ជាតិ
សុខភាព
ប្រវត្តិ​សង្ខេប វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺរ វីរបុរស​នៃ​កុមារ​កម្ពុជា​
09, Sep 2018 , 10:01 pm        
រូបភាព
លោក បេអាត រីចឈ្នឺរ ប្រើជំនាញតន្ត្រី និងវេជ្ជសាស្ត្រដើម្បីជួយដល់​កុមារកម្ពុជារាប់លាននាក់
លោក បេអាត រីចឈ្នឺរ ប្រើជំនាញតន្ត្រី និងវេជ្ជសាស្ត្រដើម្បីជួយដល់​កុមារកម្ពុជារាប់លាននាក់
ដោយ: ថ្មីៗ
​លោក វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺរ (Dr.Beat Richner) ប្រធាន​មូលនិធិ និង​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា បាន​ទ​ទូល​មរណភាព​ក្នុង​អាយុ​៧១​ឆ្នាំ​នៅ​ក្រុង​ហ្សួ​រិច ប្រទេស​ស្វី​ស នា​ម៉ោង​២ និង​៤៥​នាទី ថ្ងៃទី​៩ ខែកញ្ញា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធ​បុ​ប្ជា​។ តន្ត្រីករ​សេ​ឡូ និង​ជា​វេជ្ជបណ្ឌិត​ឯកទេស​ថែទាំ​កុមារ​រូបនេះ ត្រូវបាន​ចាត់ទុកជា​ទេព្តា​ដែល​បាន​ជួយសង្គ្រោះ​កុមារ​ខ្មែរ​រាប់លាន​នាក់​។​



​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឆ្នឺ​រ កើត​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៤៧​នៅ​ក្រុង​ហ្សួ​រិច ប្រទេស​ស្វី​ស​។ លោក​បានទទួល​សញ្ញាបត្រ​វេជ្ជសាស្ត្រ​នៅ​ឆ្នាំ​១៩៧៣ ហើយ​បំពេញការងារ​ជា​វេជ្ជបណ្ឌិត​ឯកទេស​ថែទាំ​កុមារ​នៅ​មន្ទីរពេទ្យ Zurich Children’s Hospital​។​

​នា​អំឡុង​ឆ្នាំ​១៩៧៤-១៩៧៥ លោក​ត្រូវបាន​បញ្ជូនមក​កាន់​ក​ម្ពុ​ជា​ក្នុង​បេសកកម្ម​កាកបាទក្រហម​ស្វី​ស ឲ្យ​បម្រើការ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ក្នុង​ក្រុងភ្នំពេញ​។ លោក​ត្រូវបាន​បង្ខំចិត្ត​វិលត្រឡប់​ទៅ​ស្វី​ស​វិញ នៅមុន​ការកាន់កាប់​អំណាច​របស់​ក្រុមខ្មែរក្រហម​។​

​ក្រៅពី​ជំនាញ​វេជ្ជសាស្ត្រ លោក Beat Richner ក៏​ជា​តន្ត្រីករ​សេ​ឡូ​ម្នាក់​ផងដែរ​។ នៅ​ខែធ្នូ ឆ្នាំ​១៩៩១ លោក​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ស្នើសុំ​ឲ្យ​ជួយ​ជុស​ជុល និង​គ្រប់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ដែល​រង​ការបំផ្លិចបំផ្លាញ​។​

​បុរស​ចិត្តធម៌​ម្នាក់នេះ បានទទួល​យកតាម​សំណើរ ហើយ​នៅ​ឆ្នាំ​១៩៩២ លោក​បាន​បង្កើត​មូលនិធិ​គន្ធ​បុ​ប្ឆា​ដែលមាន​មូលដ្ឋាន​នៅ​ហ្សួ​រិច ប្រទេស​ស្វី​ស ហើយ​ធ្វើការ​ជុស​ជុល និង​ដាក់​ដំណើរការ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​សង្គ្រាម​ឡើងវិញ​។​

​បច្ចុប្បន្ន មូលនិធិ​គន្ធ​បុ​ប្ឆា​មាន​មន្ទីរពេទ្យ​កុមារ​ចំនួន​៥ (​គន្ធ​បុ​ប្ឆា​ទី​១ ទី​២ ទី​៤ និង​ទី​៥​នៅ​ភ្នំពេញ​) មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ឬ​គន្ធ​បុ​ប្ឆា​ទី​៣​នៅ​សៀមរាប​។ តាម​របាយការណ៍​នៅ​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា បាន​ចំណាយ​ថ​វិកា​១២​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ថ្ងៃ​ដើម្បី​ព្យាបាល​ជំងឺ​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។

៨៦,៤​ភាគរយ​ជា​វិភាគទាន​សប្បុរសជន​ដែល​ភាគច្រើន​រស់នៅក្នុង​ប្រទេស​ស្វី​ស ៨,៩​ភាគរយ​ជា​វិភាគទាន​របស់​រដ្ឋាភិបាល​ស្វី​ស និង​៤,៧​ភាគរយ ជា​វិភាគទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​ត្រូវបាន​គេ​ហៅ​ជាទូទៅ​ថា Dr. Beat Beatocello Richner ដោយសារតែ​លោក​បាន​ប្រើប្រាស់​ឧបករណ៍​សេ​ឡូ ជា​មធ្យោបាយ​ក្នុងការ​ស្វែងរក​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា​៕


Tag:
 គន្ធបុប្ឆា
  Beat Richner
© រក្សាសិទ្ធិដោយ thmeythmey.com