កីឡាជាតិ
ជាតិ
ក្លិប​វិសាខា​យក​ពេលទំនេរ​ពី​ការប្រកួត​ទៅ​ចែករំលែក​បទពិសោធ​ដល់​ក្មេងៗ​នៅតាម​ខេត្ត​
30, Aug 2018 , 8:39 am        
រូបភាព
កីឡាករ កែវ សុខផេង ចុះហត្ថលេខាលើបាល់របស់អ្នកគាំទ្រក្នុងកម្មវិធីសប្បុរសធម៌នៅខេត្តបាត់ដំបង
កីឡាករ កែវ សុខផេង ចុះហត្ថលេខាលើបាល់របស់អ្នកគាំទ្រក្នុងកម្មវិធីសប្បុរសធម៌នៅខេត្តបាត់ដំបង
ដោយ:
​ក្លិប​បាល់ទាត់​វិសាខា ដែលជា​ចំណូល​ថ្មី​នៃ​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ បាន​យក​ពេលទំនេរ​ពី​ការប្រកួត​ទៅ​ចែករំលែក​បទពិសោធ​បាល់ទាត់​ដល់​ក្មេងៗ​នៅតាម​ខេត្ត​។ ជាក់ស្តែង​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែសីហា លោក ស សុខា ប្រធាន​ក្លិប​វិសាខា បាន​ដឹកនាំ​មន្ត្រី និង​កីឡាករ​ទៅ​ខេត្តបាត់ដំបង ដើម្បី​រៀបចំ​កម្មវិធី​សប្បុរសធម៌​ស្តីពី​កីឡាបាល់ទាត់​នៅ​ទីនោះ​។ កម្មវិធី​ដែល​ធ្វើ​នៅ​កីឡដ្ឋាន​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង បាន​ទាក់ទាញ​កុមារា​កុមារី​ប្រមាណ​ជាង​១០០​នាក់ ដែល​ក្នុងនោះ​ក៏មាន​កុមារកំព្រា​ដែរ​។​

 
​ឆ្លៀតពេល​សម្រាក​ពី​ការប្រកួត​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ ក្លិប​បាល់ទាត់​វិសាខា កាលពី​ថ្ងៃទី​២៦ សីហា ឆ្នាំ​២០១៨​បានរៀបចំ​កម្មវិធី​សប្បុ​ធម៌​ស្តីពី​កីឡាបាល់ទាត់​នៅ​ខេត្តបាត់ដំបង ដើម្បី​ចែករំលែក​បទពិសោធ​បាល់ទាត់​ដល់​ក្មេងៗ​នៅ​ទីនោះ​។ កុមារា​កុមារី​ជាង​១០០​នាក់​ដែលមាន​មូលដ្ឋាន​នៅក្បែរៗ​នោះបាន​នាំមក​ហ្វឹកហាត់ និង​ទទួលយក​បទពិសោធ ដែល​ចែករំលែក​ដោយ​សមាជិក​នៃ​ក្រុម​វិសាខា​។ 


 
​ក្រៅពី​ទទួលបាន​បទពិសោធ​លេង​បាល់ទាត់​ពី​កីឡាករ​អាជីព​នៃ​ក្លិប​វិសាខា កុមារា​កុមារី​ទាំងនោះ ក៏​ទទួលបាន​សម្ភារ​រួមមាន​អាវ បាល់ និង​របស់របរ​ផ្សេងៗ​ពី​កម្មវិធី​នេះ​ផងដែរ​។ លើសពីនេះ ពួកគេ​ដែលមាន​គ្នា​ជាង​១០០​នាក់​បាន​លេង​បាល់​ជាមួយ​ក្រុម​កីឡាករ​នៃ​ក្លិប​វិសាខា​ប្រកបដោយ​ភាពសប្បាយ​រីករាយ​។ ហើយ ក៏មាន​កុមារា​មួយចំនួន​បាន​សុំ​ហត្ថលេខា​ពី​កីឡាករ​ក្នុង​ចិត្ត​របស់​ពួកគេ​ទៀតផង​។ 
 
​នេះ​ជា​លើក​ទី​៣ ដែល​ក្លិប​វិសាខា​បានរៀបចំ​កម្មវិធី​សប្បុរសធម៌​នេះ​ឡើង ខណៈ​ពីរលើក​ដំបូង​រៀបចំ​នៅ​ខេត្តព្រៃវែង​។ បើ​យោងតាម​លោក ស សុខា ប្រធាន​ក្លិប​វិសាខា ការជ្រើសរើស​ខេត្តបាត់ដំបង​ជា​គោលដៅ​ទី​៣ គឺ​ដើម្បី​ឆ្លើយ​តម​ការស្នើ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​។ ម្យ៉ាង​ខេត្តបាត់ដំបង​ជាទី​តាំង​សក្តានុពល ដែល​សម្បូរ​ក្មេង​ចូលចិត្ត​លេង​កីឡា ពិសេស​ចង់​ឲ្យ​កុមារកំព្រា​នៅទីនេះ​បាន​ស្គាល់ និង​ចូលរួម​លេង​កីឡាបាល់ទាត់​ជាមួយ​កុមារ​ដទៃទៀត​។​


 
​លោក ស សុខា ដែលជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​ព្រៃវែង បាត់ដំបង និង​បន្ទាយមានជ័យ​បានចាត់ទុក​កម្មវិធី​នេះ ជា​ស្ពាន​មួយ​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​កុមារា​កុមារី​បាន​ជួប​ជាមួយ​កីឡាករ​ដែលជា Idol របស់​ពួកគេ​ផ្ទាល់​។ បន្ថែម​លើ​នេះ វា​បាន​ជួយ​ផ្សព្វផ្សាយ និង​បំផុត​ស្មារតី​យុវជន​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ​កីឡា និង​ចៀសវាង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​។​
 
​ថ្នាក់ដឹកនាំ​ក្លិប​វិសាខា​រូបនេះ​បាន​អះអាងថា លោក​នឹង​ព្យាយាម​ពង្រីក​កម្មវិធី​សប្បុរស​នេះ​ទៅកាន់​ខេត្ត​ផ្សេងៗ​ទៀត​។ សម្រាប់​គោលដៅ​បន្ត​ក្លិប​នេះ គ្រោង​រៀបចំ​នៅ​ខេត្តបន្ទាយមានជ័យ​៕  













Tag:
 បាល់ទាត់​
  វិសាខា​
  លោក ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com