កីឡាជាតិ
ជាតិ
ក្លិប Melbourne ប្រាប់ក្រុមអ្នកគាំទ្រថា តួនាទី Honda នៅកម្ពុជា មិនប៉ះពាល់អ្វីឡើយ
× ក្រោយចាកចេញពីក្លិបម៉ិកស៊ិក Pachuca កីឡាករ Keisuke Honda បានចុះហត្ថលេខាលេងឲ្យក្លិប Melbourne Victory នៃក្របខណ្ឌ A-League របស់អូស្ត្រាលី កាលពីថ្ងៃទី៦ ខែសីហា។ ប៉ុន្តែ៦ថ្ងៃក្រោយមក ខ្សែបម្រើប្រយុទ្ធជប៉ុនរូបនេះ បានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់តួនាទីខ្លួនជាអ្នកចាត់ការទូទៅថ្មីនៃក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា។ នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ដដែល Melbourne Victory បានអះអាងប្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួនថា Honda នឹងមិនខកខានការប្រកួតណាមួយឡើយនៅក្របខណ្ឌ A-League។ នេះបើយោងតាមការផ្សាយរបស់កាសែត The Guardian។
តួនាទីរបស់ Keisuke Honda នឹងមិនប៉ះពាល់ដល់វត្តមានរបស់គេនៅក្នុងក្របខណ្ឌ A-League នោះឡើយ។ អ្នកនាំពាក្យម្នាក់របស់ក្លិប Melbourne Victory បានធានាប្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួន ដោយអះអាងថា Honda អាចធ្វើការពេញដៃពេញជើងជាមួយក្រុមជម្រើសជាតិកម្ពុជា តែនៅពេលដែលក្លិបសម្រាក និងចំថ្ងៃនៃអំឡុងពេលប្រកួតអន្តរជាតិដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA international dates) ប៉ុណ្ណោះ។
កាសែត The Guardian បានលើកឡើងថា ក្របខណ្ឌកីឡាបាល់ទាត់កំពូលរបស់អូស្ត្រាលី នឹងចាប់ផ្តើមមានកាលបរិច្ឆេទសម្រាកជាលើកដំបូងបំផុតនៅចំថ្ងៃដែលមានការប្រកួតអន្តរជាតិរបស់ FIFA ។
នាសន្និសីទសារព័ត៌មាន Honda បានអះអាងថា គាត់នឹងរៀបចំជំនួបរៀងរាល់សប្តាហ៍ជាមួយក្រុមសហការីរបស់ខ្លួននៅកម្ពុជា តាមរយៈ Video Conference ពោលគឺនៅពេលដែលលោកទំនេរពីការប្រកួត។ តួនាទីនេះ បានបង្កើតឲ្យមានចម្ងល់ជាច្រើនទាក់ទងនឹងពេលវេលានៃការចាត់ចែងរបស់ Honda ដោយអ្នកសារព័ត៌មានមួយចំនួនហៅថា ជា អ្នកចាត់ការទូទៅអនឡាញ (E-Manager) របស់ក្រុមជម្រើសជាតិកម្ពុជា។
កីឡាករវ័យ៣២ឆ្នាំ ដែលទើបលាឈប់ពីក្រុមជម្រើសជាតិជប៉ុនរូបនេះ បានបញ្ជាក់ថា លោកនឹងដឹកនាំការអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា ជាពិសេសជួយឲ្យក្រុមជម្រើសជាតិកម្ពុជា មានរបៀបលេងពិសេសរបស់ខ្លួនឯង។
គេមិនទាន់ដឹងថា ទិដ្ឋភាពជាក់ស្តែងនឹងទៅជាយ៉ាងណានោះឡើយ ប៉ុន្តែនៅចំពោះមុខ ក្រុមជម្រើសជាតិកម្ពុជា កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍ AFF Suzuki Cup នាខែវិច្ឆិកា នៅប្រទេសឡាវ៕
Tag:
បាល់ទាត់
ជម្រើសជាតិកម្ពុជា
Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com