ជាតិ
ក្រៅពី​រស់នៅ​ក្នុងផ្ទះ លោក កឹម សុខា មិនអាច​ជួប​អតីតថ្នាក់ដឹកនាំ​CNRP និង​ជនបរទេស​ឡើយ​
10, Sep 2018 , 2:13 pm        
រូបភាព
មន្ត្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ រង់ចាំជួបលោក កឹម សុខា នៅមុខផ្ទះ នៅព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨
មន្ត្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ រង់ចាំជួបលោក កឹម សុខា នៅមុខផ្ទះ នៅព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រៅពី​រស់នៅ​ក្នុងផ្ទះ​ខ្លួន លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ជួប​អតីត​ថ្នាក់ដឹកនាំ​បក្ស និង​ជនបរទេស​ណា​ម្នាក់ ក្នុងទិសដៅ​ដែល​សង្ស័យថា ធ្វើ​សកម្មភាព​នយោបាយ​បានឡើយ​។ នេះ​បើតាម​ដីកា​សម្រេច​របស់លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ ដែល​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។​


 
​លោក កឹម សុខា ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ កាលពី​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​៣ កញ្ញា​។ តាមរយៈ​ដីកា​សម្រេច​ដោះលែង​នៅក្រៅ​ឃុំ​នេះ តុលាការ​បានដាក់​លក្ខ​ខណ្ឌ​មួយចំនួន មកលើ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​។ អ្វីដែល​លោក កឹម សុខា ត្រូវអនុវត្ត​នោះ គឺ​ការរស់នៅ​ក្នុងផ្ទះ​ខ្លួន ដោយ​មិនអាច​ចេញ​ឆ្ងាយ​ពី​ទីតាំង​លំនៅឋាន​នោះបាន​ឡើយ​។​
 
​ដីកា​សម្រេច​របស់​សម្រេច​របស់លោក គី ឫទ្ធី បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រៅពី​លំនៅឋាន​ដែលមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​៣១៣, (​លោក កឹម សុខា​) មិនត្រូវ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨​។ ព្រំប្រទល់​នៃ​ដែនដី​នេះ មានភ្ជាប់​ជា​ឧបសម្ព័ន្ធ​នៃ​ដីកា​សម្រេច​នេះ​។ ក្នុងករណី​ចំ​បាច់ ដោយសារ​ហេតុផល​សុខភាព​ដែល​ត្រូវ​ចាក​ចេញពី​ព្រំប្រទល់​ដែនដី​នេះ ត្រូវ​រាយការណ៍​សុំ​ការអនុញ្ញាត​ពី​ក្រៅ​ក្រម​ស៊ើបសួរ ឬ​ក្រៅ​ក្រម​ដែលមាន​សមត្ថកិច្ច​»​។​
 
​ចំពោះ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ក៏​លោក កឹម សុខា ត្រូវ​ចៀស​ឲ្យ​ផុត​ផងដែរ​។ ក្នុងន័យនេះ​លោក កឹម សុខា ត្រូវបាន​ហាម​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ដែល​អាចពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃុបឃិត​ជាមួយ​បរទេស​។ សូម្បីតែ​ជនបរទេស ក៏​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ មិនអាច​ជួប​បានដែរ (​ក្នុងករណី​មាន​មន្ទិល លោក កឹម សុខា ត្រូវ​រាយការណ៍​មក​ចៅក្រម​ស៊ើបសួរ ឬ​ចៅក្រម​ដែលមាន​សមត្ថកិច្ច ដើម្បី​សុំ​ការអនុញ្ញាត​ទទួល​ជួប​បុគ្គល​ណាមួយ​)​។ ហើយ​អ្វីដែល​លោក កឹម សុខា ត្រូវបំពេញ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គឺ​ការឆ្លើយតប​តាម​ដីកា​កោះហៅ​ពី​គ្រប់​បុគ្គល ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​។​
 
«​មិន​ត្រូវធ្វើ​សកម្មភាព​ជួបជុំ​ក្នុង​គោលដៅ​នយោបាយ ឬ​សកម្មភាព​នយោបាយ​ផ្សេងទៀត​»​។ នេះ​ជា​លក្ខខណ្ឌ​របស់លោក គី ឫទ្ធី ដែល​បាន​បញ្ជាក់ថា បើសិនជា​លោក កឹម សុខា គេចវេះ​ដោយ​ចេតនា ពី​កាត​ព្វ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នោះ ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​បាន​។​
 
​គួរ​បញ្ជាក់ថា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ តាមរយៈ​បទ​ចោទ​នេះ លោក កឹម សុខា ត្រូវបាន​តុលាការ​បន្ត​ឃុំខ្លួន​រយៈពេល​១​ឆ្នាំ ដើម្បី​បន្ត​នីតិវិធី​ស៊ើបអង្កេត​លើ​ករណី​ខាងលើ​៕

Tag:
 កឹម សុខា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com