អន្តរជាតិ
កូរ៉េ​ទាំងពីរ ចុះ​កិច្ចព្រមព្រៀង​កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​តាម​ព្រំដែន​
19, Sep 2018 , 1:24 pm        
រូបភាព
ប្រមុខ​ការពារជាតិ​កូរ៉េ​ទាំងពីរ នៅ​ថ្ងៃទី​១៩ ខែកញ្ញា បាន​ចុះ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​មួយ សំដៅ​កាត់បន្ថយ​ភាព​តានតឹង និង​បញ្ចៀស​ការប៉ះទង្គិច​តាម​បណ្ដោយ​ព្រំដែន​កូរ៉េ​ទាំងពីរ​។ កិច្ចព្រមព្រៀង​នេះ គឺជា​លទ្ធផល​ដែល​កើតចេញពី​ចរចា​ខែមេសា​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដោយ​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ឯកភាពគ្នា​បញ្ច​ប់​សកម្មភាព​បង្កហេតុ​ទាំងអស់​នៅ​ព្រំដែន​។​

 
​នៅក្រោយ​ជំនួប​មេដឹកនាំ​កូរ៉េ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង សុង យ៉ុង​មូ និង​សម​ភាគី​កូរ៉េខាងជើង ណូ ក្វាង​ឈុ​ល បាន​កិច្ចព្រមព្រៀង​យោធា​មួយ​ដើម្បី​កាត់បន្ថយ​ជម្លោះព្រំដែន​។ ទោះជា​ព័ត៌មាន​លម្អិត​មិនទាន់​បញ្ចេញ​ក្ដី កិច្ចព្រមព្រៀង​នេះ មាន​គោលដៅ​បន្ធូរបន្ថយ​ស្ថានការណ៍​នៅតាម​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​មួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ខែមេសា​រវាង​កូរ៉េ​ទាំងពីរ ដែល​បាន​សន្យា​បញ្ឈប់​សកម្មភាព​អរិភាព​ដាក់គ្នា​ទៅវិញទៅមក និង​លុបបំបាត់​គ្រោះថ្នាក់​ដែល​អាច​បញ្ឆេះ​សង្គ្រាម​ផង​។​
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និយាយថា កូរ៉េ​ទាំងពីរ​នឹង​បង្កើត​គណៈកម្មាធិការ​យោធា​រួម​ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​។ 
 
​កន្លងមក យោធា​ភាគី​ទាំងពីរ​ធ្លាប់​ជួប​ជជែក​គ្នា​ជាច្រើនលើក​ដើម្បី​ជជែក​លើ​បញ្ហា​នេះ ក៏ដូចជា​វិធានការ​នានា​ដើម្បី​ឈានដល់​ការអនុវត្ត​តាម​សេចក្ដីថ្លែងការណ៍​ប៉ាន់​មុន​ជុម​។ ការដក​អាគារ​ត្រួតពិនិត្យ​តាម​ព្រំដែន ការអនុវត្ត​គម្រោង​កាយ​រក​គ្រោងឆ្អឹង​នៅ​តំបន់​គ្មាន​កងទ័ព និង​ការមិន​បំពាក់អាវុធ​នៅ​តំបន់​សន្តិសុខ​ក្នុងភូមិ​ប៉ាន់​មុន​ជុម​ជាដើម សុទ្ធតែ​ធ្លាប់​ត្រូវបាន​ជជែក​ដោយ​កូរ៉េ​ទាំងពីរ តែ​មិនទាន់មាន​លទ្ធផល​អ្វី​ទេ​។​
 
​ក្រៅពី​ព្រំដែន​គោក កិច្ចព្រមព្រៀង​ខាងលើនេះ ក៏​ទំនង​បញ្ចូល​ការបញ្ចៀស​គ្រោះថ្នាក់​នៅ​តំបន់​សមុទ្រ​ខាងលិច​ដែរ​។ តំបន់​សមុទ្រ​នេះ ស្ថិត​ក្បែរ​ខ្សែ​កំណត់​ខាងជើង​ដែលជា​ខ្សែ​ព្រំដែន​មិន​ផ្លូវការ​របស់​កូរ៉េ​ទាំងពីរ ហើយ​ដែល​តែងមាន​ការប៉ះទង្គិច​ជារឿយៗ​៕
 

Tag:
 InterKoreanSummit
  គីម ជុង​អ៊ុន មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com