាយ និងទី៣នៅពេលដាក់តម្លៃទៅគឺមិនមានការឆ្លើយតបត្រឡប់មកវិញពីម្ចាស់កម្មវិធី។
ទោះទម្រង់ចាប៉ីមិនសូវមានទីផ្សារ និងមិនអាចកំណត់តម្លៃបានច្បាស់លាស់ក៏ដោយចុះ ប៉ុន្តែប្រធានសហគមន៍ចាប៉ីអមតៈ លោក ពេជ សារ៉ាត នៅតែពេញចិត្តបង្រៀនសិស្សនិងផ្សព្វផ្សាយពីទម្រង់មួយនេះ ដោយលោកថាវាជាសម្បត្តិដូនតា ក៏ជាដួងព្រលឹងរបស់ជាតិដែរ។
ចំណែកលោក ណូន សុខ ជាគ្រូឧបករណ៍ភ្លេងបុរាណខ្មែរ ក៏ជាសិល្បករចាប៉ីមួយរូបដែរ។ លោក សុខ ដែលសិល្បករដូចគ្នា ពោលសរសើរជារឿយៗថាច្រៀងចាប៉ីនឹកជួនតាមទិដ្ឋភាពជាក់ស្ដែង បានភ្លាមៗ នឹងមានអត្ថន័យល្អនោះ មានបទពិសោធន៍រៀនចាប៉ីតាំងពីឆ្នាំ១៩៩៧។ ការច្រៀងនឹកជួនភ្លាមៗ ដោយមិនបានតែងទុកមុន មិនមែនជារឿងងាយនោះទេ ហើយក៏មិនមែនគ្រប់សិល្បករចាប៉ីអ្នកអស់ សុទ្ធតែមានសមត្ថភាពច្រៀននឹកជួនមានអត្ថន័យនិងខ្លឹមសាបានល្អគ្រប់ពេលដែរ។ លោក ណូន សុខ ដែលពិកាភ្នែកទាំងសងខាងតាំងពីកំណើតនោះ ថាលោកត្រូវហ្វឹកហាត់ច្រៀងរាល់ថ្ងៃ នឹងស្ដាប់ឯកសារដែលជាចំណេះដឹង ដើម្បីទទួលបានគំនិត និងពាក្យថ្មីហើយល្អ សម្រាប់ផ្ដល់ឱ្យអ្នកស្ដាប់។
ចម្រៀងចាប៉ីអាចច្រៀនពីកំណាព្យដែលបានតែងទុកជាច្បាប់ស្រាប់ ដែលមិនអាចបន្ថែមបន្ថយពាក្យបានឡើយ។ ប៉ុន្ដែបើសិល្បករចាប៉ីច្រៀងតែងខ្លួនឯងពីប្រធានបទអ្វីមួយ គេអាចច្រៀងជាកំណាព្យពាក្យ៧ក៏បានពាក្យ៨ ឬ ពាក្យប៉ុន្មានតាមតែសិល្បករពេញចិត្ត។
ជាសិស្សចាប៉ីម្នាក់ដែលលោក ពេជ សារ៉ាត ពោលសសើរថា ជាសិស្សដែលរៀនឆាប់ចេះឆាប់ចាំ ដោយរៀនតែមួយខែអាចចេះបានមួយបទនោះគឺលោក សាត វណ្ណា។ វណ្ណា មានវ័យ២៣ឆ្នាំ ជាគ្រូបង្រៀនថ្នាក់បឋមសិក្សានៅសាលារដ្ឋមួយកន្លែង។ ដៃកេះចាប៉ីបង្ហាញដល់ខ្ញុំបណ្ដើរ គ្រូវ័យក្មេងរូបនេះបានពោលថា លោកស្រឡាញ់សិល្បៈចាប៉ីតាំងពីតូច តែមិនមានឱកាសរៀន ព្រោះមិនស្គាល់កន្លែងបង្រៀន។ ពីដើមឡើយ វណ្ណា មានតែហ្គីតានៅផ្ទះ ហើយលោកតែងតែយកហ្គីតានោះមកកេះ តាមការបង្រៀនចាប៉ីដែលលោកមើលតាមហ្វេសប៊ុក។ តាមពិតទៅ គ្រូថ្នាក់បឋមសិក្សារូបនេះ មករៀនចាប៉ីមិនមានបំណងចង់ក្លាយជាសិល្បករអាជីពឡើយ តែលោករៀនក្នុងគោលដៅច្បាស់លាស់មួយ គឺដើម្បីយកចំណេះនេះទៅបង្រៀនដល់សិស្សរបស់ខ្លួន។
ជាសិស្សរៀនចាប៉ីមួយរូបទៀត លោក សាន រ៉ា អាយុ៣០ឆ្នាំ ដែលទើបចូលរៀនចាប៉ីបានរយៈពេល១ឆ្នាំ និងចេះដេញចាប៉ីបាន៥បទ។ មិនខុសពីសិល្បករអាជីពឡើយ អ្នករៀនចាប៉ីថ្មីថ្មោងរូបនេះ មិនបានគិតថារៀនចាប៉ីឱ្យចេះ ដើម្បីរកប្រាក់មកចាយវាយពេញដៃឡើយ តែលោកបានដឹងជាស្រេចថា ចាប៉ីមិនមានការពេញនិយមច្រើនឡើយ។ រៀនចាប៉ីឱ្យចេះដើម្បីអភិរក្ស ថែរក្សាមរតកដូនតា និងដើម្បីបង្រៀនកូនខ្មែរជំនាន់ក្រោយឱ្យដឹងពីគុណតម្លៃរបស់ចាប៉ី ជាក្ដីប្រាថ្នារបស់លោក សាន រ៉ា។
យោងតាមសៀវភៅ «តន្ត្រីបុរាណកម្ពុជា» រៀបរៀងដោយលោក ហ៊ុន សារិន ចាប៉ីដងវែងមានមុខងារសំខាន់៤យ៉ាង ទី១ សំខាន់ក្នុងវង់ភ្លេងអារក្សដោយគេយកឧបករណ៍នេះ ទៅប្រគុំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗ តាំងពីសម័យយូរលង់ណាស់មកហើយ។ ទី២ សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាតាំងពីច្រើនពាន់ឆ្នាំមកហើយ។ ទី៣ សំខាន់សម្រាប់កំដរចម្រៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផង មានប្រជាប្រិយបំផុត។ និងទី៤ សំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ ចាប៉ីដងវែងគ្មានវត្តមាន ក្នុងវង់ភ្លេងមហោរីនេះទៀតទេ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចាប៉ី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម