ជាតិ
ក្រៅពីរស់នៅក្នុងផ្ទះ លោក កឹម សុខា មិនអាចជួបអតីតថ្នាក់ដឹកនាំCNRP និងជនបរទេសឡើយ មន្ត្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ រង់ចាំជួបលោក កឹម សុខា នៅមុខផ្ទះ នៅព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨
× ភ្នំពេញ៖ ក្រៅពីរស់នៅក្នុងផ្ទះខ្លួន លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មិនអាចជួបអតីតថ្នាក់ដឹកនាំបក្ស និងជនបរទេសណាម្នាក់ ក្នុងទិសដៅដែលសង្ស័យថា ធ្វើសកម្មភាពនយោបាយបានឡើយ។ នេះបើតាមដីកាសម្រេចរបស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ ដែលដាក់លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោក កឹម សុខា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ កាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣ កញ្ញា។ តាមរយៈដីកាសម្រេចដោះលែងនៅក្រៅឃុំនេះ តុលាការបានដាក់លក្ខខណ្ឌមួយចំនួន មកលើប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ។ អ្វីដែលលោក កឹម សុខា ត្រូវអនុវត្តនោះ គឺការរស់នៅក្នុងផ្ទះខ្លួន ដោយមិនអាចចេញឆ្ងាយពីទីតាំងលំនៅឋាននោះបានឡើយ។
ដីកាសម្រេចរបស់សម្រេចរបស់លោក គី ឫទ្ធី បានបញ្ជាក់ដូច្នេះថា៖«ក្រៅពីលំនៅឋានដែលមានទីតាំងស្ថិតនៅលើផ្លូវ៣១៣, (លោក កឹម សុខា) មិនត្រូវចេញក្រៅពីព្រំប្រទល់នៃដែនដី ដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨។ ព្រំប្រទល់នៃដែនដីនេះ មានភ្ជាប់ជាឧបសម្ព័ន្ធនៃដីកាសម្រេចនេះ។ ក្នុងករណីចំបាច់ ដោយសារហេតុផលសុខភាពដែលត្រូវចាកចេញពីព្រំប្រទល់ដែនដីនេះ ត្រូវរាយការណ៍សុំការអនុញ្ញាតពីក្រៅក្រមស៊ើបសួរ ឬក្រៅក្រមដែលមានសមត្ថកិច្ច»។
ចំពោះសកម្មភាពដែលពាក់ព័ន្ធនឹងរឿងនយោបាយ ក៏លោក កឹម សុខា ត្រូវចៀសឲ្យផុតផងដែរ។ ក្នុងន័យនេះលោក កឹម សុខា ត្រូវបានហាមជួបអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងបុគ្គលដែលអាចពាក់ព័ន្ធនឹងសំណុំរឿងឃុបឃិតជាមួយបរទេស។ សូម្បីតែជនបរទេស ក៏ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ មិនអាចជួបបានដែរ (ក្នុងករណីមានមន្ទិល លោក កឹម សុខា ត្រូវរាយការណ៍មកចៅក្រមស៊ើបសួរ ឬចៅក្រមដែលមានសមត្ថកិច្ច ដើម្បីសុំការអនុញ្ញាតទទួលជួបបុគ្គលណាមួយ)។ ហើយអ្វីដែលលោក កឹម សុខា ត្រូវបំពេញឲ្យបានត្រឹមត្រូវនោះ គឺការឆ្លើយតបតាមដីកាកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។
«មិនត្រូវធ្វើសកម្មភាពជួបជុំក្នុងគោលដៅនយោបាយ ឬសកម្មភាពនយោបាយផ្សេងទៀត»។ នេះជាលក្ខខណ្ឌរបស់លោក គី ឫទ្ធី ដែលបានបញ្ជាក់ថា បើសិនជាលោក កឹម សុខា គេចវេះដោយចេតនា ពីកាតព្វត្រួតពិនិត្យតាមផ្លូវតុលាការនោះ ចៅក្រមស៊ើបសួរអាចសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នបាន។
គួរបញ្ជាក់ថា ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ តាមរយៈបទចោទនេះ លោក កឹម សុខា ត្រូវបានតុលាការបន្តឃុំខ្លួនរយៈពេល១ឆ្នាំ ដើម្បីបន្តនីតិវិធីស៊ើបអង្កេតលើករណីខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com