អន្តរជាតិ
កូរ៉េទាំងពីរ ចុះកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងផ្នែកយោធាតាមព្រំដែន
×
ប្រមុខការពារជាតិកូរ៉េទាំងពីរ នៅថ្ងៃទី១៩ ខែកញ្ញា បានចុះកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ សំដៅកាត់បន្ថយភាពតានតឹង និងបញ្ចៀសការប៉ះទង្គិចតាមបណ្ដោយព្រំដែនកូរ៉េទាំងពីរ។ កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលដែលកើតចេញពីចរចាខែមេសារវាងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយមេដឹកនាំកូរ៉េទាំងពីរឯកភាពគ្នាបញ្ចប់សកម្មភាពបង្កហេតុទាំងអស់នៅព្រំដែន។
នៅក្រោយជំនួបមេដឹកនាំកូរ៉េនៅថ្ងៃទី១៩ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង សុង យ៉ុងមូ និងសមភាគីកូរ៉េខាងជើង ណូ ក្វាងឈុល បានកិច្ចព្រមព្រៀងយោធាមួយដើម្បីកាត់បន្ថយជម្លោះព្រំដែន។ ទោះជាព័ត៌មានលម្អិតមិនទាន់បញ្ចេញក្ដី កិច្ចព្រមព្រៀងនេះ មានគោលដៅបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ។
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងខែមេសារវាងកូរ៉េទាំងពីរ ដែលបានសន្យាបញ្ឈប់សកម្មភាពអរិភាពដាក់គ្នាទៅវិញទៅមក និងលុបបំបាត់គ្រោះថ្នាក់ដែលអាចបញ្ឆេះសង្គ្រាមផង។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និយាយថា កូរ៉េទាំងពីរនឹងបង្កើតគណៈកម្មាធិការយោធារួមដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ។
កន្លងមក យោធាភាគីទាំងពីរធ្លាប់ជួបជជែកគ្នាជាច្រើនលើកដើម្បីជជែកលើបញ្ហានេះ ក៏ដូចជាវិធានការនានាដើម្បីឈានដល់ការអនុវត្តតាមសេចក្ដីថ្លែងការណ៍ប៉ាន់មុនជុម។ ការដកអាគារត្រួតពិនិត្យតាមព្រំដែន ការអនុវត្តគម្រោងកាយរកគ្រោងឆ្អឹងនៅតំបន់គ្មានកងទ័ព និងការមិនបំពាក់អាវុធនៅតំបន់សន្តិសុខក្នុងភូមិប៉ាន់មុនជុមជាដើម សុទ្ធតែធ្លាប់ត្រូវបានជជែកដោយកូរ៉េទាំងពីរ តែមិនទាន់មានលទ្ធផលអ្វីទេ។
ក្រៅពីព្រំដែនគោក កិច្ចព្រមព្រៀងខាងលើនេះ ក៏ទំនងបញ្ចូលការបញ្ចៀសគ្រោះថ្នាក់នៅតំបន់សមុទ្រខាងលិចដែរ។ តំបន់សមុទ្រនេះ ស្ថិតក្បែរខ្សែកំណត់ខាងជើងដែលជាខ្សែព្រំដែនមិនផ្លូវការរបស់កូរ៉េទាំងពីរ ហើយដែលតែងមានការប៉ះទង្គិចជារឿយៗ៕
Tag:
InterKoreanSummit
គីម ជុងអ៊ុន មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com