អន្តរជាតិ
មហាអំណាច​អាមេរិក​ខាងជើង​កាណាដា​ចង់​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​
29, Aug 2018 , 10:19 pm        
រូបភាព
​កាណាដា បាន​បង្ហើប​ពី​បំណង​របស់​មហាអំណាច​អាមេរិក​ខាងជើង​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អង្គការ​តំបន់​អាស៊ាន​។ ការបង្ហាញ​បំណង​ធ្វើ​ពាណិជ្ជកម្ម​ស៊ីជម្រៅ​ជាមួយ​អាស៊ាន​កើតឡើង​ចំ​ពេលដែល​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា ព្យាយាម​ចែរ​ចូ​វ​អាស៊ាន​ក្រោម​ហេតុផល​នៃ​ការប្រែប្រួល​នៃ​បរិបទ​ភូមិសាស្ត្រ​នយោបាយ និង​ការរីក​ធំធាត់​នៃ​សេដ្ឋកិច្ច​របស់​អាស៊ាន​ឥតឈប់ឈរ​នេះដែរ​។

 

 
​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​រដ្ឋ​អាស៊ីអាគ្នេយ៍​ថៃ និង​សិង្ហ​បុរី​នា​សប្តាហ៍​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កាណាដា​លោក  Jim Carr បាន​បង្ហើប​ថា កាណាដា​កំពុង​ស្វែងរក​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​ដែរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​រដ្ឋមន្ត្រី​រូបនេះ​មក​អាស៊ីអាគ្នេយ៍​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ជាមួយ​ថៃ និង​សិង្ហ​បុរី និង​ឈានទៅរក​ឱកាស​បង្កើត​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​អង្គការ​តំបន់​នេះ​ផង​។ 
 
​លោក Jim Carr អះអាងថា ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន​នឹង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​ធុរកិច្ច​កាណាដា​ចូល​វិនិយោគ​ក្នុង​តំបន់​ដែលជា​ទីផ្សារ​ដ៏​ធំ​មាន​ប្រជាជន​ជាង ៦០០​លាន​នាក់ និង​មាន​សេដ្ឋកិច្ច​រីកលូតលាស់រ​ហ័ស​បំផុត​មួយ​នោះ​។ 
 
​តាមពិតទៅ ការបង្ហាញ​បំណង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន កើតឡើង​ស្រប​ពេលដែល​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក​ឯកភាពគ្នា​លើ​ការចរចា​ពាក់ព័ន្ធ​នឹង​ការសើរើ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង (NAFTA)​។ 
 
​ការស្វែងរក​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កាណាដា និង​អាស៊ាន​នេះ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការលូតលាស់​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្រុង​អូ​តា​វ៉ា​ដែល​កំណត់​អាស៊ាន​ជា​តំបន់​អាទិភាព​។  
 
​ទំនាក់ទំនង​អាស៊ាន​និង​កាណាដា​មាន​អាយុ ៤០​ឆ្នាំ​គិត​ត្រឹម​ឆ្នាំ ២០១៧
​ឆ្នាំ ២០១៧ ជា​ខួប ៤០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​កាណាដា​ជាមួយ​អាស៊ាន ហើយ​វា​ជា​ពេលវេលា​ពិសេស​ព្រោះ​វា​ក៏​ចំ​ឆ្នាំ​ដែល​អាស៊ាន​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី ៥០​នៃ​កា​រករ​កើត​របស់ខ្លួន​ដែរ​។ រយៈពេល ៤០​ឆ្នាំ មកនេះ​កាណាដា ក្លាយជា​ដៃគូ​ជិតស្និទ្ធ​របស់​អាស៊ាន ហើយ​ទំនាក់​ទំនាក់​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​ផង​។​
​កន្លង​កាណាដា​នៅ​បង្ហាញ​ជំហរ​ស្ទាក់ស្ទើរ​ក្នុងការ​ស្រវា​ចាប់​អាស៊ាន ហើយ​ទំនាក់ទំនង​រវាង​កាណាដា និង​អាស៊ាន​ប្រឈម​បញ្ហា​ខ្លាំង​ដោយសារ​បញ្ហា​ដែល​កើតឡើង​នៅ​មី​យ៉ាន់​ម៉ា​។ កាណាដា​ជា​មហាអំណាច​អាមេរិក​ខាងជើង​ដែល​តែងតែ​ទិតៀន​របប​សឹក​មី​យ៉ាន់​ម៉ា​តាំងពីដើម​មក ហើយ​ការចូលរួម​របស់​មី​យ៉ាន់​ម៉ា​ជាមួយ​អាស៊ាន​ឆ្នាំ ១៩៩៧ ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​អា​ស៊ា​និង​កាណាដា​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​។​
 
​យ៉ាងណាមិញ​ទំនាក់ទំនង​នេះ​ចាប់ផ្តើម​ប្រសើរឡើង​បន្តិច​ម្តងៗ​នៅ​អំឡុង​ឆ្នាំ ២០១០ ដោយ​កាណាដា​ចាប់ផ្តើម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាមួយ​អាស៊ាន និង​ពង្រឹង​ទំនាក់ទំនង​ការទូត​រួមគ្នា​ជាដើម​។ ឆ្នាំ ២០១២ ក្រុមប្រឹក្សា​ធុរៈកិច្ច​កាណាដា និង​អាស៊ាន​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​សម្រួល​ដល់​អ្នកវិនិយោគ​កាណាដា​ក្នុងការ​មក​ដាក់ទុនរ​ក​ស៊ី​នៅ​តំបន់​អាស៊ាន​ផង​និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាដើម​។ កាល​ឆ្នាំ ២០០៩ កាណាដា​បានដាក់​ទូត​ប្រចាំ​អាស៊ាន​ជា​ផ្លូវការ ប៉ុន្តែ​ឯកអគ្គរាជទូត​កាណាដា​ប្រចាំ​ឥណ្ឌូណេស៊ី​ជា​អ្នក​កាន់​តួនាទី​ពីរ ជា​ទូត​ប្រចាំ​អាស៊ាន​ផង និង​ជា​ទូត​ប្រចាំ​ឥណ្ឌូណេស៊ី​ផង​។ កាណាដា​បន្ត​បង្កើត​ស្ថានទូត​នៅតាម​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត ហើយ​ដូច​ស្រាប់​នៅ​ឆ្នាំ ២០១៥ កាណាដា​សម្រេច​បង្កើត​ស្ថានទូត​នៅ​កម្ពុជា​និង​ឡាវ​ជា​ផ្លូវការ​។​
 
​ថ្វីបើ​ដូច្នេះ ទំនាក់ទំនង​រវាង​អាស៊ាន និង​កាណាដា​កន្លងមក​នៅមាន​កម្រិត​នៅឡើយ ព្រោះ​គោលនយោបាយ​ការបរទេស​របស់​អតីត​នាយករដ្ឋមន្ត្រី Stephen Harper ដែល​ទើប​ចប់​អាណត្តិ​ឆ្នាំ ២០១៥ នោះ មិនសូវ​យកចិត្តទុកដាក់​ខ្លាំង​លើ​តំបន់​អាស៊ីអាគ្នេយ៍​ឡើយ​។ ប៉ុន្តែ​ក្រោយ​ការចូល​កាន់តំណែង​រប​ស់​នាយករដ្ឋមន្ត្រី​វ័យក្មេង ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) កាណាដា​ចាប់ផ្តើម​កែលម្អ​នយោបាយ​ការបរទេស​របស់ខ្លួន និង​ប្រឹងប្រែង​បង្កើន​តួនាទី​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​ជាពិសេស​ពង្រឹង​ទំនាក់​ទំនងជា​មួយអង្គ​ការ​តំបន់​ជាពិសេស​អាស៊ាន​តែម្តង​។ 
 
​នៅ​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា សម្រេច​តែងតាំង​លោកស្រី Marie-Louise Hannan ជា​ឯកអគ្គរាជទូត​ពិសេស​ប្រចាំ​អាស៊ាន​ជា​លើកដំបូង​របស់ខ្លួន ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ច្បាស់លាស់​របស់​រដ្ឋាភិបាល​កាណាដា​ក្នុង​ការសហការ​ជាមួយ​អាស៊ាន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​កាណាដា​បានបង្ហាញ​ជំហរ​ច្បាស់លាស់​ចង់​ក្លាយខ្លួនជា​សមាជិក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​បូក​ថែម​ទៀតផង​។ ជាការ​ពិត កាណាដា ត្រូវការ​ការគាំទ្រ​ពេញទំហឹង​ពី​បណ្តា​រដ្ឋ​អាស៊ាន​ដើម្បី​សម្រេច​មហិច្ឆតា​របស់ខ្លួន​នេះ​។
​យោងតាម​របាយការណ៍​ពាណិជ្ជកម្ម​ក្រុមប្រឹក្សា​ធុរៈកិច្ច​អាស៊ាន កាណាដា អាស៊ាន​ជា​ដៃគូ​ធំ​បំផុត​ទី​ប្រាំមួយ​របស់​កាណាដា ហើយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ដល់ ២១,៣​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ ២០១៦​។ ដូច្នេះហើយ វា​ជា​ឱកាសល្អ​បំផុត​សម្រាប់​កាណាដា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​
 
​ឆ្នាំ ២០១៧ កន្លងមកនេះ កាណាដា​បានប្រកាស​ពី​គម្រោង​ផ្តល់ជំនួយ​អភិវឌ្ឍ និង​សន្តិសុខ​ចំនួន ១២ បន្ថែម​លើ​ជំនួយ​មនុស្សធម៌ ដែលមាន​ទំហំ​ប្រហែល ២០​លាន​ដុល្លារ​នោះ ហើយ​កាណាដា​ក៏​ប្តេជ្ញា​ជួយឧបត្ថម្ភ​ថវិកា ១០​លាន​ដុល្លារ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អាស៊ាន​ផងដែរ​។ សកម្មភាព​នេះ​រឹតតែ​បង្ហាញ​ឲ្យ​ឃើញថា កាណាដា យកចិត្តទុកដាក់​ចំពោះ​តំបន់ និង​បន្ត​ទំនាក់ទំនង​រយៈពេល​វែង​ជាមួយ​អាស៊ាន​ទៅ​ថ្ងៃមុខ​ផងដែរ​។​
 
​សូមបញ្ជាក់ថា យោងតាម​របាយការណ៍​រដ្ឋាភិបាល​កាណាដា​ចន្លោះ​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៥ កាណាដា​បាន​ផ្តល់ជំនួយ​អភិវឌ្ឍ​មកកាន់​តំបន់​អាស៊ាន​ប្រហែល ២៥០ លាន​ដុល្លារ​អាមេរិក ហើយ​ចាប់ពី​ឆ្នាំ ២០១១ កាណាដា​បានផ្តល់​ជំនួយ​សន្តិសុខ​ចំនួន ៧៩ លាន​ដុល្លារ​ផងដែរ​ដល់​សមាជិក​អាស៊ាន​ទាំង​ដប់ ដើម្បី​គាំទ្រ​អាស៊ាន​ក្នុង​ការរក្សាសន្តិសុខ ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​ផង​៕

Tag:
 កាណាដា
  អាស៊ាន​
  កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​
© រក្សាសិទ្ធិដោយ thmeythmey.com