ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ប្រាប់មេធាវីឲ្យតាមទារលុយសំណង៨០០លានរៀលពីលោក គឹម សុខ?
× ភ្នំពេញ៖ ពីពិធីជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យមេធាវីតាមទារប្រាក់សំណង៨០០លានរៀល ពីអតីតទណ្ឌិតម្នាក់ ដែលទើបចេញពីពន្ធនាគារ កាលពីពេលថ្មីៗនេះ។
អតីតទណ្ឌិតដែលសម្ដេច ហ៊ុន សែន នៅតាមទារទឹកប្រាក់សំណងនេះ ទំនងជាសំដៅលើលោក គឹម សុខ ដែលជាប់ពន្ធនាគារពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលត្រូវបានតុលាការបង្គាប់សំណង៨០០លានរៀល ទៅសម្ដេច ហ៊ុន សែន នាពេលកន្លងមក។ មូលហេតុដែលប្រមុខរដ្ឋាភិបាល រំឭកពីប្រាក់សំណងនេះ ដោយសារតែទណ្ឌិតទើបចេញពីពន្ធនាគាររូបនេះ បានប្រើប្រាស់ពាក្យពេចន៍លើសលោះមកលើរដ្ឋាភិបាល។ សម្ដេច ហ៊ុន សែន ចាត់ទុកពាក្យសម្ដីបុគ្គលរូបនេះ ជាការប្រមាថដល់ខ្លួន។
ទន្ទឹមនឹងការទាមទារសំណងនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានផងដែរថា បើបុគ្គលរូបនោះ មិនមានប្រាក់សងសម្ដេចវិញទេ នោះរូបគេនឹងអាចប្រឈមមុខជាប់ពន្ធនាគារសារជាថ្មី ។ នេះជាការបញ្ជាក់របស់សម្ដេច ដែលកំពុងឲ្យមេធាវី ពិនិត្យមើលផ្លូវច្បាប់។
ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល បានពន្យល់ពីផ្លូវច្បាប់ថា បើអ្នកណារួចទោសពីពន្ធនាគារ តាមរយៈព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រនោះ ពួកគេមិនត្រូវបង់ប្រាក់សំណងជំងឺចិត្តដល់ដើមបណ្ដឹង ដែលតុលាការសម្រេចនោះទេ។ ប៉ុន្តែបើអ្នកណារួចទោស តាមរយៈការអនុវត្តទោសតាមច្បាប់នោះ ពួកគេត្រូវសងរាល់ទឹកប្រាក់សំណង ដែលតុលាការសម្រេចឲ្យគ្រប់ចំនួន ដល់ដើមបណ្ដឹង។ ចំណុចនេះសម្ដេច ហ៊ុន សែន ចង់ពន្យល់ផ្លូវច្បាប់ ដល់បុគ្គលដែលសម្ដេច ចង់ទារសំណងជំងឺចិត្តកន្លងមក៕
Tag:
សម្តេច ហ៊ុន សែន
គឹម សុខ
© រក្សាសិទ្ធិដោយ thmeythmey.com