ជាតិ
​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហេតុអ្វី​បានជា​អាមេរិក​ស្នើ​តែងតាំង​លោក Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៅ​កម្ពុជា​?
14, Aug 2018 , 12:45 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ស្នើ​តែងតាំង​លោក Patrick Murphy ដែលជា​មន្ត្រី​ជំនាញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ការសម្រេច​បែបនេះ​ទំនងជា​យុទ្ធសាស្ត្រ​ពង្រីក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ផង និង​ទប់ទល់​ឥទ្ធិពល​ចិន​ដែល​កំពុង​កើនឡើង​ខ្លាំង​នៅ​កម្ពុជា និង​ក្នុង​តំបន់​ផង​។​

​បើ​មានការ​ឯកភាព​ពី​ព្រឹទ្ធសភា​អាមេរិក លោក Patrick Murphy ដែល​បច្ចុប្បន្ន​ជា​ឧបការ​រី​រង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នឹង​ជំនួស​តំណែង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt តាម​ការស្នើសុំ​តែង​តាំងរបស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ 
អត្ថបទទាក់ទង
​ស្រប​ពេលដែល​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​រង្គោះរង្គើរ​ខ្លាំង ការតែងតាំង​មន្ត្រី​ជំនាញ​តំបន់​ជាន់ខ្ពស់​មក​ធ្វើ​ប្រធាន​បេសកកម្ម​ការទូត​នៅ​កម្ពុជា​នេះ បាន​ក្លាយជា​ប្រធាន​សំខាន់​សម្រាប់​ការវែកញែក​ពិភាក្សា ហើយ​មានការ​យល់ឃើញ​ផ្សេងគ្នា​ជុំវិញ​ការសម្រេចចិត្ត​នេះដែរ​។  
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក William Heidt បានផ្តល់​យោបល់​ថា លោក Murphy ជា​បេក្ខជន​ស័ក្តិសម​បំផុត​សម្រាប់​តំណែង​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា​នេះដែរ​ព្រោះតែ​លោក​មានបទពិសោធន៍​ខ្ពស់ និង​យល់ដឹង​រាក់​ជ្រៅ​ពី​ការងារ​ការទូត​តំបន់​។ 
 
«​លោក Murphy មាន​ពិសោធន៍​ដ៏​ចំណាន​ក្នុង​ការងារ​ការទូត ហើយ​លោក​ស្គាល់​តំបន់​អាស៊ីអាគ្នេយ៍​ច្បាស់ ហើយក៏​យល់ដឹង​ពី​គោលនយោបាយ​របស់​អាមេរិក​នៅក្នុង​តំបន់​ច្បាស់លាស់​ខ្លាំង​ដូចគ្នា​ដែរ​»​។ នេះ​ជាស​ម្តី​របស់លោក Heidt ដែល​ចុះផ្សាយ​តាម​គណនី Instagram ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​
 
​ចំណែក​លោក​សាស្ត្រាចារ្យ រស់ ចន្ត្រា​បុត្រ ដែលជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុង​វ៉ាស៊ីនតោន​ដាក់​មនុស្ស​ជំនាញ​ជាន់ខ្ពស់​ឲ្យ​ឈរជើង​នៅ​កម្ពុជា​ជាការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​អាមេរិក​សម្រាប់​តំបន់ និង​ទប់ទល់​ការកើនឡើង​នៃ​ឥទ្ធិពល​ចិន​ផងដែរ​។​
 
​លោក​បណ្ឌិត​និយាយ​ដូច្នេះ​៖«​លោក Murphy ជា​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ក្រសួងការបរទេស​អាមេរិក​។ ការតែងតាំង​តួអង្គ​ដែលមាន​ជំនាញ​ច្បាស់លាស់​ថ្នាក់​តំបន់​នេះ គឺជា​ការផ្លាស់ប្តូ​រគោល​នយោបាយ​របស់​រដ្ឋបាល​អាមេរិក ហើយ​វា​ជា​យុទ្ធសាស្ត្រ​អាមេរិក​នៅ​កម្ពុជា​ផង តំបន់​អាស៊ីអាគ្នេយ៍​ផង និង​ប៉ាស៊ីហ្វិក​ផង​»​។​
 
​សម្រាប់​បណ្ឌិតសភា​ចា​រ្យ​ខាងលើនេះ លោក Murphy ជា​តួអង្គ​សំខាន់​ក្នុងការ​ប្រមូលផ្តុំ​គំនិត និង​មតិយោបល់​របស់​បណ្តា​ទូត​អាមេរិក​ទាំងអស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ដែល​វា​សម្រួល​ដល់​ការអនុវត្ត​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​ក្នុង​តំបន់​ផង​។  
  
​លោក​បណ្ឌិត ក៏​យល់ឃើញ​ដែរ​ថា អាមេរិក​ក៏​កំពុង​ព្យាយាម​ពង្រឹង​វត្តមាន​របស់ខ្លួន​នៅ​កម្ពុជា​ដើម្បី​ទប់ទល់​វត្តមាន​ចិន​នៅ​កម្ពុជា និង​ក្នុង​តំបន់​ទាំងមូល​។ លោក​ពន្យល់​បន្ថែម​ដូច្នេះ​ថា​៖« អាមេរិក​យល់ឃើញថា ចំណុចរសើប​ដ៏​ធំ​នោះ គឺ​កម្ពុជា​ដែលជា​ដៃគូ និង​ជា​មិត្ត​យុទ្ធសាស្ត្រ​ធំ​មួយ​របស់​ប្រទេស​ចិន​។ ប្រទេស​ចិន​ក៏​កំពុងមាន​វត្តមាន​យ៉ាងខ្លាំង​នៅក្នុង​តំបន់​ដែរ ប៉ុន្តែ ​វត្តមាន​របស់​ចិននៅកម្ពុជា ហាក់​ខ្លាំងជាងគេ​នៅក្នុង​តំបន់​។ ដូច្នេះ​វត្ត​មាននៃ​តួអង្គ​លោក Murphy នៅ​កម្ពុជា គឺ​ពិត​ជាមាន​ប្រយោជន៍​ក្នុងការ​ទប់ទល់​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​នោះ​ហើយ​»។ 
 
​ដោយឡែក​លោក ឈាង វណ្ណ​រិ​ទ្ធ អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៃ​វិទ្យាស្ថាន ISEAS Yusof Isak បាន​យល់ស្រប​ដែរ​ថា ការស្នើ​តែងតាំង​នេះ​បង្ហាញថា អាមេរិក​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​។​
 
​ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ អ្នកជំនាញ​រូបនេះ​សង្កត់ធ្ងន់ថា កម្ពុជា​អាច​ក្លាយជា​ទីតាំង​នៃ​ការប្រណាំង​ប្រជែង​ឥទ្ធិពល​របស់​មហាអំណាច​ថែមទៀត ខណៈដែល​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ស្រួចស្រាល់​។​
 
«​ខ្ញុំ​គិតថា អាមេរិក​នឹង​បង្កើន​ទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​ដើម្បី​ពិនិត្យមើល​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា និង​នៅក្នុង​តំបន់​។ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​នឹង​កើនឡើង ហើយ​កម្ពុជា​ក្លាយជា​ទីតាំង​នៃ​ការប្រកួតប្រជែង​មួយ​នេះ​ផង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈាង វណ្ណ​រិ​ទ្ធ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​។​
 
​សូមបញ្ជាក់​បន្តិច​ថា លោក Murphy ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា​ និងជួបពិភាក្សាជាមួយមន្ត្រីទូតជាន់ខ្ពស់កម្ពុជាច្រើនលើក​ដែរ​មុនពេល​មានការ​ស្នើសុំ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជំនួស​លោក William Heidt ដែល​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​អស់បី​ឆ្នាំ​មក​នោះ​។  
 
​កាលពីខែវិច្ឆិកា កន្លងទៅ លោកក៏​ជួបពិភាក្សា​ពី​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា​លោក ប្រាក់ សុខុន ម្តងទៀតនា​កិច្ចប្រជុំ​កំពូល​អាស៊ាន នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ ក្នុងពេលនោះ​មន្ត្រីជាន់ខ្ពស់​នេះ បានលើកឡើង​ពី​កង្វល់​របស់ខ្លួន​ចំពោះ​ការវិវត្ត​នៃ​ស្ថានការណ៍​នៅ​កម្ពុជា ជាពិសេស​ការធ្វើ​ឲ្យ​រាំងស្ទះ​ដល់​លទ្ធិប្រជាធិបតេយ្យ រួមទាំង​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​ជាដើម​៕ 

Tag:
 Patrick Murphy
  ដូ​ណា​ល់ ត្រាំ​
  កម្ពុជា​
  អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com