អន្តរជាតិ
​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​រង​ការចោទប្រកាន់ «​រឿង​លួច​ចម្លង​ស្នាដៃ​សិក្សា​»
14, Sep 2018 , 4:29 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​បាន​ចេញមុខ​ទាត់ចោល​ទាំង​ខឹងសម្បារ​ចំពោះ​រាល់​ការចោទប្រកាន់ថា លោក​បាន​លួចគំនិត​គេ​នៅ​ដាក់​ក្នុង​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់ខ្លួន​។ ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​នេះដែរ​កើតឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​សុខាភិបាល​របស់លោក​បាន​លា​ពី​តំណែង​ក្រោយ​មាន​របាយការណ៍​ចោទថា ការសិក្សា​របស់​មន្ត្រី​រូបនេះ​មាន​ភាពមិនប្រក្រតី​។​


 
​ភាពមិនប្រក្រតី​ក្នុងការ​សិក្សា​ក្លាយជា​រឿងចម្រូងចម្រាស និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​រង្គោះរង្គើ ប៉ុន្មាន​សប្តាហ៍​នេះ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​រដ្ឋមន្ត្រី​មួយរូប​បង្ខំចិត្ត​ចាក​ចេញពី​តំណែង​កាលពី​ចុង​សប្តាហ៍​មុន​ផង​។
 
​មន្ត្រីជាន់ខ្ពស់​នោះ​គឺ រដ្ឋមន្ត្រី​សុខាភិបាល​លោកស្រី  Carmen Monton ហើយ​លោកស្រី​លាលែង​ក្រោយ​សារព័ត៌មាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលថា លោកស្រី​បាន​លួចគំនិត​អ្នកដទៃ​ដាក់​ក្នុង និង​បាន​សញ្ញាបត្រ​ដោយ​មិនបាន​ចូលរៀន​។ 
 
​ដោយឡែក ក្រោយ​មាន​បញ្ហា​នេះ វា​មានការ​ចោទប្រកាន់​ផ្សេងទៀត​ចំពោះ​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Pedro Sanchez វិញ​ម្តងថា លោក​បាន​លួចគំនិត​អ្នកដទៃ​ដើម្បី​បំពេញ​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់ខ្លួន​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​រូបនេះ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តី៍​ទី ១៣ ខែកញ្ញា បាន​ប្រតិកម្ម​តប​នឹង​ការចោទប្រកាន់​ទាំង​ខឹងសម្បារ​ខ្លាំង​ផង ដោយ​ចាត់ទុក​ការផ្សព្វផ្សាយ​នោះ​ថា​ជា​រឿង​ខុស​ទាំងស្រុង​។ 
 
«​ព័ត៌មាន​ដែលមាន​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​ដែល​អះអាងថា វា​មាន​ការលួចចម្លង​គំនិត​នៅក្នុង​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់ខ្ញុំ គឺជា​រឿង​ខុស​ទាំងស្រុង​។ ខ្ញុំ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​ការពារ​កិត្តិយស និង​ភាពថ្លៃថ្នូរ​របស់ខ្ញុំ ប្រសិនបើ​អ្វីដែល​ត្រូវបាន​បោះ​ពុ​ម្ភ​ផ្សាយ​នោះ​មិនត្រូវ​បានកែតម្រូវ​ទេ​»​។   នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​។ 
 
​តាមពិតទៅ​លោក Pedro Sanchez ចង់​សំដៅលើ​ការចុះផ្សាយ​របស់​សារព័ត៌មាន ABC ដែល​អះអាងថា លោក​បាន​ចម្លង​គំនិត​គេ​ទាំងស្រុង​ដើម្បី​បង្កើត​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់ខ្លួន​។ អត្ថបទ​នេះ​បាន​អះអាងថា និក្ខេបបទ​របស់លោក​ផ្តោតលើ​ការច្នៃប្រឌិត​ក្នុង​នយោបាយ​ការទូត​សេដ្ឋកិច្ច​អេ​ស្ប៉ា​ញ និង​ត្រូវបាន​សរសេរ​ឡើង​កាលពី​ឆ្នាំ ២០១២ ពេល​លោក​ធ្វើជា​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ Camilo Jose Cela នោះ​មាន​កថាខណ្ឌ​ទាំងមូល​ដែល​ដកស្រង់​ចេញពី​អត្ថបទ​អ្នកសេដ្ឋកិច្ច​អេ​ស្ប៉ា​ញ មួយចំនួន និង​មាន​ខ្លះ​ជា​ផ្នែក​មួយ​នៃ​បទ​បញ្ហា​រដ្ឋាភិបាល​ផងដែរ​ដោយ​មិន​ផ្តល់​ប្រភព​។  
 
​ក្រៅពី ABC កាសែត​អភិ​រក្សា​អន​ឡាញ Ok Diario ក៏​ចោទប្រកាន់​លោក Sanchez ថា​លួច​ចម្លង​គំនិត​គេ​ដូចគ្នា​។​
 
​ប៉ុន្តែ​ខាង​សាកលវិទ្យាល័យ Camilo Jose Cela បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់ថា ខ្លួន​បាន​ត្រួតពិនិត្យ​និង វាយតម្លៃ​និក្ខេបបទ​របស់លោក Sanchez ហើយ​ខ្លួន​បាន​រកឃើញថា វា​ត្រូវបាន​សរសេរ​ឡើង​ដោយ​ផ្អែក​តាម​បទបញ្ញត្តិ​និង​ស្តងដា​ផ្ទៀងផ្ទាត់​របស់ខ្លួន​ត្រឹមត្រូវ​។ 
 
​យ៉ាងណាមិញ ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​គណបក្ស​កណ្តាល​និយម​លម្អៀង​ស្តាំ Ciudadanos លោក Albert Rivera បាន​ទទូច​ឲ្យ​នាយករដ្ឋមន្ត្រី​ដែល​មកពី​បក្ស​សង្គមនិយម បោះ​ពុ​ម្ភ​ផ្សាយ​និក្ខេបបទ​របស់ខ្លួន​ជា​សាធារណៈ​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ និង​ជា​ប្រយោជន៍​ដល់​សាធារណជន​ផង​។​
 
​បច្ចុប្បន្ន គេ​អាច​អាន​និក្ខេបបទ​នេះ​បាន​នៅតែ​ក្នុង​បណ្ណាល័យ សាកលវិទ្យាល័យ Camilo Jose Cela ប៉ុណ្ណោះ​ដោយ​វា​គ្មាន​នៅក្នុង​បណ្តាញ​អ៊ី​ធឺ​ណិ​ត​ឡើយ​។  ឆ្លើយតប​នឹង​បញ្ហា​នេះ លោក Sanchez ក៏បាន​សន្យា​បោះ​ពុ​ម្ភ​ផ្សាយ​និក្ខេបបទ​របស់លោក​តាម​អ៊ីនធឺណិត​នៅ​ថ្ងៃ​សុក្រ​ទី ១៤ ខែកញ្ញា​នេះដែរ​ដើម្បី​បំភ្លឺ​ឲ្យ​អស់​ក្តី​សង្ស័យ​។​
 
​បញ្ហា​លួច​ចម្លង​ក្នុង​ការសិក្សា​នេះ​ក្លាយជា​គ្រោះថ្នាក់​សម្រាប់​រដ្ឋាភិបាល​របស់លោក Sanchez ក្នុង​ពេលនេះ បន្ថែម​ពី​រឿង​ពុករលួយ​ដែល​កំពុង​ហ៊ុមព័ទ្ធ​រដ្ឋាភិបាល​របស់​លោក​ស្រាប់​នោះ​។ បច្ចុប្បន្ន​បក្ស​សង្គមនិយម​របស់លោក​មាន​អាសនៈ​ក្នុង​សភា​ត្រឹម ៨៤​ប៉ុណ្ណោះ​ក្នុងចំណោម​អាសនៈ ៣៥០​។ បក្ស​នេះ​មាន​អាសនៈ​តិច​បំផុត រាប់​ចាប់ពី​ប្រទេស​អេ​ស្ប៉ា​ញ​ត្រឡប់​ទៅរក​ផ្លូវ​ប្រជាធិបតេយ្យ​បន្ទាប់ពី​ការស្លាប់​របស់​មេដឹកនាំ​ផ្តាច់ការ Francisco Franco ក្នុង​ឆ្នាំ ១៩៧៥​នោះ​៕
 

Tag:
 អេ​ស្ប៉ា​ញ​
 ​លួច​ចម្លង​ស្នាដៃ​
  Pedro Sanchez
© រក្សាសិទ្ធិដោយ thmeythmey.com