ជាតិ
មន្ត្រីការទូតបែលហ្ស៊ិក ៖ កម្ពុជា គឺជាប្រទេសមានអំណោយផលជាងគេក្នុងតំបន់ សម្រាប់ការវិនិយោគ រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ កម្ពុជា គឺជាប្រទេសដែលមានស្ថិរភាព និងមានលក្ខណៈអំណោយផលជាងគេក្នុងតំបន់ សម្រាប់ការធ្វើធុរកិច្ច និងវិនិយោគ។ នេះជាការលើកឡើងរបស់មន្ត្រីការទូតបែលហ្ស៊ិក នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃទី២០ កញ្ញា។
ឯកអគ្គរាជទូតបែលហ្ស៊ិកប្រចាំកម្ពុជាលោក ហ្វីលីព គ្រីដេលកា និងលោក ហ្វីលីព កូអាទេស នាយកប្រតិបត្តិសភាពាណិជ្ជកម្មបែលហ្សិក-លុចហ្សំបួរ-ថៃ បានលើកដូចគ្នាអំពីលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិយាកាសវិនិយោគ ដែលគួរឱ្យទាក់ទាញ។ ជាមួយគ្នានេះបេសកជនទាំងពីរ បានអញ្ជើញរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ចូលរួមវេទិកាធុរកិច្ចកម្ពុជា-បែលហ្សិក ដែលគ្រោងរៀបចំនៅដើមខែធ្នូខាងមុខ ដើម្បីជំរុញកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរផង។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានឯកភាពចូលរួមវេទិកាធុរកិច្ចកម្ពុជា-បែលហ្សិក ខាងមុខនេះ។ បន្ថែមពីនេះលោក ប៉ាន សូរស័ក្តិ បានប្រាប់បេសកជនទាំងពីរថា កម្ពុជាមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ រួមទាំងគោលនយោបាយវិនិយោគ និងគោលការណ៍លើកទឹកចិត្តផ្សេងៗចំពោះវិនិយោគិនបរទេស។ ទាំងនេះ គឺជាចក្ខុវិស័យរដ្ឋាភិបាល ក្នុងការកៀងគរអ្នកវិនិយោគមកកម្ពុជា។
ត្រង់ចំណុចនេះលោក ប៉ាន សូរស័ក្តិ បានលើកឡើងពីអត្ថប្រយោជន៍តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម Techno Park ប្រាប់មន្ត្រីការទូតទាំងពីរថា តំបន់សេដ្ឋកិច្ចនេះ បានអនុញ្ញាតឲ្យក្រុមហ៊ុន អាចផលិតគ្រឿងផ្គុំរថយន្ត ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ ដែលផ្តល់ដោយប្រទេសចំនួន ៣២ រួមទាំងសហគមន៍អឺរ៉ុបផង។
បច្ចុប្បន្នរដ្ឋាភិបាល កំពុងប្រែក្លាយខ្លួន ឲ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ។ ហើយកម្ពុជាក៏កំពុងត្រៀមខ្លួន ដើម្បីទប់ទល់ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
គួរបញ្ជាក់ថា កម្ពុជា និងបែលហ្ស៊ិក បានភ្ជាប់ទំនាក់ទំនងការទូតគ្នាឡើងវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩២។ បច្ចុប្បន្នប្រទេសទាំងពីរ បានក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានកំពុងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ រយៈ៧ខែ ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានចំនួន២៩២លានដុល្លារអាមេរិក។ ចំណែកឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីនេះ សម្រេចបាន ៤១១លានដុល្លារអាមេរិក។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕
Tag:
ប៉ាន សូរស័ក្តិ
ពាណិជ្ជកម្ម
បែលហ្ស៊ិក
© រក្សាសិទ្ធិដោយ thmeythmey.com