អត្ថបទពាណិជ្ជកម្ម
សិក្ខាសាលា«ការតម្រង់ទិសលើមុខជំនាញនៅថ្នាក់ឧត្តមសិក្សា»បានរួមចំណែកបំភ្លឺផ្លូវសិស្សទើបជាប់បាក់ឌុប
× វិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន(CAM-ASEAN) បានរៀបចំសិក្ខាសាលាដ៏ធំមួយប្រចាំឆ្នាំ ស្តីពី«ការតម្រង់ទិសលើមុខជំនាញនៅថ្នាក់ឧត្តមសិក្សា» ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាសាលានេះ បានរៀបចំឡើង កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
ជាសិក្ខាសាលាលើកទី៤ ដែលវិទ្យាស្ថាន CAM-ASEAN បានរៀបចំឡើង។ បើតាម លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង តម្រង់ទិសដ៏ត្រឹមត្រូវជូនប្អូនៗដែលទើបតែនឹងជាប់បាក់ឌុប និងក៏ជាការផ្សារភ្ជាប់រវាងរៀមច្បងជំនាន់មុន ដែលជោគជ័យក្នុងជីវិត បានចូលរួមចែករំលែកទស្សនៈ និងបទពិសោធន៍ជោគជ័យ ជូនដល់ប្អូនៗដែលទើបតែប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិផងដែរ។ លោក ស៊ាង សុបញ្ញា បន្តថា៖«ខ្ញុំដឹងថាការប្រលងជាប់នេះ ជាកាដូដ៏សំខាន់បំផុតសម្រាប់ប្អូនៗទី១២ ប៉ុន្តែពេលនេះ ប្អូនៗត្រូវជ្រើសរើសជំនាញមួយ ដែលអាចដើរជាមួយប្អូនអស់មួយជីវិត។ ពិតណាស់សិក្ខាសាលាមួយនេះ នឹងជាចង្កៀងបំភ្លឺផ្លូវដ៏ត្រឹមត្រូវសម្រាប់ប្អូនៗ និងអាចកាត់បន្ថយហានិភ័យនាពេលខាងមុខ»។
សូមជម្រាបថា នៅក្នុងសិក្ខាសាលានេះ មានការចូលរួមពីវាគ្មិនដែលមានសមត្ថភាព និងចំណេះជំនាញច្បាស់លាស់ជាច្រើនរូប ដែលបានផ្ដល់ជាចំណេះដឹង ទស្សនៈ ក៏ដូចជាគន្លឹះផ្សេងៗជាច្រើនជូនដល់សិស្សានុសិស្សទាំងអស់ដែលបានចូលរួម។ ជាពិសេសជាការតម្រង់ទិសដ៏ត្រឹមត្រូវ សម្រាប់ប្អូនៗដែលទើបប្រលងជាប់ទី១២។
យុវតីមួយរូប ដែលទើបប្រឡងបាក់ឌុប និងទទួលបាននិទ្ទេស B បានបញ្ជាក់ថា រូបនាងមកចូលរួមក្នុងសិក្ខាសាលានេះ ព្រោះគេចង់ដឹងពីការត្រៀមខ្លួនសម្រាប់ថ្នាក់មហាវិទ្យាល័យ និងការជ្រើសរើសជំនាញមួយដ៏ត្រឹមត្រូវសម្រាប់អនាគត។ យុវតីមកពីរាជធានីភ្នំពេញរូបនេះ បន្តទៀតថា៖« សម្រាប់អ្នកផ្សេង គេប្រហែលជាដឹងថាខ្លួនឯងចង់ធ្វើអ្វីហើយ ប៉ុន្តែសម្រាប់ខ្ញុំនៅមិនទាន់ដឹងថាខ្លួន ឯងចង់ធ្វើអ្វីឲ្យប្រាកដនៅឡើយទេ។ ហេតុនេះទើបខ្ញុំចូលរួមសិក្ខានៅថ្ងៃនេះ ដើម្បីទទួលបានគន្លឹះ ឬជាយោបល់ផ្សេងៗពីវាគ្មិនជំនាញៗ ដើម្បីយកមកពិចារណា»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com