កីឡាជាតិ
ជាតិ
ក្លិបវិសាខាយកពេលទំនេរពីការប្រកួតទៅចែករំលែកបទពិសោធដល់ក្មេងៗនៅតាមខេត្ត កីឡាករ កែវ សុខផេង ចុះហត្ថលេខាលើបាល់របស់អ្នកគាំទ្រក្នុងកម្មវិធីសប្បុរសធម៌នៅខេត្តបាត់ដំបង
× ក្លិបបាល់ទាត់វិសាខា ដែលជាចំណូលថ្មីនៃក្របខណ្ឌខេមបូឌានលីគ បានយកពេលទំនេរពីការប្រកួតទៅចែករំលែកបទពិសោធបាល់ទាត់ដល់ក្មេងៗនៅតាមខេត្ត។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យ ទី២៦ ខែសីហា លោក ស សុខា ប្រធានក្លិបវិសាខា បានដឹកនាំមន្ត្រី និងកីឡាករទៅខេត្តបាត់ដំបង ដើម្បីរៀបចំកម្មវិធីសប្បុរសធម៌ស្តីពីកីឡាបាល់ទាត់នៅទីនោះ។ កម្មវិធីដែលធ្វើនៅកីឡដ្ឋានសាកលវិទ្យាល័យខេត្តបាត់ដំបង បានទាក់ទាញកុមារាកុមារីប្រមាណជាង១០០នាក់ ដែលក្នុងនោះក៏មានកុមារកំព្រាដែរ។
ឆ្លៀតពេលសម្រាកពីការប្រកួតក្នុងពានរង្វាន់ក្របខណ្ឌខេមបូឌានលីគ ក្លិបបាល់ទាត់វិសាខា កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៨បានរៀបចំកម្មវិធីសប្បុធម៌ស្តីពីកីឡាបាល់ទាត់នៅខេត្តបាត់ដំបង ដើម្បីចែករំលែកបទពិសោធបាល់ទាត់ដល់ក្មេងៗនៅទីនោះ។ កុមារាកុមារីជាង១០០នាក់ដែលមានមូលដ្ឋាននៅក្បែរៗនោះបាននាំមកហ្វឹកហាត់ និងទទួលយកបទពិសោធ ដែលចែករំលែកដោយសមាជិកនៃក្រុមវិសាខា។
ក្រៅពីទទួលបានបទពិសោធលេងបាល់ទាត់ពីកីឡាករអាជីពនៃក្លិបវិសាខា កុមារាកុមារីទាំងនោះ ក៏ទទួលបានសម្ភាររួមមានអាវ បាល់ និងរបស់របរផ្សេងៗពីកម្មវិធីនេះផងដែរ។ លើសពីនេះ ពួកគេដែលមានគ្នាជាង១០០នាក់បានលេងបាល់ជាមួយក្រុមកីឡាករនៃក្លិបវិសាខាប្រកបដោយភាពសប្បាយរីករាយ។ ហើយ ក៏មានកុមារាមួយចំនួនបានសុំហត្ថលេខាពីកីឡាករក្នុងចិត្តរបស់ពួកគេទៀតផង។
នេះជាលើកទី៣ ដែលក្លិបវិសាខាបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង ខណៈពីរលើកដំបូងរៀបចំនៅខេត្តព្រៃវែង។ បើយោងតាមលោក ស សុខា ប្រធានក្លិបវិសាខា ការជ្រើសរើសខេត្តបាត់ដំបងជាគោលដៅទី៣ គឺដើម្បីឆ្លើយតមការស្នើរបស់ថ្នាក់ដឹកនាំខេត្ត។ ម្យ៉ាងខេត្តបាត់ដំបងជាទីតាំងសក្តានុពល ដែលសម្បូរក្មេងចូលចិត្តលេងកីឡា ពិសេសចង់ឲ្យកុមារកំព្រានៅទីនេះបានស្គាល់ និងចូលរួមលេងកីឡាបាល់ទាត់ជាមួយកុមារដទៃទៀត។
លោក ស សុខា ដែលជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យបានចាត់ទុកកម្មវិធីនេះ ជាស្ពានមួយដ៏សំខាន់ ដែលនាំឲ្យកុមារាកុមារីបានជួបជាមួយកីឡាករដែលជា Idol របស់ពួកគេផ្ទាល់។ បន្ថែមលើនេះ វាបានជួយផ្សព្វផ្សាយ និងបំផុតស្មារតីយុវជនឲ្យងាកមកចាប់អារម្មណ៍លើវិស័យកីឡា និងចៀសវាងប្រព្រឹត្តអំពើមិនគប្បី។
ថ្នាក់ដឹកនាំក្លិបវិសាខារូបនេះបានអះអាងថា លោកនឹងព្យាយាមពង្រីកកម្មវិធីសប្បុរសនេះទៅកាន់ខេត្តផ្សេងៗទៀត។ សម្រាប់គោលដៅបន្តក្លិបនេះ គ្រោងរៀបចំនៅខេត្តបន្ទាយមានជ័យ៕
Tag:
បាល់ទាត់
វិសាខា
លោក ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com