ជាតិ
នយោបាយជាតិ
រដ្ឋមន្ត្រីទាំង២៨រូបនាពេលបច្ចុប្បន្ន តើនឹងមានការផ្លាស់ប្តូរដែរទេសម្រាប់អាណត្តិថ្មី?
× សម្តេច ស ខេង និងសម្តេច ទៀ បាញ់ ជារដ្ឋមន្ត្រីដឹកនាំក្រសួងរបស់ខ្លួន តាំងពីមុនអាណត្តិទី១មកម្ល៉េះ ខណៈលោក ចម ប្រសិទ្ធ និងលោក ស៊ុយ សែម កាន់តំណែងជារដ្ឋមន្ត្រីចាប់ពីអាណត្តិទីមួយ ហើយផ្លាស់ប្តូរក្រសួងជាបន្តបន្ទាប់។ លោក ប៊ិន ឈិន ជារដ្ឋមន្ត្រីដែលកាន់តំណែងក្រោយគេក្នុងអាណត្តិទី៥ ពោលគឺចាប់ពីខែមិនា ឆ្នាំ២០១៧ ក្រោយមរណភាពសម្តេច សុខ អាន ខណៈរដ្ឋមន្ត្រី៨រូបផ្សេងទៀតចាប់ផ្តើមការងារនៅស្ថាប័នរៀងៗខ្លួន ចាប់តាំងពីពាក់កណ្តាលអាណត្តិទី៥មក។ បច្ចុប្បន្ន លោក សាយ សំអាល់ ជារដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេ។
យោងតាមបញ្ជីបេក្ខជនបោះឆ្នោតរដ្ឋមន្ត្រីរហូតដល់ទៅ២៦រូបក្នុងចំណោម២៨រូប (លើកលែងលោក ហ៊ឹម ឆែម និងលោកស្រី ភឿង សកុណា) សុទ្ធតែបានជាប់ឆ្នោតជាតំណាងរាស្ត្រសម្រាប់នីតិកាលទី៦ ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលមានប្រសាសន៍ ទាក់ទងនឹងបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីនាពេលខាងមុខនោះឡើយ ដោយគ្រាន់តែសម្តេចបង្ហើបឲ្យដឹងថា តំណែងលោក ចម ប្រសិទ្ធ នឹងមិនមានបញ្ហាឡើយ។
ខាងក្រោមនេះ ជាឈ្មោះរដ្ឋមន្ត្រីទាំង២៨ដែលកំពុងកាន់តំណែងនាពេលបច្ចុប្បន្ន៖
អាណត្តិទីមួយនៅឆ្នាំ១៩៩៣
-សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ (កាន់តំណែងចាប់ពីឆ្នាំ១៩៩២ មក ហើយពីឆ្នាំ១៩៩៣ដល់២០០៦ ជាសហរដ្ឋមន្ត្រី មុននឹងកាន់តំណែងរដ្ឋមន្ត្រីផ្តាច់មុខ ចាប់ពីឆ្នាំ២០០៦)
-សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ (កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិតាំងពីឆ្នាំ១៩៨៧មកម្ល៉េះ ក្រោយមកជាសហរដ្ឋមន្ត្រី ហើយចាប់ពីឆ្នាំ២០០៦មក ជារដ្ឋមន្ត្រីដល់បច្ចុប្បន្ន)
អាណត្តិទីពីរឆ្នាំ១៩៩៨
-លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ឆ្នាំ១៩៩៨ (បន្តពីលោក ជា ចាន់តូ)
-លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម (ក្រសួងបង្កើតឡើងនៅឆ្នាំ១៩៩៨)
តំណែងរដ្ឋមន្ត្រីចាប់តាំងពីអាណត្តិទី៣ ២០០៣ តែការតែងតាំងពន្យាដល់ឆ្នាំ២០០៤៖
-លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និង អធិការកិច្ច (បន្តពីលោកស្រី សោម គឹមសួរ)
-លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន (ជំនួសលោក លឺ ឡាយស្រេង)
-លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី (ជំនួសលោកស្រី មូរ សុខហួ)
-លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (ជំនួសលោក នាវ ស៊ីថុង ចាប់ពីឆ្នាំ២០០៤មក)
នីតិកាលទី៤ ឆ្នាំ២០០៨៖
-លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (កាន់តំណែងតាំងពីឆ្នាំ២០០៧ ក្រោយបញ្ចប់តំណែងលោក ឡាយ ព្រហស្ថ)
-លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល (ជំនួសលោក នុត សុខុម)
តំណែងរដ្ឋមន្ត្រីថ្មីចាប់ពីដើមអាណត្តិទី៥ ឆ្នាំ២០១៣ មាន៖
-លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម (អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម)
-លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល (អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល)
-លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ជំនួស លោក គាត ឈន់)
-លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (ជំនួស លោក ម៉ុក ម៉ារ៉េត)
-លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (ជំនួស លោក អ៊ឹម សិទ្ធី)
-លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ជំនួសលោក ហ៊ឹម ឆែម)
-លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ (ដំឡើងពីរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ)
-លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ប្តូរជាមួយលោក អ៊ិត សំហេង)
-លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ (ប្តូរជាមួយលោក វង សូត)
តំណែងពាក់កណ្តាលអណត្តិទី៥ ចាប់ពីខែមេសា ឆ្នាំ២០១៦៖
-លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (បន្តពីលោក ហោ ណាំហុង)
-លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (ជំនួសលោក ត្រាំ អ៊ីវតឹក)
-លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ (ជំនួសលោក អ៊ឹម ឈុនលឹម)
-លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា (ជំនួស លោក មិន ឃិន)
-លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំនួស លោក ប្រាក់ សុខុន
-លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ជំនួសលោក អ៊ុក រ៉ាប៊ុន)
-លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ (ជំនួសលោក ជា សុផារ៉ា)
-លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (ជំនួស លោក ស៊ុន ចាន់ថុល)
ក្រោយមរណភាពសម្តេច សុខ អាន៖
- លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី (ចាប់ពីឆ្នាំ២០១៧មក)៕
Tag:
រដ្ឋមន្ត្រី
គណៈរដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com