កីឡាជាតិ
ជាតិ
ក្លិប Melbourne ប្រាប់​ក្រុម​អ្នកគាំទ្រ​ថា តួនាទី Honda នៅ​កម្ពុជា មិន​ប៉ះពាល់​អ្វី​ឡើយ​
12, Aug 2018 , 7:37 pm        
រូបភាព
ដោយ: រួបរួម
ក្រោយ​ចាក​ចេញពី​ក្លិប​ម៉ិ​ក​ស៊ិ​ក Pachuca កីឡាករ Keisuke Honda បាន​ចុះហត្ថលេខា​លេង​ឲ្យ​ក្លិប Melbourne Victory នៃ​ក្របខណ្ឌ A-League របស់​អូស្ត្រាលី កាលពី​ថ្ងៃទី​៦ ខែសីហា​។ ប៉ុន្តែ​៦​ថ្ងៃ​ក្រោយមក ខ្សែបម្រើ​ប្រយុទ្ធ​ជប៉ុន​រូបនេះ បានបង្ហាញ​ខ្លួន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ សម្រាប់​តួនាទី​ខ្លួន​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។ នៅ​ថ្ងៃអាទិត្យ ទី​១២ ខែសីហា ដដែល  Melbourne Victory បាន​អះអាង​ប្រាប់​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ថា Honda នឹងមិន​ខកខាន​ការប្រកួត​ណាមួយ​ឡើយ​នៅ​ក្របខណ្ឌ A-League​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត The Guardian​។​



អត្ថបទទាក់ទង

​តួនាទី​របស់ Keisuke Honda នឹងមិន​ប៉ះពាល់​ដល់​វត្តមាន​របស់គេ​នៅក្នុង​ក្របខណ្ឌ A-League នោះឡើយ​។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្លិប Melbourne Victory បាន​ធានា​ប្រាប់​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន ដោយ​អះអាងថា Honda អាច​ធ្វើការ​ពេញដៃពេញជើង​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា តែ​នៅពេលដែល​ក្លិប​សម្រាក និង​ចំ​ថ្ងៃ​នៃ​អំឡុងពេល​ប្រកួត​អន្តរជាតិ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA international dates) ប៉ុណ្ណោះ​។​

​កាសែត The Guardian  បាន​លើកឡើងថា ក្របខណ្ឌ​កីឡាបាល់ទាត់​កំពូល​របស់​អូស្ត្រាលី  នឹង​ចាប់ផ្តើម​មាន​កាលបរិច្ឆេទ​សម្រាក​ជា​លើកដំបូង​បំផុត​នៅ​ចំ​ថ្ងៃ​ដែលមាន​ការប្រកួត​អន្តរជាតិ​របស់ FIFA ។​

​នា​សន្និសីទ​សារព័ត៌មាន Honda បាន​អះអាងថា គាត់​នឹង​រៀបចំ​ជំនួប​រៀងរាល់​សប្តាហ៍​ជាមួយ​ក្រុម​សហការី​របស់ខ្លួន​នៅ​កម្ពុជា តាមរយៈ Video Conference ពោលគឺ​នៅពេលដែល​លោក​ទំនេរ​ពី​ការប្រកួត​។ តួនាទី​នេះ បាន​បង្កើត​ឲ្យ​មាន​ចម្ងល់​ជាច្រើន​ទាក់ទង​នឹង​ពេលវេលា​នៃ​ការចាត់ចែង​របស់ Honda ដោយ​អ្នកសារព័ត៌មាន​មួយចំនួន​ហៅថា ជា អ្នកចាត់ការ​ទូទៅ​អន​ឡាញ (E-Manager) របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​

​កីឡាករ​វ័យ​៣២​ឆ្នាំ ដែល​ទើប​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ជប៉ុន​រូបនេះ បាន​បញ្ជាក់ថា លោក​នឹង​ដឹកនាំ​ការអភិវឌ្ឍន៍​បាល់ទាត់​នៅ​កម្ពុជា ជាពិសេស​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា មាន​របៀប​លេង​ពិសេស​របស់​ខ្លួនឯង​។

​គេ​មិនទាន់​ដឹងថា ទិដ្ឋភាព​ជាក់ស្តែង​នឹង​ទៅជា​យ៉ាងណា​នោះឡើយ ប៉ុន្តែ​នៅ​ចំពោះមុខ ក្រុម​ជម្រើសជាតិ​កម្ពុជា កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ព្រឹត្តិការណ៍ AFF Suzuki Cup នា​ខែវិច្ឆិកា នៅ​ប្រទេស​ឡាវ​៕



Tag:
 បាល់ទាត់
  ជម្រើសជាតិកម្ពុជា
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com