អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ មិនមកប្រជុំអាស៊ាននៅសិង្ហបុរី និង APEC នៅប៉ាពូអាស៊ីនូវែលហ្គីណេឡើយ
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមិនមានវត្តមានចូលរួមក្នុងជំនួបធំចំនួនពីរនៅតំបន់ប៉ាស៊ីហ្វិក ដែលត្រូវរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។ តំណាងឲ្យលោក ត្រាំ គឺអនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន នឹងចូលរួមក្នុងជំនួបសំខាន់នៅសិង្ហបុរី និងនៅប៉ាពូអាស៊ីនូវែលហ្គីណេ។ សេតវិមានបានប្រកាសនៅថ្ងៃទី៣១ ខែសីហា ថា លោក ផេន នឹងលើកឡើងជំហររបស់អាមេរិកចំពោះទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកដែលលោក ត្រាំ បានដាក់ចេញ។
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំសំខាន់ចំនួនពីរនៅតំបន់អាស៊ីក្នុងខែវិច្ឆិកា ជំនួសប្រធានាធិបតី ដូណាល់ ត្រាំ ។ នេះជាសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាននៅថ្ងៃទី៣១ ខែសីហា។ សេតវិមានអាមេរិកមិនបានបង្ហាញមូលហេតុច្បាស់ពីការលុបចោលដំណើរទស្សនកិច្ចរបស់លោក ត្រាំ តែទំនងជាលោកមានគម្រោងធ្វើដំណើរទៅកាន់អឺរ៉ុប និងតំបន់អាមេរិកឡាទីនក្នុងខែវិច្ឆិកាដដែល។
កាលពីឆ្នាំមុន លោក ត្រាំ បានចូលរួមប្រជុំអាស៊ាននៅហ្វីលីពីន និងជំនួប APEC នៅវៀតណាម។ លោកក៏ត្រូវបានអញ្ជើញឲ្យទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរីនៅខែវិច្ឆិកាផង ហើយលោកក៏បានទទួលយកការអញ្ជើញនេះដែរ។ យ៉ាងណាក្ដី លោក ត្រាំ នឹងមិនមានវត្តមាននៅអាស៊ីអាគ្នេយ៍នៅចុងឆ្នាំនេះឡើយ។
តាមការប្រកាសខាងលើ លោក ផេន នឹងចូលរួមប្រជុំជាមួយបណ្ដាមេដឹកនាំមហាអំណាចដទៃទៀតអំឡុងពេលកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់មក អនុប្រធានាធិបតីអាមេរិក ត្រូវបន្តដំណើរទៅកាន់ប្រទេសកោះប៉ាស៊ីហ្វិកប៉ាពូអាស៊ីនូវែលហ្គីណេដើម្បីចូលរួមប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។
យោងតាមសេចក្ដីប្រកាសដដែល ក្នុងដំណើរទសក្សនកិច្ចនៅអាស៊ី អនុប្រធានាធិបតីអាមេរិក នឹងគូសបញ្ជាក់ពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបើកចំហ និងមានសេរីភាព ដោយពឹងផ្អែកលើការគោរពអធិបតេយ្យ នីតិរដ្ឋ ក៏ដូចជាគោលការណ៍សេរី យុត្តិធម៌ និងពាណិជ្ជកម្មផ្ដល់ចំណេញទៅមក។ សេតវិមានបន្តថា លោក ផេន ទន្ទឹងចាំជួបសម្ព័ន្ធមិត្តអាមេរិក និងដៃគូក្នុងតំបន់ដើម្បីជំរុញសន្តិសុខ វិបុលភាព និងសេរីភាព។
ព្រមគ្នានឹងការប្រកាសដំណើរទស្សនកិច្ចរបស់លោក ផេន សេតវិមានក៏បញ្ចេញផែនការទស្សនកិច្ចនៅបរទេសរបស់លោក ត្រាំ ក្នុងខែវិច្ឆិកាដដែល។ លោក ត្រាំ នឹងធ្វើដំណើរទៅកាន់បារាំង ដើម្បីចូលរួមពិធីខួបទី១០០ឆ្នាំនៃថ្ងៃបញ្ចប់សង្គ្រាមលោកលើកទី១ នៅថ្ងៃទី១១ ខែវិច្ឆិកា រួចបន្តដំណើរទស្សនកិច្ចនៅអៀរឡង់ដើម្បីរឹតចំណងមិត្តភាព។ នៅចុងខែ លោកនឹងទៅកាន់អាហ្សង់ទីនដើម្បីចូលរួមជំនួបមេដឹកនាំ G-20 និងធ្វើទស្សនិច្ចនៅកូឡុំប៊ីផង៕
Tag:
អាមេរិក
ASEAN
ដូណាល់ ត្រាំ
ម៉ៃ ផេន
© រក្សាសិទ្ធិដោយ thmeythmey.com