ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​ទាំង​២៨រូប​នាពេល​បច្ចុប្បន្ន តើ​នឹងមាន​ការផ្លាស់ប្តូ​រដែរ​ទេ​សម្រាប់​អាណត្តិ​ថ្មី​?
27, Aug 2018 , 4:47 pm        
រូបភាព
ដោយ: រួបរួម
សម្តេច ស ខេង និង​សម្តេច ទៀ បាញ់ ជា​រដ្ឋមន្ត្រី​ដឹកនាំ​ក្រសួង​របស់ខ្លួន តាំង​ពីមុន​អាណត្តិ​ទី​១​មកម្ល៉េះ ខណៈ​លោក ចម ប្រសិទ្ធ និង​លោក ស៊ុយ សែម កាន់តំណែង​ជា​រដ្ឋមន្ត្រី​ចាប់ពី​អាណត្តិទីមួយ ហើយ​ផ្លាស់ប្តូរ​ក្រសួង​ជា​បន្តបន្ទាប់​។ លោក ប៊ិន ឈិន ជា​រដ្ឋមន្ត្រី​ដែល​កាន់តំណែង​ក្រោយ​គេ​ក្នុង​អាណត្តិ​ទី​៥ ពោលគឺ​ចាប់ពី​ខែ​មិនា ឆ្នាំ​២០១៧ ក្រោយ​មរណភាព​សម្តេច សុខ អាន ខណៈ​រដ្ឋមន្ត្រី​៨​រូប​ផ្សេងទៀត​ចាប់ផ្តើម​ការងារ​នៅ​ស្ថាប័ន​រៀងៗខ្លួន​ ចាប់តាំងពី​ពាក់កណ្តាល​អាណត្តិ​ទី​៥​មក​។ បច្ចុប្បន្ន លោក សាយ សំ​អាល់ ជា​រដ្ឋមន្ត្រី​ដែលមាន​វ័យក្មេង​ជាងគេ​។​



​យោងតាម​បញ្ជី​បេក្ខជន​បោះឆ្នោត​រដ្ឋមន្ត្រី​រហូតដល់​ទៅ​២៦​រូប​ក្នុងចំណោម​២៨​រូប (​លើកលែង​លោក ហ៊ឹម ឆែម និង​លោកស្រី ភឿង ស​កុ​ណា​) សុទ្ធតែ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៦ ។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនដែល​មានប្រសាសន៍ ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ត្រី​ថ្មី​នាពេលខាងមុខ​នោះឡើយ ដោយ​គ្រាន់តែ​សម្តេច​បង្ហើប​ឲ្យ​ដឹងថា តំណែង​លោក ចម ប្រសិទ្ធ នឹង​មិនមាន​បញ្ហា​ឡើយ​។​

​ខាងក្រោម​នេះ ជា​ឈ្មោះ​រដ្ឋមន្ត្រី​ទាំង​២៨​ដែល​កំពុង​កាន់តំណែង​នាពេល​បច្ចុប្បន្ន​៖
​អាណត្តិ​ទីមួយ​នៅ​ឆ្នាំ​១៩៩៣

-​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ (​កាន់តំណែង​ចាប់ពី​ឆ្នាំ​១៩៩២ មក ហើយពី​ឆ្នាំ​១៩៩៣​ដល់​២០០៦ ជា​សហរដ្ឋមន្ត្រី មុននឹង​កាន់តំណែង​រដ្ឋមន្ត្រី​ផ្តាច់មុខ ចាប់ពី​ឆ្នាំ​២០០៦)
-​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ (​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិតាំងពី​ឆ្នាំ​១៩៨៧​មកម្ល៉េះ ក្រោយ​មកជា​សហរដ្ឋមន្ត្រី ហើយ​ចាប់ពី​ឆ្នាំ​២០០៦​មក ជា​រដ្ឋមន្ត្រី​ដល់​បច្ចុប្បន្ន​)

​អាណ​ត្តិ​ទី​ពីរ​ឆ្នាំ​១៩៩៨
-​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ឆ្នាំ​១៩៩៨ (​បន្ត​ពី​លោក ជា ចាន់តូ​)
-​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្រសួង​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៨)

​តំណែង​រដ្ឋមន្ត្រី​ចាប់តាំងពី​អាណ​ត្តិ​ទី​៣ ២០០៣ តែ​ការតែងតាំង​ពន្យា​ដល់​ឆ្នាំ​២០០៤៖
-​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​- ព្រឹទ្ធសភា និង អធិការកិច្ច (​បន្ត​ពី​លោកស្រី សោម គឹម​សួរ​)
-​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន (​ជំនួស​លោក លឺ ឡាយស្រេង​)
-​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី (​ជំនួស​លោកស្រី មូរ សុខ​ហួ​)
-​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ (​ជំនួស​លោក នាវ ស៊ី​ថុង ចាប់ពី​ឆ្នាំ​២០០៤​មក​)


​នីតិកាល​ទី​៤ ឆ្នាំ​២០០៨៖
-​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ (​កាន់តំណែង​តាំងពី​ឆ្នាំ​២០០៧ ក្រោយ​បញ្ចប់​តំណែង​លោក ឡាយ ព្រហស្ថ​)
-​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល (​ជំនួស​លោក នុត សុខុម​)

​តំណែង​រដ្ឋមន្ត្រី​ថ្មី​ចាប់ពី​ដើម​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ មាន​៖
-​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម (​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​)
-​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល (​អតីតរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​)
-​លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​ជំនួស លោក គាត ឈន់​)
-​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន (​ជំនួស លោក ម៉ុក ម៉ារ៉េត​)
-​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា (​ជំនួស លោក អ៊ឹម សិទ្ធី​)
-​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ (​ជំនួស​លោក ហ៊ឹម ឆែម​)
-​លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ (​ដំឡើង​ពី​រដ្ឋលេខាធិការដ្ឋាន​មុខងារសាធារណៈ​)
-​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា (​ប្តូរ​ជាមួយ​លោក អ៊ិត សំហេង​)
-​លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ (​ប្តូរ​ជាមួយ​លោក វង សូត​)


​តំណែង​ពាក់កណ្តាល​អណ​ត្តិ​ទី​៥ ចាប់ពី​ខែមេសា ឆ្នាំ​២០១៦៖
-​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (​បន្ត​ពី​លោក ហោ ណាំហុង​)
-​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន (​ជំនួស​លោក ត្រាំ អ៊ីវតឹក​)
-​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ (​ជំនួស​លោក អ៊ឹម ឈុនលឹម​)
-​លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា (​ជំនួស លោក មិន ឃិន​)
-​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ជំនួស លោក ប្រាក់ សុខុន​
-​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​ជំនួស​លោក អ៊ុក រ៉ាប៊ុន​)
-​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ (​ជំនួស​លោក ជា សុផារ៉ា​)
-​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម (​ជំនួស លោក ស៊ុន ចាន់ថុល​)

​ក្រោយ​មរណភាព​សម្តេច សុខ អាន​៖
- លោក ប៊ិន ឈិន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី (​ចាប់ពី​ឆ្នាំ​២០១៧​មក​)៕



Tag:
 រដ្ឋមន្ត្រី
  គណៈរដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com