ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់​មេធាវី​ឲ្យ​តាម​ទារលុយ​សំណង​៨០០​លាន​រៀល​ពី​លោក គឹម សុខ​?
29, Aug 2018 , 9:32 am        
រូបភាព
ភ្នំពេញ​៖ ពី​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​មេធាវី​តាម​ទារប្រាក់​សំណង​៨០០​លាន​រៀល ពី​អតីត​ទណ្ឌិត​ម្នាក់ ដែល​ទើប​ចេញពី​ពន្ធនាគារ កាលពីពេល​ថ្មីៗ​នេះ​។​



អត្ថបទទាក់ទង

​អតីត​ទណ្ឌិត​ដែល​សម្ដេច ហ៊ុន សែន នៅតាម​ទារ​ទឹកប្រាក់​សំណង​នេះ ទំនងជា​សំដៅលើ​លោក គឹម សុខ ដែល​ជាប់ពន្ធនាគារ​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ដែល​ត្រូវបាន​តុលាការ​បង្គាប់​សំណង​៨០០​លាន​រៀល ទៅ​សម្ដេច ហ៊ុន សែន នាពេល​កន្លងមក​។ មូល​ហេតុដែល​ប្រមុខ​រដ្ឋាភិបាល រំឭក​ពី​ប្រាក់​សំណង​នេះ ដោយសារតែ​ទណ្ឌិត​ទើប​ចេញពី​ពន្ធនាគារ​រូបនេះ បាន​ប្រើប្រាស់​ពាក្យពេចន៍​លើសលោះ​មកលើ​រដ្ឋាភិបាល​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ពាក្យសម្ដី​បុគ្គល​រូបនេះ ជាការ​ប្រមាថ​ដល់​ខ្លួន​។​

​ទន្ទឹមនឹង​ការទាមទារ​សំណង​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ផងដែរ​ថា បើ​បុគ្គល​រូបនោះ មិនមាន​ប្រាក់​សង​សម្ដេច​វិញ​ទេ នោះ​រូបគេ​នឹង​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​សារជាថ្មី ។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ដែលកំពុង​ឲ្យ​មេធាវី ពិនិត្យមើល​ផ្លូវច្បាប់​។​

​ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល បាន​ពន្យល់​ពី​ផ្លូវច្បាប់​ថា បើ​អ្នកណា​រួច​ទោស​ពី​ពន្ធនាគារ តាមរយៈ​ព្រះរាជក្រឹត្យ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​នោះ ពួកគេ​មិនត្រូវ​បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង ដែល​តុលាការ​សម្រេច​នោះទេ​។ ប៉ុន្តែ​បើ​អ្នកណា​រួច​ទោស តាមរយៈ​ការអនុវត្ត​ទោស​តាមច្បាប់​នោះ ពួកគេ​ត្រូវ​សង​រាល់​ទឹកប្រាក់​សំណង ដែល​តុលាការ​សម្រេច​ឲ្យ​គ្រប់​ចំនួន ដល់​ដើមបណ្ដឹង​។ ចំណុច​នេះ​សម្ដេច ហ៊ុន សែន ចង់​ពន្យល់​ផ្លូវច្បាប់ ដល់​បុគ្គល​ដែល​សម្ដេច ចង់​ទារ​សំណង​ជំងឺ​ចិត្ត​កន្លងមក​៕
 


Tag:
 សម្តេច ហ៊ុន សែន
  គឹម សុខ
© រក្សាសិទ្ធិដោយ thmeythmey.com